បណ្តាប្រទេសមួយចំនួនកាលពីថ្ងៃសុក្របានចាប់ផ្តើមរឹតត្បិតជើងយន្តហោះពីបណ្តាប្រទេសនៅភាគខាងត្បូងទ្វីបអាហ្វ្រិកខណៈដែលផ្សារភាគហ៊ុននៅអាស៊ីនិងអឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំងដោយប្រតិកម្មនឹងព័ត៌មាននៃវីរុសជំងឺកូវីដ១៩បំប្លែងថ្មីមួយអាចមានកម្រិតឆ្លងខ្លាំងជាងវីរុសមុនៗ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការរកឃើញវីរុសបំប្លែងថ្មីនេះដែលនៅពេលនេះគេឱ្យឈ្មោះសម្គាល់ថាB.1.1.529 វីរុសថ្មីនេះមានផលប៉ះពាល់រួចទៅហើយទៅលើពិភពលោកដែលមានការភិតភ័យរួចជាស្រេចអំពីព័ត៌មានមិនល្អនានាទាក់ទងនឹងជំងឺកូវីដ១៩ ដោយនៅពេលនេះចំនួនមនុស្សស្លាប់សរុបទូទាំងពិភពលោកដោយសារជំងឺរាតត្បាតនេះបានកើនលើស៥លាននាក់។
នៅក្រៅពីទ្វីបអាហ្វ្រិកករណីដំបូងៗនៃវីរុសបំប្លែងថ្មីនេះត្រូវបានគេរកឃើញនៅប្រទេសអ៊ីស្រាអែលក្រុងហុងកុង និងប្រទេសប៊ែលហ្ស៊ិក។
អ្នកជំនាញខាងសុខាភិបាលរួមទាំងអង្គការសុខភាពពិពលោក (WHO) ផងដែរបានព្រមានកុំឱ្យមានប្រតិកម្មជ្រុលហួសហេតុចំពោះព័ត៌មាននៃវីរុសថ្មីនេះនៅមុនពេលគេដឹងច្បាស់អំពីកម្រិតគ្រោះថ្នាក់របស់វា។ ប៉ុន្តែប្រទេសដែលបានចាត់វិធានការរឹតត្បិតការធ្វើដំណើរទាំងនេះថាវិធានការរបស់ពួកគេសមស្រប។
អ៊ីស្រាអែលដែលជាប្រទេសមានអត្រាការចាក់វ៉ាក់សាំងខ្ពស់បំផុតមួយក្នុងពិភពលោក បានប្រកាសកាលពីថ្ងៃសុក្រថាខ្លួនក៏បានរកឃើញករណីដំបូងនៃវីរុសបំប្លែងថ្មី B.1.1.529 នេះរបស់អ្នកដំណើរម្នាក់ដែលបានធ្វើដំណើរពីប្រទេសម៉ាឡាវីនៅភាគខាងត្បូងទ្វីបអាហ្វ្រិក។អ្នកដំណើរនេះនិងករណីសង្ស័យពីរនាក់ផ្សេងទៀតត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។ទាំងបីបានចាក់វ៉ាក់សាំង រួចប៉ុន្តែថាបច្ចុប្បន្នគេកំពុងពិនិត្យមើលស្ថានភាពវ៉ាក់សាំងពិតប្រាកដរបស់ពួកគេ។
ជាទូទៅវីរុសកូរ៉ូណាបំប្លែងខ្លួននៅពេលវារាលដាលចេញជាវីរុសបំប្លែងថ្មីផ្សេងៗជាច្រើន ដែលរួមមានវីរុសខ្លះដែលមានសមត្ថភាពខ្លាំងគួរឱ្យបារម្ភនោះហើយវីរុសបំប្លែងថ្មីខ្លះក៏បាត់ទៅវិញ។ អ្នកវិទ្យាសាស្ត្រត្រូវចំណាយពេលមួយរយៈសិនទំរាំអាចកំណត់ថាវីរុសបំប្លែងថ្មីមួយណាមានលទ្ធភាពបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សាធារណជន។
ក្រុមការងារបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកជួបគ្នានៅថ្ងៃសុក្រដើម្បីវាយតម្លៃលើវីរុសបំប្លែងថ្មី B.1.1.529 ហើយអាចសម្រេចថានឹងដាក់ឈ្មោះឱ្យវាតាមលំនាំអក្សរក្រិកដែរឬយ៉ាងណា។ អង្គការពិភពលោកមួយនេះនិយាយថា នៅពេលនេះការឆ្លងរាតត្បាតរបស់ជំងឺកូវីដ១៩នៅទ្វីបអឺរ៉ុបបានកើនឡើងរហូត១១ភាគរយនៅក្នុងមួយសប្តាហ៍ចុងក្រោយ ហើយអឺរ៉ុបជាទ្វីបតែមួយគត់ដែលបន្តមានការកើនខ្លាំងនៃការឆ្លងកូវីដ១៩៕
នាយកអង្គការសុខភាពពិភពលោកសម្រាប់ទ្វីបអឺរ៉ុបលោកវេជ្ជបណ្ឌិត Hans Kluge បានព្រមានថាប្រសិនបើគ្មានវិធានការបន្ទាន់ទេទ្វីបនេះអាចមានមនុស្សស្លាប់ចំនួន ៧00.000នាក់ទៀតនៅរដូវរងារនេះ៕