មេដឹកនាំនានាមកពីជុំវិញពិភពលោកនឹងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិចាប់ពីថ្ងៃអង្គារនេះទៅ ដោយក្នុងនោះរួមមានទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ផងដែរ។
លោក Zelenskyy នឹងបង្ហាញខ្លួនជាលើកដំបូងបង្អស់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិនេះតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានប្រទេសរបស់លោកនៅដើមឆ្នាំ ២០២២ មក។
លោក Zelenskyy បានប្រាប់អ្នកកាសែតនៅថ្ងៃអង្គារនេះ នៅពេលដែលលោកបានទៅទស្សនាមន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុង New York ដែលនៅទីនោះទាហានអ៊ុយក្រែនបានទទួលការព្យាបាលកាត់អវៈយវៈ ថា៖ «សម្រាប់ពួកយើង វាមានសារៈសំខាន់ណាស់ដែលដៃគូនានារបស់យើងនឹងអាចឮពាក្យសម្ដីនិងសារទាំងអស់របស់យើង»។
លោក Zelenskyy បាននិយាយមុនពេលលោកនឹងថ្លែងសុន្ទរកថាថា អ៊ុយក្រែននឹងស្នើសំណើមួយ «អំពីវិធីពង្រឹងគោលការណ៍បូរណភាពទឹកដីនិងលើកកម្ពស់សមត្ថភាពរបស់អង្គការសហប្រជាជាតិនៅក្នុងការរារាំងនិងបញ្ឈប់ភាពគឃ្លើនឈ្លានពាន»។
នៅក្រោយការថ្លែងសុន្ទរកថារបស់លោក លោក Zelenskyy គ្រោងនឹងចូលរួមក្នុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃពុធស្អែកអំពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន។ រុស្ស៊ីគឺជាសមាជិកមួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសិទ្ធិបោះឆ្នោតវេតូ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។