បណ្ដាញសហគមន៍ព្រៃឡង់ និងក្រុមយុវជនបានឱ្យដឹងថា ពួកគេបន្ដរកឃើញការកាប់បំផ្លាញព្រៃឈើចំនួនជាង១០០ករណី ដែលបង្កជាការព្រួយបារម្ភបន្ថែមសម្រាប់អ្នកធ្វើការលើវិស័យនេះ។ ពួកគេជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់បង្រ្កាបបទល្មើសព្រៃឈើ។
ក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រុមយុវជនល្បាតស្ម័គ្រចិត្តជាមួយបណ្តាញសហគមន៍ព្រៃឡង់បានរកឃើញបទល្មើស១២៩ករណី សកម្មភាពចល័តគោយន្តចំនួន៥គ្រឿងចូលទៅក្នុងតំបន់ព្រៃឡង់ដើម្បីកាប់ឈើ ហើយប្រទះឃើញទីតាំងទន្ទ្រានយកដីចំនួន៣កន្លែង នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ។ នេះបើតាមរបាយការណ៍របស់ពួកគេចេញផ្សាយកាលពីពេលថ្មីៗនេះ។
បើតាមរបាយការណ៍ ដើមឈើដែលត្រូវបានរកឃើញថា មានការកាប់បំផ្លាញនោះ ភាគច្រើនគឺជាដើមឈ្លីក សុក្រម ស្រឡៅ និងឈើទាល។ បន្ថែមពីនេះ ក៏នៅមានដើមឈើផ្សេងទៀតដែលត្រូវបានកាប់បំផ្លាញផងដែរ ដូចជាត្រសេក ខ្វាវ និងដើមប្រាំដំឡឹង។
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា លើកឡើងថា ការរកឃើញទាំងនេះបង្ហាញថា ការកាប់បំផ្លាញព្រៃឈើនៅតែបន្ដមានឥតស្រាកស្រាន្ត។ លោករិះគន់ថា នេះជាកម្សោយរបស់អាជ្ញាធរ ក្រសួង និងមន្ដ្រីពាក់ព័ន្ធដែលខ្វះការយកចិត្តទុកដាក់ និងការចាត់វិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់។
លោកប្រាប់វីអូអេថា៖ «ខ្ញុំយល់ថាបើប្រៀបនឹងរកឃើញការបង្រ្កាបរបស់អាជ្ញាធរជាតិ កាលពីប៉ុន្មានថ្ងៃមុនដែលរកឃើញជាង៣០០ម៉ែត្រគុបនេះ បានថាជាភស្តុតាងជាក់លាក់ដែលយើងអាចមើលឃើញថាបទល្មើសព្រៃឈើនេះ នៅតែកើតមានឡើង ដោយសារតែភាពធ្វេសប្រហែសការមិនយកចិត្តទុកដាក់ កង្វះការទទួលខុសត្រូវរបស់អាជ្ញាធរតាមមូលដ្ឋានជំនាញ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀតតាមមូលដ្ឋាន ដែលបណ្ដែតបណ្ដោយឱ្យមានការបំផ្លាញព្រៃឈើនេះ ហើយវាជាការឆ្លុះបញ្ចាំងឱ្យឃើញថានិរន្ដរភាពធនធានធម្មជាតិនៅកម្ពុជា មានភាពផុយស្រួយ»។
លោកបន្ថែមថា រដ្ឋាភិបាលត្រូវកំណត់អត្តសញ្ញាណ និងដាក់ទណ្ឌកម្មជនទាំងឡាយណាដែលកាប់បំផ្លាញព្រៃឈើ ប្រព្រឹត្តអំពើពុករលួយ និងធ្វើអាជីវកម្មព្រៃឈើ ជាពិសេសក្រុមហ៊ុនធំៗ។
លោកបន្ថែមថា៖ «ក្នុងនាមជាអ្នកជំនាញក៏អំពាវនាវដល់រដ្ឋាភិបាលជាតិឱ្យដោះស្រាយបញ្ហានេះឱ្យបានល្អបំផុត ហើយជាពិសេសស្វែងរកជនទាំងឡាយណាដែលកាប់បំផ្លាញព្រៃឈើ អ្នកប្រព្រឹត្តអំពើពុករលួយហើយអ្នកបណ្ដែតបណ្ដោយឱ្យមានការកាប់បំផ្លាញព្រៃឈើនេះត្រូវតែទទួលខុសត្រូវមុខច្បាប់ឱ្យខានតែបាន»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាក្រសួងបានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការនានា ដើម្បីការពារធនធានធម្មជាតិ។
លោកថ្លែងថា៖ «ក្រសួង ឧទ្យានុរក្ស បន្ដកិច្ចខំប្រឹងប្រែងការពារ និងអភិរក្សធនធានធម្មជាតិ ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បាននៅឡើយទេ។
គួរបញ្ជាក់ថាព្រៃឡង់មានផ្ទៃដីប្រមាណ៥០ម៉ឺនហិកតា គ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាព្រៃធំជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារនៅក្នុងឆ្នាំ២០១៦៕
ភ្នំពេញ —