ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា លោកពិចារណាផ្លាស់ប្តូរតំណែងមន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងវិស័យផ្សេងៗមិនត្រឹមតែនៅក្នុងវិស័យយោធាប៉ុណ្ណោះទេដើម្បីតែងតាំងមន្ត្រីល្អបំផុតឱ្យដឹកនាំប្រទេសអ៊ុយក្រែន។
នៅក្នុងកិច្ចសម្ភាសន៍មួយដែលផ្សព្វផ្សាយដោយទូរទស្សន៍ RAI របស់អ៊ីតាលីកាលពីថ្ងៃអាទិត្យ លោក Zelenskyy បាននិយាយថា «ការរៀបចំឡើងវិញគឺចាំបាច់»។ លោកលើកឡើងដូច្នេះនៅពេលដែលលោកពិចារណាថាតើនរណាអាចជាមន្ត្រីល្អបំផុតនៅក្នុងការដឹកនាំវិស័យផ្សេងៗនៅក្នុងប្រទេសអ៊ុយក្រែន។
លោកថ្លែងដូច្នេះថា៖ «ខ្ញុំកំពុងនិយាយអំពីការផ្លាស់ប្តូរតំណែងថ្នាក់ដឹកនាំរដ្ឋមួយចំនួនធំ មិនត្រឹមតែនៅក្នុងវិស័យយោធាប៉ុណ្ណោះទេ។ ខ្ញុំកំពុងគិតអំពីការផ្លាស់ប្តូរតំណែងនេះ … ដែលជាសំណួរសម្រាប់ការដឹកនាំទាំងមូលលើប្រទេសអ៊ុយក្រែន»។
ពាក្យចចាមអារ៉ាមកំពុងលេចឡើងថា លោក Zelenskyy ជិតដកតំណែងលោកនាយឧត្តមសេនីយ៍ Valerii Zaluzhnyi ដែលជាមេបញ្ជាការយោធាកំពូលរបស់លោក។ បើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters គេឃើញថាលោក Zelenskyy និងលោក Zaluzhnyi មានការខ្វែងគំនិតគ្នាទាក់ទិននឹងទិសដៅនៃសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
កាលពីខែវិច្ឆិកាឆ្នាំមុន លោក Zelenskyy បានបន្ទោសលោក Zaluzhnyi ថាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយរបស់បស្ចិមប្រទេសថា សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានឈានដល់ដំណាក់កាលថ្មីនៃការពង្រេចពង្រឹល។
ប៉ុន្តែ ការដកតំណែងលោក Zaluzhnyi ដែលគេនិយមហៅថា «នាយឧត្តមសេនីយ៍ដែក» នេះអាចប៉ះពាល់ដល់ទឹកចិត្តទាហានអ៊ុយក្រែនដែលកំពុងប្រយុទ្ធនឹងកងទ័ពរុស្ស៊ីដែលបំពាក់ដោយសព្វាវុធជាច្រើនដើម្បីឈរជើងនៅតាមខ្សែបន្ទាត់សមរភូមិជួរមុខប្រវែងជាង ១.០០០ គីឡូម៉ែត្រ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
កាលពីព្រឹកថ្ងៃអាទិត្យ លោក Zelenskyy បានទៅសួរសុខទុក្ខទាហានអ៊ុយក្រែននៅសមរភូមិភាគអាគ្នេយ៍៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។