អាជ្ញាធរក្នុងតំបន់ Xinjiang ដែលស្ថិតនៅភាគខាងលិចប្រទេសចិន បានបើកឡើងវិញទីតាំងមួយចំនួននៅក្នុងទីក្រុង Urumqi បន្ទាប់ពីពលរដ្ឋមួយចំនួនបានធ្វើបាតុកម្មរហូតដល់យប់ជ្រៅ ប្រឆាំងទៅនឹងការបិទខ្ទប់បង្ការកុំឱ្យមានជំងឺកូវីដ១៩របស់អាជ្ញាធរក្រុង ដែលមានរយៈពេលជាង៣ខែកន្លងទៅនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ការបង្ហាញការប្រឆាំងជាសាធារណៈរបស់ពលរដ្ឋចិននៅក្នុងតំបន់នោះ កើតមានឡើង ក្រោយពីមានកំហឹងដោយសារអគ្គិភ័យក្នុងអគារលំនៅដ្ឋានមួយកន្លែង ដែលបានសម្លាប់មនុស្ស១០នាក់។ នេះបើតាមស្ថិតិអ្នកស្លាប់សរុបផ្លូវការដែលបានប្រកាសឱ្យដឹង។
ក្រុមអ្នកជួយសង្គ្រោះបានប្រើពេលប្រមាណ៣ម៉ោង ដើម្បីពន្លត់អគ្គីភ័យឆាបឆេះនោះ ដែលត្រូវបានពន្យារពេល ដោយសារតែឧបសគ្គពាក់ព័ន្ធនឹងវិធានការការពារជំងឺកូវីដ១៩នោះ។
ទ្វារផ្ទះរបស់ពលរដ្ឋក្នុងទីក្រុង Urumqi មួយចំនួនត្រូវបានគេចាក់ច្រវាក់ពីក្រៅ។ អ្នករស់នៅក្នុងទីក្រុងជាច្រើនជឿថា ទង្វើនេះជាមូលហេតុដែលបានរារាំងពួកគេមិនអាចរត់ចេញទៅក្រៅបាន នៅពេលដែលមានភ្លើងឆេះក្នុងអគារស្នាក់នៅកាលពីថ្ងៃសុក្រកន្លងទៅ ហើយថាចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យនោះ មានលើសពីចំនួនផ្លូវការដែលគេបានប្រកាស៕