លោក Zelenskyy កំពុង​ស្វះស្វែង​រក​ជំនួយ​កាន់តែ​ច្រើន​ឡើង​ពី​អឺរ៉ុប

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់ Kharkiv ដែល​ហែកហួរ​ទៅ​ដោយ​សង្គ្រាម ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២។ (Ukrainian Presidential Press Office via AP)

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy មាន​គម្រោង​ថ្លែង​សុន្ទរកថា​ទៅកាន់​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅពេល​ដែល​លោកខិតខំ​ស្វែងរក​ជំនួយកាន់តែ​ច្រើន​ឡើង​ពី​អឺរ៉ុប​និង​ដាក់​សម្ពាធ​លើ​ប្រទេស​រុស្ស៊ី​ឱ្យ​បញ្ចប់​ការឈ្លានពាន​របស់​ខ្លួន។

ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក Charles Michel បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​មុន​សម័យ​ប្រជុំ​ដែល​មាន​រយៈពេល២ថ្ងៃ​ថា អ៊ុយក្រែន​កំពុង​បង្ហាញ«ភាព​អង់អាច​ក្លាហាននិងសេចក្តី​ថ្លៃថ្នូរ​មិន​គួរ​ឱ្យ​ជឿ​នៅ​ក្នុង​ការប្រឈម​ការឈ្លានពាន​និង​ភាព​ព្រៃផ្សៃ​របស់​រុស្ស៊ី។

លោក Michel បាន​និយាយ​ថា៖ «ភាព​បន្ទាន់​បំផុត​មួយ​ក្នុង​ចំណោម​ភាពបន្ទាន់​បំផុត​នានា​របស់​យើង រួមជាមួយ​ដៃគូ​អន្តរជាតិ គឺ​ជួយ​អ៊ុយក្រែន​នូវ​អ្វី​ដែល​ខ្លួន​ត្រូវការ​ជា​បន្ទាន់។ យើង ក៏​នឹង​ពិភាក្សា​ថា តើត្រូវ​រៀបចំ​ការជួយ​ការគាំទ្រ​របស់​យើង​ក្នុង​ការស្ថាបនាប្រទេស​អ៊ុយក្រែន​ឡើង​វិញ​យ៉ាង​ដូចម្តេច​ឱ្យ​បាន​ល្អ​ដែល​ជា​កិច្ចខំប្រឹងប្រែង​សាកល​ដ៏​សំខាន់​មួយ​ដែល​នឹង​ត្រូវ​កសាង​ប្រទេស​នេះ​ឡើង​វិញ»។

លោក Michel មាន​ប្រសាសន៍​ទៀត​ថា ជំនួប​នោះនឹង​រួម​បញ្ចូល​ទាំង​សុន្ទរកថា​ស្តីពី​ការឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​ដែល​ជាប់​ទាក់ទិន​នឹង​ជម្លោះ​ហើយ​នឹង​តម្រូវការ​ដើម្បី«បង្កើន​អន្តរកាល​នៃ​ថាមពល​របស់​យើង»ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​លើ​ប្រេង​ឥន្ធនៈ​របស់​រុស្ស៊ី ​និង​ពិភាក្សា​វិធី​នានា​ដើម្បី​ដោះស្រាយបញ្ហា​នៃ​សន្តិសុខ​ម្ហូបអាហារ ​និង​តម្លៃ​ទំនិញ​ឡើង​ថ្លៃ ផង​ដែរ។

ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ដោយ​កងទ័ព​រុស្ស៊ី​កំពុង​ធ្វើ​ការវាយ​ប្រហារ​យ៉ាង​ខ្លាំង​លើ​ទីក្រុង Sievierodonetsk ដែល​ជាទីក្រុងគ្រប់គ្រងចុងក្រោយ​ដោយ​អ៊ុយក្រែន ​នៅ​ក្នុង​តំបន់ Luhansk

នោះ លោកZelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា ការកាន់កាប់​ទីក្រុង​នោះ«ជា​ភារៈកិច្ច​ដ៏​សំខាន់​មួយ​សម្រាប់​ពួក​ឈ្លានពាន»ហើយ​គឺ​ថា អ៊ុយក្រែន​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​អាច​ដើម្បី​ទប់​ទល់​នឹងការរុល​ទៅមុខ​របស់​កងទ័ព​រុស្ស៊ី។

លោកZelenskyyបាន​និយាយ​ទៀត​ថា ការវាយ​ប្រហារ​របស់​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ខូចខាត​អាគារ​នៅ​ក្នុង​ទីក្រុងSievierodonetsk ចំនួន​៩០ភាគរយ កាត់ផ្តាច់​ប្រព័ន្ធទូរគមនាគមន៍​និង​បំផ្លាញផ្ទះ​សម្បែង​របស់​ទីក្រុង​នេះអស់​ជាង២ភាគ៣។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​ប្រាប់​ទូរទស្សន៍​បារាំង FT1 កាលពី​ថ្ងៃ​អាទិត្យ​ថា«អាទិភាពដែលគ្មាន​លក្ខខណ្ឌ​របស់​រុស្ស៊ី​ គឺ​ការរំដោះ​តំបន់ Donetsk និង Luhansk»។ លោក​បាន​និយាយ​ទៀត​ថា រុស្ស៊ី​ចាត់ទុក​តំបន់​ទាំង២នោះ​ជា«រដ្ឋ​ឯករាជ្យ»៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP​ ទីភ្នាក់ងារ​ព័ត៌មាន AFPនិងទីភ្នាក់ងារ​ព័ត៌មាន Reuters។