យុវជនម្នាក់ដែលជាសមាជិកក្រុមខ្មែរថាវរៈ គឺលោក ថា ឡាវី នៅព្រឹកថ្ងៃច័ន្ទនេះ ត្រូវបានចាប់ខ្លួននៅពេលលោកធ្វើដំណើរមកចូលរួមការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ ដែលត្រូវបានហ៊ុមព័ទ្ធដោយអាជ្ញាធរមិនឲ្យមានការប្រមូលផ្តុំតវ៉ា។
ការប្រមូលផ្តុំត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ មិនអនុញ្ញាត ដោយសារក្រុមសន្តិសុខខណ្ឌអះអាងថា គ្មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ដែលមិនបានយល់ព្រមតាមការស្នើសុំរបស់ក្រុមយុវជនក្នុងការប្រមូលផ្តុំធ្វើបាតុកម្មដោយសន្តិវិធី។
បន្ទាប់ពីការបដិសេធរបស់អាជ្ញាធរខណ្ឌឫស្សីកែវ មិនឲ្យប្រមូលផ្តុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យនោះក្រុមអ្នកតវ៉ាជាង៤០នាក់ ដែលមានទាំងយុវជន កុមារ និងមនុស្សវ័យចំណាស់ផងនោះបាននាំគ្នាដើរដោយថ្មើរជើងពីទីលានប្រជាធិបតេយ្យមកប្រមូលផ្តុំគ្នានៅមុខស្ថានទូតសហរដ្ឋអាមេរិក ទីដែលតំណាងអ្នកតវ៉ាពីរនាក់បានយកញត្តិមួយដាក់ជូនមន្ត្រីស្ថានទូត។
កញ្ញា សូ មេត្តា អាយុ៣១ឆ្នាំ សមាជិកក្រុមខ្មែរថាវរៈ ប្រាប់វីអូអេថា កញ្ញាមិនទាន់ដឹងថា កម្លាំងសន្តិសុខបាននាំខ្លួនលោកថា ឡាវី ទៅកាន់ទីណានោះទេខណៈលោកត្រូវបានចាប់ខ្លួន នៅចំពេលអ្នកតវ៉ាឯទៀតធ្វើដំណើរឆ្ពោះមកទីលានប្រជាធិបេតយ្យ។
«ឡាវីគេបានចាប់តាំងពីព្រឹកមិញម្ល៉េះបង។ តាំងពីម៉ោងប្រាំពីរ ប្រាំបីម្ល៉េះ អីចឹងយើងមិនទាន់ដឹងច្បាស់ថាគេចាប់គាត់ហ្នឹងយកទៅដាក់ទីណាទេ ដោយសារពួកខ្ញុំហ្នឹង ឆ្ពោះមកទីលានប្រជាធិបតេយ្យ»។
យុវតីដែលជាសមាជិកក្រុមខ្មែរថាវរៈរូបនេះ និយាយថា ការសម្រេចមកដាក់ញត្តិជូនស្ថានទូតអាមេរិកនេះមានបំណងចង់ឲ្យប្រទេសមហាអំណាចមួយនេះ បានដឹងអំពីស្ថានភាពចុងក្រោយនៅប្រទេសកម្ពុជាដែលកញ្ញាថា សិទ្ធិរបស់ពលរដ្ឋត្រូវបានអាជ្ញាធរគាបសង្កត់កាន់តែខ្លាំងឡើង។
«យើងបានរៀបរាប់ពីទុក្ខកង្វល់ នៅក្នុងប្រទេសកម្ពុជារបស់យើង ការរំលោភបំពានសិទ្ធិប្រជាពលរដ្ឋក្នុងការសម្តែងមតិការបំបិទសិទ្ធិប្រជាពលរដ្ឋមិនឲ្យសម្តែងមតិ ការចាប់ចងប្រជាពលរដ្ឋ ជាពិសេសថ្មីៗនេះ គេចាប់ក្រុមយុវជនជាបន្តបន្ទាប់»។
បើតាមការបញ្ជាក់ពីសមាជិកក្រុមខ្មែរថាវរៈជាច្រើននាក់ទៀតមានយុវជនមួយរូបឈ្មោះលោក មាន ព្រហ្មមុនី ជាអនុប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ តាមបទចោទ«ញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ លោក មាន ព្រហ្មមុនីគឺស្ថិតក្នុងចំណោមតំណាងក្រុមអ្នកតវ៉ា៣នាក់ដែលបានស្នើសុំការអនុញ្ញាតពីរដ្ឋបាលសាលារាជធានីភ្នំពេញដើម្បីធ្វើការតវ៉ានៅទីលានប្រជាធិបតេយ្យ។ តំណាងអ្នកតវ៉ាពីរនាក់ផ្សេងទៀតគឺលោកថា ឡាវី និងកញ្ញាអេង ម៉ាឡៃ។
