ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក គ្រោង​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ ពី​ក្រុមហ៊ុន Pfizer


នៅក្នុង​រូប​ដែល​មិនបាន​បញ្ជាក់​ថ្ងៃថត​ដែល​ទទួល​បាន​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញ​អំពី ថ្នាំ​ឈ្មោះ Paxlovid ដែល​ជា​ថ្នាំគ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer ផលិត​នៅក្នុង​ទីក្រុង Freiburg ប្រទេស​អាល្លឺម៉ង់។

បណ្តាញ​ព័ត៌មាន​នានា​បាន​រាយការណ៍​ថា រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden មាន​គម្រោង​ចំណាយ​ប្រាក់ ៥ ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ ដែល​ទើប​ពិសោធន៍​ថ្មី​របស់​ក្រុមហ៊ុន Pfizer។

ការ​បង្ហាញ​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ក្រុមហ៊ុន Pfizer បាន​ប្រកាស​ថា ខ្លួន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អង្គការ Medicines Patent Pool ដែល​ជា​អង្គការ​សុខភាព​សាធារណៈ​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផលិត​ឱសថ​មួយ​ចំនួន ផលិត​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ នេះ សម្រាប់​ប្រទេស​ចំនួន ៩៥។

កិច្ចព្រមព្រៀង​នេះ ​អនុញ្ញាត​ឱ្យ​ផលិត​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ នេះ ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម។

ក្រុមហ៊ុន Pfizer បាន​បញ្ជាក់​ថា ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ របស់​ខ្លួន​ដែល​ហៅ​ថា Paxlovid នេះ ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​និង​ការ​ស្លាប់​បាន​ជិត ៩០% សម្រាប់​អ្នក​ជំងឺ​កូវីដ១៩ ដែល​មាន​អាការៈ​ស្រាល​ទៅ​មធ្យម។

កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន Pfizer និង​អង្គការ Medicines Patent Pool នេះ​ បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​ក្រុមហ៊ុន Pfizer បាន​ដាក់​ពាក្យ​ទៅ​ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ (FDA) របស់​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ការ​អនុញ្ញាត​ឱ្យ​ប្រើ​ឱសថ​នេះ​ក្នុង​គ្រា​អាសន្ន៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG