រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​ជំរុញ​ឱ្យ​ទប់​តម្លៃ​ប្រេង​របស់​រុស្ស៊ី​នៅ​លើ​ទីផ្សារ​សាកលលោក​

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Nusa Dua កោះបាលីនៃប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២។

សហរដ្ឋ​អាមេរិក​កំពុង​ដាក់​គំនាប​ឱ្យ​អនុវត្ត​ផែនការ​មួយ ​ដែល​ជាវិធី​បង្ខំ​ឱ្យ​ប្រទេស​រុស្ស៊ីលក់​ប្រេង​ក្នុង​តម្លៃ​ថោក​នៅ​លើ​ទីផ្សារ​សាកល​លោក​ ដើម្បី​កាត់បន្ថយ​ថវិកា​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ដោយសារតែ​ការ​ធ្វើ​សង្គ្រាម​របស់រុស្ស៊ីនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​

ថ្លែង​នៅឯ​សន្និសីទ​កាសែត​នៅ​លើ​កោះ​បាលី​ ប្រទេស​ឥណ្ឌូណេស៊ី​ មុនពេល​ចាប់​ផ្តើម​ជំនួប​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​២០​ ឬ​ G-20 ​លោកស្រី ​Janet Yellen ​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបញ្ជាក់​ឡើង​វិញ​នូវ​ការ​ថ្កោលទោស​របស់​រដ្ឋបាល​លោក ​Biden ​ប្រឆាំងការឈ្លានពាន​របស់​រុស្ស៊ីលើ​អ៊ុយក្រែន។ ​

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ​ការ​កាត់​បន្ថយ​ប្រាក់​ចំណេញពី​ការលក់​ប្រេង​របស់​រុស្ស៊ី​នេះ​ នឹង​កាត់បន្ថយ​ចំណូល​ចាំបាច់របស់លោក​ប្រធានាធិបតី​ Vladimir Putin ​សម្រាប់​ក្បាល​ម៉ាស៊ីន​សង្គ្រាម​របស់​លោក។

លោកស្រី​ក៏​បាន​លើក​ហេតុផល​ថា ​ការ​ទប់​តម្លៃ​ប្រេងរុស្ស៊ី​នឹង​ជួយគោល​បំណងក្នុង​ប្រទេស​ដ៏​សំខាន់​មួយ​របស់​រដ្ឋបាល​លោក ​Biden ​គឺ​កាត់បន្ថយ​អតិផរណា។​

លោកស្រី​បានថ្លែង​ថា​៖ «ការ​ទប់​តម្លៃ​ប្រេងរុស្ស៊ី​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​យើង​ ដើម្បី​ដោះស្រាយ​ការ​ឈឺ​ចាប់​របស់​ពលរដ្ឋ​អាមេរិកាំង​និង​ក្រុម​គ្រួសារ​នៅ​ទូទាំង​ពិភពលោក នៅពេលពួកគេ​ទៅចាក់ស្ថានីយ​ប្រេង​ឥន្ធនៈដល់រថយន្តរបស់ពួកគេ ​និង​ទិញទំនិញហាង​លក់​គ្រឿងទេស​នៅពេល​ឥឡូវ​នេះ»។​

ទោះ​ជាយ៉ាង​ណាក៏ដោយ ​ក៏ផែនការ​ទប់​តម្លៃ​ប្រេង​នេះ​ពឹងផ្អែក​លើ​យន្តការ​ដ៏​ស្មុគ្រស្មាញ​ ដែល​មិន​ត្រូវបាន​ព្យាយាម​ធ្វើ​កាលពី​ពេល​មុន ​ហើយ​អ្នក​ជំនាញ​ខ្លះក្នុង​ទីផ្សារ​ថាមពល​ពិភពលោក​ បាន​និយាយ​ថា ​ពួក​គេ​ជឿ​ថា ​ផែនការ​នេះ​នឹង​មិនបាន​ផល​ទេ។

ផែនការ​ដែល​លោកស្រី ​Yellen ​កំពុង​ស្នើ​នោះ​ គឺ​ភ្ជាប់​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញ​វត្ថុ​ថ្មី​ដែល​សហភាព​អឺរ៉ុប ​ចក្រភព​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក​ កំពុង​ប្រុង​ប្រៀប​ដាក់លើ​ប្រទេស​រុស្ស៊ី។​

ដើម្បី​នាំ​ប្រេងឆៅ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ រុស្ស៊ី​ពឹង​ផ្អែក​លើ​ការ​ផ្ទេរប្រាក់​ផ្សេងៗ​ជាមួយ​ម្ចាស់​កម្ចី​អន្តរជាតិ ​ក្រុមហ៊ុន​ដឹក​ជញ្ជូន ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង។ ​ផែនការ​នៅពេល​បច្ចុប្បន្ន​នេះ​គឺ​កាត់​ផ្តាច់​រុស្ស៊ី​ចេញពី​សេវា​កម្ម​ទាំង​នេះ ​ដែល​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ។ ​

តាមទ្រឹស្តី​នេះ​ រុស្ស៊ី​នឹង​មិន​អាច​នាំចេញ​ប្រេង​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ ហើយ​កាន់តែ​លំបាក​នៅ​ថ្ងៃ​អនាគត៕