ដោយឡែក ព្រះតេជគុណ កើត សារ៉ាយ ស្ថាបនិកក្រុមខ្មែរថាវរៈក៏ត្រូវបានអាជ្ញាធរ និងមន្ត្រីសង្ឃឃាត់ព្រះកាយនៅពេលដំណាលគ្នាជាមួយលោកមាន ព្រហ្មមុនី។
នៅក្នុងការប្រឈមមុខគ្នារបស់ក្រុមអ្នកតវ៉ានិងអាជ្ញាធរ ដែលរួមមានក្រុមប្រជាការពារ និងកម្លាំងសនិ្តសុខចម្រុះជាច្រើននាក់ទៀត នៅក្បែរទីលានប្រជាធិបតេយ្យថ្មីក្នុងខណ្ឌឫស្សីកែវនោះតំណាងក្រុមអ្នកតវ៉ាមួយរូប គឺលោក មួង សុភ័ក្ត្រ បានព្យាយាមសុំការអនុញ្ញាតពីកងកម្លាំងអាជ្ញាធរខណ្ឌ ដើម្បីបានចូលទៅកាន់ទីលានប្រជាធិបតេយ្យប៉ុន្តែតំណាងអាជ្ញាធរមួយរូបបានប្រកែកជាច្រើនដង ដោយថាក្រុមអ្នកតវ៉ាមិនបានទទួលការអនុញ្ញាតពីសាលារាជធានីភ្នំពេញ និងស្នើឲ្យអ្នកតវ៉ាទៅសុំការអនុញ្ញាតពីសាលាខណ្ឌឫស្សីកែវ។
លោក មួង សុភ័ក្រ្ត និយាយថា លោកទទួលយកមិនបានទេនៅពេលដែលអាជ្ញាធរហាមឃាត់ការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យនោះ។
«ទទួលយកអត់បានទេ ព្រោះគាត់យោងច្បាប់ យោងអត់អស់ហើយ គាត់មិនអនុវត្តទៅតាមសិទ្ធិកតិកាសិទ្ធិមនុស្ស ទីក្រុងប៉ារីស»។
ទាំងលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ ជុំវិញការមិនអនុញ្ញាតឲ្យអ្នកតវ៉ាទៅប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យទេ ដោយបានបង្វែរសំណួរទៅសាលារាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយលោក សាន សុខសីហា មានប្រសាសន៍ថារហូតមកដល់នេះពេល លោកមិនទាន់មានព័ត៌មាន ទាក់ទងនឹងការចាប់ខ្លួនលោក ថា ឡាវី និងការបាត់ព្រះកាយព្រះតេជគុណ កើត សារ៉ាយទេ។
«ខ្ញុំបានបញ្ជាក់រួចហើយបង ខ្ញុំអត់ទាន់បានទទួលព័ត៌មានលើករណីហ្នឹងទេ។ ខ្ញុំបាន...មានតែករណីមួយកាលពីម្សិលមិញហ្នឹងគឺម្សិលមិញ[ពេល] ថ្ងៃហ្នឹងគឺលោក មាន ព្រហ្មមុនី ហ្នឹង មានមួយករណីហ្នឹង តាមដីកាតុលាការ។ ក្រោយមកទៀត ព័ត៌មានផ្សេងទៀត ខ្ញុំអត់ទាន់បានទទួលនៅឡើយទេ»។
លោក អ៊ី រិន អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ ប្រាប់VOAនៅរសៀលថ្ងៃច័ន្ទនេះថា លោកមាន ព្រហ្មមុនីកំពុងត្រូវបានសួរនាំនៅតុលាការ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រាប់វីអូអេនៅថ្ងៃច័ន្ទនេះថាលោក ថា ឡាវី ពេលនេះ កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ ហើយព្រះអង្គកើត សារ៉ាយ នៅពេលនេះកំពុងគង់នៅវត្តស្ទឹងមានជ័យ។
លោកមិនទាន់អាចបញ្ជាក់បានថាតើព្រះអង្គ កើត សារ៉ាយ ពេលនេះ កំពុងប្រឈមនឹងចំណាត់ការបែបណាតាមវិន័យសង្ឃនោះទេ។ យ៉ាងណាក៏ដោយ លោក អំ សំអាត និយាយថា ការរារាំងមិនឲ្យសម្តែងមតិនៅទីលានប្រជាធិបតេយ្យនោះចោទជាសំណួរអំពីការប្រើប្រាស់សិទ្ធិតវ៉ាដោយសន្តិវិធីរបស់ពលរដ្ឋ ពីព្រោះពួកគេបានជូនដំណឹងដល់អាជ្ញាធរ។
«នៅពេលដែលជូនដំណឹងហើយ មិនអនុញ្ញាតឲ្យធ្វើទៀត តើហេតុផលអីទៅទៀត?អាហ្នឹងគឺយើងនៅតែឆ្ងល់ថា តើហេតុផលអី?»
