ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ចប់ទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ដោយការថ្លែងសុន្ទរកថាពោរពេញដោយការរំជួលចិត្តនៅពីមុខសភាទាំងពីរថ្នាក់របស់សហរដ្ឋអាមេរិក ដោយលោកបាននិយាយថា ការតស៊ូរបស់ប្រទេសអ៊ុយក្រែន «នឹងកំណត់អំពីពិភពលោកមួយដែលកូនៗនិងចៅៗរបស់យើងនឹងរស់នៅ»។
លោក Zelenskyy បានបញ្ជាក់ថា៖ «ទោះបីជាមើលទៅហាក់មិនអាចទៅរួចនិងស្ថិតក្នុងស្ថានភាពអស់សង្ឃឹមក៏ដោយ ក៏ប្រទេសអ៊ុយក្រែនមិនបានដួលនោះទេ។ អ៊ុយក្រែនគឺនៅរស់និងមានភាពរស់រវើក»។
លោក Zelenskyy ដែលថ្លែងជាភាសាអង់គ្លេសនៅក្នុងសុន្ទរកថារបស់លោក បានអរគុណសហរដ្ឋអាមេរិកសម្រាប់ការផ្គត់ផ្គង់សព្វាវុធនិងហិរញ្ញវត្ថុ។
លោកបានធានាចំពោះសភាអាមេរិកថា៖ «ថវិការបស់អ្នកមិនមែនជាការធ្វើទានទេ។ វាគឺជាការវិនិយោគលើផ្នែកសន្តិសុខនិងលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោក ដែលយើងធ្វើឡើងតាមវិធីដែលមានការទទួលខុសត្រូវខ្ពស់បំផុត»។
លោក Zelenskyy បាននិយាយថា បើទោះបីជាប្រទេសរុស្ស៊ីមានប្រៀបផ្នែកកាំភ្លើងធំ គ្រាប់រំសេវ មីស៊ីល និងយន្តហោះចម្បាំងក៏ដោយ ក៏ «កងកម្លាំងការពាររបស់យើងនៅតែឈររឹងមាំ» ដដែល។
លោកបានបន្ថែមថា៖ «អ៊ុយក្រែននៅរក្សាគោលជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ហើយនឹងមិនចុះចាញ់នោះឡើយ»។
លោក Zelenskyy បានបញ្ចប់សុន្ទរកថារបស់លោកដោយបង្ហាញជូនសភាអាមេរិកនូវទង់ជាតិអ៊ុយក្រែនមួយនៅក្នុងសង្គ្រាមដែលលោកទទួលបានពីកងកម្លាំងការពារអ៊ុយក្រែននៃទីក្រុង Bakhmut នៅភាគខាងកើតអ៊ុយក្រែន។ តំបន់ភាគខាងកើតអ៊ុយក្រែននេះគឺជាកន្លែងដែលកងទ័ពអ៊ុយក្រែនបានប្រឡូកនៅក្នុងការប្រយុទ្ធដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនខែជាមួយនឹងកងទ័ពរុស្ស៊ី។
ជាការតបត្រឡប់មកវិញ ប្រធានរដ្ឋសភាអាមេរិកអ្នកស្រី Nancy Pelosi បានប្រគល់ជូនលោកនូវទង់ជាតិសហរដ្ឋអាមេរិកដែលបានបង្ហោះពីលើសភាអាមេរិកកាលពីថ្ងៃពុធ។
កាលពីព្រឹកថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានស្វាគមន៍លោក Zelenskyy មកកាន់សេតវិមាន។ ដំណើរទស្សនកិច្ចរបស់លោក Zelenskyy នេះគឺជាទស្សនកិច្ចលើកដំបូងបង្អស់របស់លោកទៅក្រៅប្រទេសតាំងពីពេលដែលរុស្ស៊ីបានបើកការឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈមក។
លោក Biden បាននិយាយថា ប្រជាពលរដ្ឋអាមេរិកាំង «បានឈរយ៉ាងមានមោទនភាព» ជាមួយនឹងប្រជាពលរដ្ឋអ៊ុយក្រែន។
លោក Biden បានបន្ថែមថា៖ «គណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋរួមជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងនៅទ្វីបអឺរ៉ុបនិងប្រទេសជប៉ុននិងកន្លែងផ្សេងៗទៀតធ្វើយ៉ាងណាធានាថាអ្នកទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ មនុស្សធម៌ និងសន្តិសុខដែលត្រូវការ» ដោយលោកបានកត់សម្គាល់ថា វាមានរយៈពេល ៣០០ ថ្ងៃហើយតាំងពីពេលដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបើក «ការវាយប្រហារដ៏ឃោរឃៅលើសិទ្ធិរបស់ប្រទេសអ៊ុយក្រែននៅក្នុងការរស់រានជាជាតិមួយ»។
លោក Zelenskyy បានថ្លែងអំណរគុណលោក Biden «អស់ពីដួងចិត្ត» របស់លោកនិងរបស់ «ពលរដ្ឋអ៊ុយក្រែនទាំងអស់» សម្រាប់ការគាំទ្ររបស់គណបក្សទាំងពីររបស់សហរដ្ឋអាមេរិក។
លោក Zelenskyy ក៏បានប្រគល់ជូនលោក Biden នូវមេដាយ Cross for Military Merit ដែលជាកម្មសិទ្ធិរបស់ទាហានអ៊ុយក្រែនម្នាក់ដែលជាមេដឹកនាំក្រុមកងកម្លាំងប្រព័ន្ធបាញ់រ៉ុក្កែត HIMARS ដែលផ្ដល់ជូនដោយសហរដ្ឋអាមេរិក។ ទាហានរូបនោះបានស្នើឱ្យលោក Zelenskyy ប្រគល់មេដាយនេះជូនលោក Biden ដែលទាហានរូបនោះហៅថាជា «ប្រធានាធិបតីដ៏អង់អាចក្លាហាន»។
នៅពេលទទួលយកមេដាយនោះ លោក Biden បាននិយាយថា លោក «មិនសមនឹងទទួលបានមេដាយនេះទេ» ប៉ុន្តែលោក «សូមសម្ដែងការដឹងគុណយ៉ាងខ្លាំង» ចំពោះការទទួលបានមេដាយនេះ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។