ប្រធានាធិបតីប្រទេសអ៊ុយក្រែនលោក Volodymyr Zelenskiy ទៅបំពេញទស្សនកិច្ចនៅសេតវិមាននៅថ្ងៃពុធដើម្បីចរចាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលនេះជាដំណើរទស្សនកិច្ចមួយដែលបានគ្រោងធ្វើអស់រយៈពេល២ឆ្នាំកន្លងទៅ ហើយបានពន្យារពេលមួយថ្ងៃដោយសារការប្រជុំពិគ្រោះយោបល់ស្តីពីព្រឹត្តិការណ៍នានានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលសហរដ្ឋអាមេរិកបាននិយាយថា សារនៅពីក្រោយនៃដំណើរទស្សនកិច្ចនោះគឺការតាំងចិត្តរបស់«សហរដ្ឋអាមេរិក»ដល់អធិបតេយ្យភាព បូរណភាពទឹក ដីអ៊ុយក្រែន និងស្មារតីអឺរ៉ុបនិងមហាសមុទ្រអាត្លង់ទិក។
ក្រុមមន្ត្រីនោះបានប្រាប់ពួកអ្នកយកព័ត៌មានថា របៀបវារៈនោះ រួមមានបញ្ហាសន្តិសុខ ថាមពល និងគោលនយោបាយបរិស្ថាន និងការខំប្រឹងប្រែងប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសអ៊ុយក្រែន។
ក្រុមមន្ត្រីនោះ ក៏បាននិយាយផងដែរថា ភាគីទាំង២ នឹងប្រកាសកិច្ចព្រមព្រៀងជាច្រើន រួម មានការជួយឧបត្ថម្ភខាងសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន ជំនួយមនុស្សធម៌សម្រាប់អ្នកដែល«រងផលប៉ះពាល់ដោយវិបត្តិជាមួយរុស្ស៊ីនៅក្នុងតំបន់ខាងកើត» និងជំនួយប្រឆាំងវីរុសកូរ៉ូណា។
ក្នុងអំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតី Donald Trump អ្នកតំណាងលោក Trump បានដាក់ការគាបសង្កត់លើប្រទេសអ៊ុយក្រែន ឲ្យបើកការស៊ើបអង្កេតសកម្មភាពនានាដែលទាក់ ទិននឹងកូនប្រុសរបស់លោក Joe Biden ដែលកាលនោះជាបេក្ខជនប្រធានាធិបតីអាមេរិក។
ឧបទ្ទវហេតុនេះបាននាំឲ្យមានការប្តឹងចោទប្រកាន់ប្រធានាធិបតី Trump លើកទីមួយដោយរដ្ឋសភានិងមានការប៉ះពាល់ទំនាក់ទំនងខាងនយោបាយជាមួយអ៊ុយក្រែន។
ពួកអ្នកវិភាគនយោបាយ និយាយថា ទាំងបញ្ហាប្រឈមនិងឱកាស នឹងកើតមានឡើងនៅក្នុងជំនួបរវាងលោកប្រធានាធិបតី Biden និងលោក Zelenskiy នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោក Oksana Markarova ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅសហរដ្ឋអាមេរិក បានសម្តែងនូវសុទិដ្ឋិនិយមអំពីដំណើរទស្សនកិច្ចនេះ ដោយនិយាយថា ដំណើរទស្សនកិច្ចនេះបញ្ជូនសារដ៏មានសារៈសំខាន់មួយអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ុយក្រែន៕