លោក Zelenskyy និយាយ​ថា ផ្លូវ​តែ​មួយ​គត់​​ក្នុង​ការ​ចរចា​​ជាមួយ​រុស្ស៊ី​ គឺ​ការ​និយាយ​ដោយ​ផ្ទាល់​ជា​មួយ​លោក Putin

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky ថ្លែង​ចូលរួម​តាម​វីដេអូ​​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទី​ក្រុង Davos ប្រទេស​ស៊្វីស​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​នឹង​បើក​ចំហ​សម្រាប់​ការ​ចរចាជាមួយ​ប្រទេស​រុស្ស៊ី ក៏ប៉ុន្តែ​ជា​ការ​ពិភាក្សាគ្នា​ដោយ​ផ្ទាល់​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​គឺ​លោក Vladimir Putin ។

ថ្លែងតាម​រយៈ​វីដេអូនៅ​ក្នុង​វេទិកាសេដ្ឋកិច្ច​ពិភពលោក លោកZelenskyy បាន​និយាយ​ថា វា​មាន​សក្តានុពលក្នុងការ​ស្វែងរក​ដំណោះស្រាយ​តាម​វិធីការ​ទូត​លើ​ជម្លោះ​ដែល​កំពុង​កើត​មាន​នៅក្នុង​ប្រទេស​អ៊ុយក្រែន ប្រសិន​បើលោកPutin «យល់​ពី​ស្ថានភាព​ជាក់​ស្តែង​នោះ»។

លោក Zelenskyy បាន​បន្ថែម​ទៀត​ថា ជំហាន​ដំបូង​ឆ្ពោះ​ទៅកាន់​ការ​ពិភាក្សាជាមួយរុស្ស៊ី​នោះ​គឺ​ថា រុស្ស៊ី​ត្រូវ​ដក​កងទ័ព​របស់​ខ្លួនទៅ​កាន់​ទីតាំងដែល​ខ្លួន​ធ្លាប់​ឈរជើង មុន​ពេល​ចូល​ឈ្លានពាន​អ៊ុយក្រែន​កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ​ជា​មុន​សិន។

គេ​នៅ​មិន​ទាន់ឃើញ​មាន​សញ្ញា​ណា​មួយ​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​បញ្ចប់ជម្លោះ​ក្នុង​រយៈពេលប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះ​នៅ​ឡើយទេ ដោយ​ភាគី​ទាំង​ពីរ​បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញទៅ​មក​ពី​ការ​គ្មាន​ឆន្ទៈ​ក្នុងការជួប​ចរចាគ្នា។

ស្រប​ពេល​ដែល​កងទ័ព​រុស្ស៊ី​កំពុង​ធ្វើការ​វាយ​ប្រហារទៅ​លើ​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ដែល​ក្នុង​នោះ​រួម​មានទីក្រុង Severodonetsk ក្នុង​តំបន់ Luhansk ផងនោះ ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន​លោក Mykhailo Podolyak បាន​ជំរុញ​ឱ្យរដ្ឋាភិបាល​បរទេស​ចាត់​វិធានការលើ​ប្រទេស​រុស្ស៊ី​ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធ​របស់​ខ្លួននៅក្នុង​ប្រទេស​អ៊ុយក្រែន។

លោក Podolyak បាន​បង្ហោះ​សារ​ក្នុង Twitter ដែល​មាន​ខ្លឹម​សារ​ថា៖ «ថ្ងៃ​នេះ អនាគត​នៃទ្វីប​អឺរ៉ុប​មិនត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ព្រុចសែល​ឬ​ដាវ៉ូស​នោះ​ឡើយ។ វា​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​លេណដ្ឋាន​ជិត​ទីក្រុង Severodonetsk និង​ទីក្រុង Bakhmut ក្នុង​ប្រទេស​អ៊ុយក្រែន។ រយៈពេល​នៃ​សង្គ្រាម​នេះ​គឺ​វា​អាស្រ័យ​លើល្បឿននៃ​ការ​ដាក់​ទណ្ឌកម្ម​ខាងថាមពលប្រឆាំង​នឹង​រុស្ស៊ី​និង​ការ​ផ្គត់ផ្គង់​អាវុធ​មក​ឱ្យ​អ៊ុយក្រែន។ តើ​អ្នក​ចង់​បញ្ចប់​សង្គ្រាម​ឬ​អត់? កូនសោ​ឆ្ពោះ​ទៅ​រក​សន្តិភាព​ កំពុង​ស្ថិត​នៅក្នុងរដ្ឋធានី​របស់លោក​អ្នក»៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters