អង្គការការពារសត្វព្រៃហៅកាត់ថា WWF ប្រចាំប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក អំពាវនាវដល់រដ្ឋាភិបាលក្នុងប្រទេសតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផង ឱ្យយកគំរូតាមប្រទេសចិនក្នុងការហាមឃាត់ការបរិភោគ និងការជួញដូរសត្វព្រៃ ដើម្បីគាំពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន បន្ទាប់ពីមានការផ្ទុះជំងឺផ្លូវដង្ហើមជាច្រើនប្រភេទ។
សេចក្តីថ្លែងការណ៍របស់អង្គការការពារសត្វព្រៃWWF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីអំពី«ភាពចាំបាច់ក្នុងការបញ្ឈប់ជាបន្ទាន់នូវរាល់ការជួញដូរ និងបរិភោគសាច់សត្វព្រៃ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក» ចេញនៅថ្ងៃទី៣ ខែមីនានេះ បញ្ជាក់ថា អង្គការ WWF ដែលមានទីស្នាក់ការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងអស់ សាទរចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជាតិចិន ដែលជាអង្គនីតិបញ្ញត្តិកំពូលរបស់ចិន ក្នុងការហាមឃាត់ការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃគ្មានការអនុញ្ញាត។
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ អង្គការWWFបញ្ជាក់ថា តំបន់អាស៊ីអាគ្នេយ៍ជាប្រភពនៃផលិតផលសត្វព្រៃ និងជាទីតាំងច្រករបៀងសម្រាប់ការបញ្ជូនផលិតផលសត្វព្រៃបន្តទៅកាន់ប្រទេសចិន។ ការបរិភោគសាច់សត្វព្រៃដែលអាចបង្កឲ្យមានការឆ្លងវីរុសដ៏គ្រោះថ្នាក់ ដែលប្រព័ន្ធភាពស៊ាំរបស់មនុស្សមិនអាចការពារបាន អាចឆ្លងពីសត្វទៅមនុស្ស ហើយក៏ជាហេតុដែលអាចកើតមាននៅតំបន់អាស៊ីអាគ្នេយ៍ ដូចករណីក្នុងប្រទេសចិន។ ការផ្ទុះឡើងនិងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ក៏ដូចជាវីរុស ហ្សារស៍ (SARS) មើស៍ (MERS) និងការផ្ទុះឡើងនៃវីរុសផ្សេងៗទៀតនៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ បានបង្ហាញពីគ្រោះថ្នាក់ទៅលើសុខភាពមនុស្សដែលបណ្តាលមកពីការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ។
អង្គការ WWF ប្រចាំប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា៖«យើងសូមអំពាវនាវដល់ក្រសួងពាក់ព័ន្ធទាំងអស់ ដែលមានភារកិច្ចទទួលខុសត្រូវក្នុងវិស័យការពារសត្វព្រៃនិងវិស័យសុខាភិបាល និងសុខភាពសាធារណៈ ឲ្យរួមគ្នាដើម្បីសហការទាំងផ្នែកជំនាញឯកទេស និងការប្រើប្រាស់ធនធានដែលមាន ដើម្បីបង្កើនការត្រួតពិនិត្យនិងតាមដានរាល់ទីផ្សារដែលមានផលិតផលសត្វព្រៃ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណជនដើម្បីឲ្យពួកគេបញ្ឈប់ការលក់ដូរ និងបរិភោគសាច់សត្វព្រៃ ព្រមទាំងផលិតផលសត្វព្រៃដទៃផ្សេងៗទៀត»។
សេចក្តីថ្លែងការណ៍របស់ WWF ធ្វើឡើងខណៈដែលពិភពលោកកំពុងមានការព្រួយបារម្ភពីជំងឺផ្លូវដង្ហើមCOVID 19 ដែលបានផ្ទុះឡើងនៅប្រទេសចិន និងកំពុងបន្តរាលដាលទៅបណ្តាប្រទេសផ្សេងៗជាច្រើនទៀត។
