រដ្ឋមន្ត្រីហិរញ្ញវត្ថុស.រ.អ.លោកស្រី Janet Yellen ព្យាយាមធ្វើឱ្យមានការស្ងប់ស្ងៀមនៅក្រោយបរាជ័យរបស់ធនាគារក្នុងតំបន់ ដោយលោកស្រីបាននិយាយថាប្រព័ន្ធធនាគារស.រ.អ.មាន«សភាពល្អប្រសើរ» តែថាការជួយសង្គ្រោះបន្ថែមទៀត«អាចត្រូវធ្វើ»ប្រសិនបើបរាជ័យថ្មីៗនៃស្ថាប័នតូចៗដាក់ឱ្យមានការប្រថុយប្រថាននាំឱ្យមានអស្ថិរភាពហិរញ្ញវត្ថុ។
លោកស្រី Yellen ដែលបានថ្លែងនៅឯសមាគមធនាគារិកអាមេរិកាំងកាលពីថ្ងៃអង្គារបានមានប្រសាសន៍ថា«ស្ថានភាពទូទៅមានស្ថិរភាព»។
លោកស្រី Yellen បាននិយាយថា«ហើយប្រព័ន្ធធនាគារស.រ.អ.នៅតែល្អប្រសើរ»។ កំណត់សម្គាល់របស់លោកស្រីមានឡើងក្រោយពីធនាគារមួយចំនួនមានវិបត្តិនៅខែនេះ។
ធនាគារ Silicon Valley Bank នៅក្រុង Santa Clara រដ្ឋ California បរាជ័យកាលពីថ្ងៃទី១០ ខែមីនាបន្ទាប់ពីក្រុមអ្នកដាក់ប្រាក់បញ្ញើក្នុងធនាគារនេះប្រញាប់ប្រញាល់ដកប្រាក់ចេញដោយសារមានកង្វល់អំពីស្ថានភាពនៃធនាគារនេះ។ នេះជាការរលំធនាគារធំបំផុតទីពីរក្នុងប្រវត្តិសាស្ត្រស.រ.អ.។ ក្រុមនិយ័តករបានប្រជុំគ្នានៅដំណាច់សប្តាហ៍បន្ទាប់ហើយបានប្រកាសថាធនាគារ Signature Bank មានមូលដ្ឋាននៅរដ្ឋ New York ក៏បរាជ័យដែរ។ ក្រុមនិយ័តករបាននិយាយថាអ្នកដាក់ប្រាក់បញ្ញើទាំងអស់ក្នុងធនាគារទាំងពីរនេះ មានរួមទាំងអ្នកដាក់ប្រាក់លើសពី២៥០.០០០ដុល្លារផងនឹងត្រូវការពារដោយការធានារ៉ាប់រងប្រាក់បញ្ញើក្នុងធនាគារដោយរដ្ឋាភិបាលសហព័ន្ធ។
ហើយកាលពីសប្តាហ៍មុន ធនាគារទីបីគឺធនាគារ First Republic Bank មានមូលដ្ឋានក្នុងក្រុង San Francisco ត្រូវបានពង្រឹងដោយទឹកប្រាក់៣០ពាន់លានដុល្លារអង្គាសដោយធនាគារស.រ.អ.ធំៗចំនួន១១នៅក្នុងការប៉ុនប៉ងបញ្ចៀសកុំឱ្យធនាគារនេះរលំ។
នៅពេលនេះរដ្ឋាភិបាលបានប្តេជ្ញាធ្វើឱ្យមានទំនុកចិត្តពីសាធារណជនឡើងវិញដល់ប្រព័ន្ធធនាគារនិងបញ្ជៀសកុំឱ្យមានចលាចលបែបនេះថែមទៀត។ ក្រសួងយុត្តិធម៌និងគណៈកម្មការខាងភាគហ៊ុននិងការប្តូរប្រាក់បានបើកធ្វើការស៊ើបអង្កេតអំពីការរលំធនាគារ Silicon Valley Bank ហើយលោកប្រធានាធិបតី Joe Biden បានអំពាវនាវដល់សភាឱ្យពង្រឹងបទបញ្ញត្តិអំពីធនាគារតំបន់ និងដាក់ពិន័យតឹងរ៉ឹងលើពួកអ្នកកាន់កាប់កិច្ចការប្រតិបត្តិរបស់ធនាគារបរាជ័យទាំងនេះ៕