សាលារាជធានីភ្នំពេញបានជូនដំណឹងទៅក្រុមអ្នកតវ៉ាតាមលិខិតមួយចុះថ្ងៃទី២ ខែកញ្ញាថា រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ ដោយសារតំណាងក្រុមអ្នកតវ៉ាមិនបញ្ជាក់អំពីសមាសភាព និងចំនួនអ្នកចូលរួមឲ្យបានជាក់លាក់ ដែល«អាចជាដើមហេតុនាំឲ្យគ្រោះថ្នាក់ណាមួយ ឬអាចប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធា្នប់សាធារណៈ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានទេ។
លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាប្រាប់វីអូអេតាមសារអ៊ីម៉ែលថាស្ថានទូតបានឃើញញត្តិរបស់ក្រុមអ្នកតវ៉ា ហើយស្នើឲ្យរដ្ឋាភិបាលកម្ពុជាសម្រួលឲ្យមានការជជែកគ្នាដោយចំហរវាងភាគីពាក់ព័ន្ធ។
លោកបញ្ជាក់តាមន័យដើមថា៖ «សហរដ្ឋអាមេរិកតែងតែគាំទ្រសិទ្ធិសម្រាប់ការបញ្ចេញមតិ និងការជួបជុំ ហើយសហរដ្ឋអាមេរិកព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនពលរដ្ឋកម្ពុជា ដែលកំពុងព្យាយាមប្រើសិទ្ធិសេរីភាពទាំងនេះ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថាការកៀរគរកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិមិនមានប្រយោជន៍តាមច្បាប់ សម្រាប់គាំទ្រឲ្យមានការដោះលែងអ្នកជាប់ឃុំនោះទេ។
«ការដាក់ញត្តិអីហ្នឹង គឺជាសិទ្ធិរបស់គាត់ទេ ក៏ប៉ុន្តែគាត់ដឹងច្បាស់ហើយ ជាទិដ្ឋភាពផ្លូវច្បាប់វាមិនអាចទៅរួចទេក៏ប៉ុន្តែគាត់នៅតែធ្វើដោយសារអានេះ វាជារបៀបវារៈនយោបាយ និងដើម្បីកេងចំណេញផ្នែកនយោបាយតែប៉ុណ្ណោះឯង»។
ក្នុងការតវ៉ាទាមទារឲ្យដោះលែងលោករ៉ុង ឈុនកន្លងមក សកម្មជនពីរនាក់នៃក្រុមខ្មែរថាវរៈ គឺលោក ហ៊ុន វណ្ណៈ និងកញ្ញាឈឿន ដារ៉ាវី ត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ហើយពេលនេះ ពួកគេកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំសវនាការ។
មកដល់ល្ងាចថ្ងៃច័ន្ទនេះកញ្ញាអេង ម៉ាឡៃ ហៅសូមេត្តា ត្រូវបានមន្ត្រីនគរបាលឃាត់ខ្លួននៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ក្រោមបទចោទញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ក្នុងបទល្មើសដូចគ្នានេះមន្ត្រីនគរបាលខេត្តត្បូងឃ្មុំក៏បានឃាត់ខ្លួនលោកគង់ សំអានអតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកមេមត់ផងដែរ។ នេះបើតាមការបញ្ជាក់ របស់លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នៅថ្ងៃច័ន្ទនេះដែរក្រសួងមហាផ្ទៃបានលើកឡើងក្នុងសេចក្តីប្រកាសមួយថាអាជ្ញាធរបានចាត់វិធានការច្បាប់ លើក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតាធម្មជាតិ ដោយសារពួកគេបានធ្វើសកម្មភាពខុសច្បាប់។ក្រសួងអះអាងថាក្រុមទាំងពីរមិនបានចុះឈ្មោះក្នុងបញ្ជីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃទេ។ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យចូលរួមក្នុងសកម្មភាពខុសច្បាប់របស់ក្រុមទាំងនេះ៕