ប្រធានា​ធិបតី​ចិន ស៊ី ​ជីនពីង​បាន​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​ទំរាំ​ឡើង​កាន់​អំណាច​កំពូល

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (រូប​កណ្តាល) ថ្លែង​ទៅ​កាន់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុង​ក្រុង Lima ប្រទេស​បេរ៉ូ កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

តាំង​ពី​ក្លាយ​ជា​មេដឹកនាំ​តូចតាច​មួយ ​រហូត​ដល់​ប្រធានាធិបតី ​ការ​តែងតាំង​សារ​ជា​ថ្មី​ឲ្យ​ប្រធានា​ធិបតី​ចិនស៊ី ជីនពីង កាន់​តំណែង​រយៈ​ពេល​៥ឆ្នាំទៀត​ជា​មេដឹកនាំ​គណបក្ស​កុម្មុយនិស្ត​កាល​ពី​ថ្ងៃ​ពុធ​ជា​កម្រិត​ខ្ពស់​បំផុត​ទៅ​កាន់​ការ​កាន់​អំណាច។

លោក ស៊ី​ បានកើត​នៅ​ឆ្នាំ​១៩៥៣ ​ដែល​មាន​ឪពុក​ឈ្មោះ Xi Zhongxun ​ជា​បិតា​បង្កើត​គណបក្ស​កុម្មុយនិស្ត​ចិន​ម្នាក់ យុវជន​ ស៊ី​ បាន​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​អស់រយៈ​ពេល​៧ឆ្នាំ​នៅ​ភូមិ Liangjiahe ​ដែល​ជា​ភូមិ​ដាច់​ស្រយាល​មួយ​ក្នុង​អំឡុង​នៃ​បដិវត្តន៍​វប្បធម៌ ​បន្ទាប់​ពី​ឪពុក​របស់​លោក​បាន​ត្រូវ​គេ​កម្ចាត់​ចេញ​ពី​គណបក្ស​ហើយ​ត្រូវ​បាន​ជាប់​ពន្ធនាគារ។

​លោក ​ស៊ី​ បាន​នៅរស់​រាន​មាន​ជី​វិត​ពី​បទពិសោធន៍​ដ៏​ជូរចត់​នេះ​ហើយ​បាន​ចូល​សិក្សា​នៅ​សាកល​វិទ្យាល័យ Tsinghua ​ដែល​នៅ​ទី​នោះលោក​បាន​ទទួល​សញ្ញាប័ត្រ​ខាង​វិស្វកម្ម​នៅ​ឆ្នាំ​១៩៧៩។ ​បន្ទាប់​មក​លោក​បាន​ចូល​ក្នុង​គណបក្ស​កុម្មុយ​និស្ត ​ដោយ​បាន​ចាប់​ផ្តើម​ជា​អគ្គលេខាធិការ​រង​របស់​ខេត្ត Hubei មុន​ពេល​ឡើង​កាន់​តំណែង​ជា​ប្រធានបក្ស​ទទួល​បន្ទុក​សេដ្ឋ​កិច្ច​នៅ​ទីក្រុង​សៀងហៃ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម។

កិត្តនាម​របស់​លោក​ឡើង​កាន់​តែ​ខ្ពស់​ឡើង​បន្ទាប់​ពីលោក​បាន​ត្រូវ​តែងតាំង​នៅ​ក្នុង​ឆ្នាំ​២០០៧​ជា​សមាជិក​គណៈកម្មាធិការ​ការិយាល័យ​នយោបាយ ​ដែល​អង្គការ​ធ្វើ​ការ​សម្រេច​កំពូល​របស់​ប្រទេស​ចិន ​នៅ​ទី​បំផុត​លោក​បាន​ក្លាយ​ជា​អគ្គលេខាធិការ​បក្ស​នៅ​ឆ្នាំ​២០១២​ ហើយ​និង​ក្លាយ​ជា​ប្រធានា​ធិបតីមួយ​ឆ្នាំ​ក្រោយ។ ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ស៊ី ​ចិន​បាន​ដើរ​តួនាទី​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​កិច្ចការ​តំបន់​ និង​ក្នុង​សាកល​លោក ​រួម​មាន​ការ​ស្ថាបនា​ទីតាំង​យោធា​នៅ​តំបន់​ថ្មប៉ប្រះ​ទឹក​ និង​កោះ​ដែល​គ្មាន​មនុស្ស​រស់​នៅនៅ​ទូទាំង​សមុទ្រ​ចិន​ខាង​ត្បូង ​ដោយ​មិន​អើពើ​ពី​ការ​ប្រកួតប្រជែង​ទាម​ទារ​ទឹក​ដី​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ជិត​ខាង​នានា​នៅ​ក្នុង​តំបន់​អាស៊ី​ និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។​

លោក​ក៏​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ដ៏​គគ្លើន​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែល​បាន​នាំ​ឲ្យ​មាន​ការ​ដាក់​ទោស​ពួកមន្ត្រី​គណបក្ស​កុម្មុយនិស្ត​ជាង​១លាន​នាក់៕