ក្រោយមានការផ្ទុះជំងឺផ្លូវដង្ហើមថ្មីនេះ អាជ្ញាធរចិនកាលពីខែមករាបានប្រកាសថា បញ្ឈប់ការធ្វើពាណិជ្ជកម្មសត្វព្រៃនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកសួតដែលបណ្តាលមកពីវីរុស Covid 19 នេះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋចិន ស៊ីនហួរ ។
លោក ទេព អស្នារិទ្ធ ប្រធានកិច្ចការសាធារណៈនិងគ្រប់គ្រងព័ត៌មាននៃអង្គការ WWF ប្រចាំកម្ពុជាប្រាប់VOAថា ការទប់ស្កាត់ការបរិភោគនិងការជួញដូរសត្វព្រៃមានប្រសិទ្ធភាព លុះត្រាតែមានការចូលរួមពីគ្រប់ប្រទេសដែលពាក់ព័ន្ធ។ លោកបន្តថា ការប្រកាសហាមឃាត់ជាអចិន្ត្រៃយ៍ចំពោះការបរិភោគនិងការជួញដូរសត្វព្រៃក្នុងអំឡុងនៃការផ្ទុះមេរោគផ្លូវដង្ហើមថ្មីៗនេះ អាចនឹងមានភាពវិជ្ជមានច្រើនក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃ និងការទប់ស្កាត់មេរោគផ្សេងៗដែលអាចកើតមានដោយសារសត្វព្រៃ នាពេលខាងមុខ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖«WWFយើងជឿថា វានឹងនាំឲ្យមានជាវិធីសាស្រ្តថ្មីមួយដែលធ្វើឲ្យមានការផ្លាស់ប្តូរស្ថានការណ៍ និងនាំឲ្យរដ្ឋាភិបាលពាក់ព័ន្ធក្នុងប្រទេសទាំងអស់ក្នុងតំបន់អាចឈានទៅផ្លាស់ប្តូរស្ថានការណ៍បាន បើយើងមានសេចក្តីសម្រេចសមស្របមួយពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាល ដែលចាប់ផ្តើមពីប្រភពរបស់វា»។
កម្ពុជាជាប្រទេសដែលសំបូរសត្វព្រៃ និងតែងមានបទល្មើសជួញដូរសត្វព្រៃកើតឡើង ទាំងការជួញដូរក្នុងប្រទេស និងទៅក្រៅប្រទេស។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជាប្រាប់ VOA ថា លោកក៏សាទរចំពោះសេចក្តីសម្រេចរបស់អាជ្ញាធរចិនដែលប្រកាសហាមឃាត់ជាអចិន្ត្រៃយ៍ចំពោះការបរិភោគ និងការជួញដូរសត្វព្រៃផងដែរ។ លោកបន្ថែមថា មិនមានការបរិភោគ និងជួញដូរសត្វព្រៃនៅកម្ពុជាច្រើនដូចមុននោះទេ ដោយសារប្រជាពលរដ្ឋមានជីវភាពល្អជាងមុន និងយល់ដឹងច្រើនអំពីផលប៉ះពាល់ និងច្បាប់ ស្តីពីបទល្មើសជួញដូរសត្វព្រៃ។
យ៉ាងណាក្តីលោកមិនបានបញ្ជាក់លម្អិតអំពីករណីនៃការជួញដូរសត្វព្រៃនៅកម្ពុជា និងទៅបរទេសនោះទេ ប៉ុន្តែលោកថា រដ្ឋាភិបាលតែងបង្កើនការរឹតបន្តឹងច្បាប់ជុំវិញការជួញដូរសត្វព្រៃនេះ។
លោក សាយ សំអាល់ ថ្លែងថា៖«យើងក៏អនុវត្តពេញលេញនូវការរឹតបន្តឹងច្បាប់របស់យើងទាក់ទងនឹងការជួញដូរសត្វព្រៃទាំងអស់ហ្នឹង។ ឃើញលទ្ធផលស្រាប់ហើយយើងបាននិងកំពុងធ្វើហ្នឹង។ ដោយឡែកចំពោះអង្គការខ្ញុំយល់ថាគាត់បានចូលរួមជាមួយនឹងចលនាមនុស្សលោកជុំវិញពិភពលោកតែម្តង ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើសត្វព្រៃ ហើយងាកមកពឹងផ្អែកទៅលើសត្វស្រុកវិញ ព្រោះវាធានាសុវត្ថិភាព ហើយនិងអាហារូបត្ថម្ភក៏វាមានកម្រិតខ្ពស់ជាងដែរ»។
គិតត្រឹមថ្ងៃច័ន្ទនេះ វីរុសកូរ៉ូណាថ្មីបានសម្លាប់មនុស្សជាង៣.០០០នាក់ ដែលភាគច្រើននៅក្នុងប្រទេសចិន ហើយក្នុងនោះជិត ១៥០នាក់ នៅក្រៅប្រទេសចិន។ មេរោគនេះបានឆ្លងរាលដាលដល់ជាង៧០ប្រទេស។ ប្រទេសកូរ៉េខាងត្បូង អ៊ីតាលីនិងអ៊ីរ៉ង់មានករណីឆ្លងច្រើនជាងគេបន្ទាប់ពីប្រទេសចិន៕