នៅថ្ងៃពុធនេះ លោក Yoshihide Suga ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន។ អតីតរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះត្រូវគេរំពឹងថានឹងបន្តអនុវត្តគោលនយោបាយដែលបង្កើតឡើងដោយលោក Shinzo Abe ដែលទើបលាលែងពីតំណែងជានាយករដ្ឋមន្ត្រី។
លោក Suga អាយុ ៧១ ឆ្នាំ បានឱនគោរព នៅពេលដែលសមាជិករដ្ឋសភាទះដៃអបអរសាទរជ័យជម្នះរបស់លោក ប៉ុន្តែលោកមិនបានបញ្ចេញមតិអ្វីទាំងអស់នៅពេលនោះ។
គណៈរដ្ឋមន្ត្រីថ្មីរបស់លោក Suga ត្រូវបានប្រកាសភ្លាមៗក្រោយការបោះឆ្នោតនេះ ដែលរដ្ឋមន្ត្រីមួយចំនួននៅរក្សាតំណែងដដែល ដែលក្នុងនោះមានទាំងរដ្ឋមន្ត្រីក្រសួងការបរទេសលោក Toshimitsu Motegi និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Taro Aso ផងដែរ។
លោក Nobuo Kishi ប្អូនប្រុសរបស់លោក Abe ដែលត្រូវបានពូរបស់លោកយកទៅចិញ្ចឹមតាំងពីកុមារ និងបានប្រើត្រកូលរបស់ពូលោក ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួសលោក Taro Kono ដែលបានផ្លាស់ទៅកាន់តំណែងជារដ្ឋមន្ត្រីកំណែទម្រង់រដ្ឋបាល៕