លោក Zelenskyy រិះគន់​លើ​ការ​លើក​ឡើង​របស់​សម្ដេច​ប៉ាប Francis ដែល​ចង់​ឱ្យ​អ៊ុយក្រែន​មាន​«សេចក្តី​ក្លាហាន​ចរចា»

រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងនៅក្នុងសន្និសីទរួមមួយជាមួយ​ប្រធានាធិបតីតួកគី នៅទីក្រុង Istanbul ប្រទេសតួកគី កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​រិះគន់​ដោយ​ប្រយោល​លើ​ការ​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​របស់​សម្ដេច​ប៉ាប Francis ដែល​ថា អ៊ុយក្រែន​គួរតែ​ «មាន​សេចក្ដី​ក្លាហាន​ក្នុង​ការ​លើក​ទង់ជ័យ​ស» ដែល​មាន​ន័យ​ថា អ៊ុយក្រែន​គួរតែ​ចរចា​ជាមួយ​នឹង​រុស្ស៊ី​ក្រោយ​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​ជាង​២​ឆ្នាំ​កន្លង​មក​នេះ។

នៅ​ក្នុង​ការថ្លែង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​អាទិត្យ លោក Zelenskyy បាន​អរគុណ​ថ្នាក់ដឹកនាំ​សាសនា​អ៊ុយក្រែន​ដែល​នៅ​សមរភូមិ​មុខ​ «ការពារ​ជីវិត​និង​មនុស្ស​ជាតិ» ​និង​អ្នក​ដែល​បង្ហាញ​ការ​គាំទ្រ​តាម​រយៈ​ការ«បន់ស្រន់ ​ការសន្ទនា ​និង​អំពើ​ល្អ»។

លោក​បាន​និយាយ​ថា៖ «នេះ​ជា​អ្វី​ដែល​វិហារ​គ្រិស្ដ​សាសនា​គួរ​ធ្វើ​ដោយ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ។ មិន​មែន​ស្ថិត​នៅ​ចម្ងាយ ២.៥០០ គីឡូម៉ែត្រ​ឆ្ងាយ​ពី​ទីនេះ ហើយ​ចង់​អធិដ្ឋាន​ពី​ចម្ងាយឲ្យអ្នក​ដែល​ចង់​មាន​ដង្ហើម​បន្ត​រស់នៅ​និង​អ្នក​ដែល​ចង់​បំផ្លាញ​គេ​នោះទេ»។ ការ​ថ្លែង​របស់​លោក Zelenskyy នេះ​គឺ​ចង់​សំដៅ​លើ​ការ​លើកឡើង​របស់​សម្ដេច​ប៉ាប Francis ក្នុង​អំឡុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ RSI ​របស់​ស្វីស។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba ក៏​បាន​រិះគន់​ផងដែរ​លើ​ការ​លើកឡើង​របស់​សម្ដេច​ប៉ាប Francis នេះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អនឡាញ ដោយ​បាន​និយាយ​ថា «ទង់ជាតិ​របស់​យើង​គឺ​ពណ៌​លឿង​និង​ខៀវ។ នេះ​គឺ​ជា​ទង់ជាតិ​ដែល​យើង​នឹង​ស្លាប់រស់​ជាមួយ។ យើង​នឹង​មិន​លើក​ទង់​ណា​មួយ​ផ្សេង​ទៀត​ទេ»។ លោក​បាន​សច្ចា​ថា​នឹង​មិន​ចុះចាញ់​ជា​ដាច់ខាត។
លោក Kuleba បាន​ស្នើ​ឱ្យ​សម្ដេច​ប៉ាប Francis ឈរ «នៅ​ជ្រុង​ល្អ» និង​មិន​ត្រូវ​ចាត់ទុក​ភាគី​ម្ខាង​ទៀត​ថា «មាន​ឋានៈ​ស្មើ​គ្នា​និង​ហៅ​ការ​ធ្វើ​ដូច្នេះ​ថា​ជា​ការ​ចរចា​នោះទេ»។

លោក​ក៏​បាន​អរគុណ​ផងដែរ​ដល់​សម្ដេច​ប៉ាប Francis ​សម្រាប់​«ការ​បន់ស្រន់​ជា​បន្ត​ដើម្បី​សន្តិភាព» និង​បាន​និយាយ​ថា ​អ៊ុយក្រែន​សង្ឃឹម​ថា​ព្រះអង្គ​នឹង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​ទៅ​អ៊ុយក្រែន។

អ្នក​នាំពាក្យ​វិមាន​វ៉ាទីកង់​លោក Matteo Bruni បាន​ឆ្លើយតប​ចំពោះ​ការ​រិះគន់​នេះ​ដោយ​និយាយ​ថា សម្ដេច​ប៉ាប​ Francis ​បាន​ជំរុញ​ឱ្យ​មាន​ «ការ​បញ្ឈប់​អរិភាព [និង] ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ដែល​សម្រេច​ឡើង​តាម​រយៈ​ភាព​ក្លាហាន​និង​ការ​ចរចា» ​ជាជាង​ការ​ចុះចាញ់​ទាំងស្រុង​របស់​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters, AP និង​ AFP