ជំងឺ​កូវីដ​១៩​​​បាន​ឆ្លង​ដល់​មនុស្ស​១២​លាន​នាក់​ក្នុង​ពិភពលោក​និង​៣​លាន​នាក់​នៅ​អាមេរិក

ជំងឺកូវីដ១៩ បាន​រាតត្បាត​នៅ​ក្នុង​ទីក្រុង Houston រដ្ឋ​តិចសាស់។

វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ១៩ បាន​ឈាន​ដល់​ដំណាក់​កាល​ថ្មី​មួយ​ទៀត​ដោយ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​១២​លាន​នាក់​នៅ​ទូទាំង​ពិភពលោក នេះ​បើ​តាម​តួលេខ​ពី​សាកលវិទ្យាល័យ​Johns Hopkins។

សហរដ្ឋ​អាមេរិក​ដែល​មាន​ការ​ឆ្លង​ច្រើន​ជាង​ប្រទេស​ណា​ទាំង​អស់​ក៏​បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ​ទៀត​ដោយ​កូវីដ១៩​បាន​ឆ្លង​ដល់​ពលរដ្ឋ​អាមេរិក​ជាង​៣​លាន​នាក់ ឬ​ស្មើ​នឹង​១ភាគ​៣​នៃ​ចំនួន​អ្នក​ឆ្លង​ក្នុង​ពិភពលោក ហើយ​កាល​ពី​ថ្ងៃ​ពុធ​មាន​ករណី​ឆ្លង​ថ្មី​រហូត​ដល់​ជាង​៦០.០០០​ករណី ដែល​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ​មិន​ធ្លាប់​មាន។

រដ្ឋ​ចំនួន​៥​របស់​សហរដ្ឋ​អាមេរិក​គឺ រដ្ឋ​ California រដ្ឋ Texas រដ្ឋ Tennessee រដ្ឋ West Virginia និង​រដ្ឋ Utah បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​កើន​ឡើង​មិន​ធ្លាប់​មាន ហើយ​អាជ្ញាធរ​នៅ​រដ្ឋ Arizona រដ្ឋ California​រដ្ឋ Florida និង រដ្ឋTexas ក៏​បាន​ព្រមាន​ថា​មន្ទីរ​ពេទ្យ​នៅ​រដ្ឋ​ទាំង​នោះ​នឹង​ជិត​ហួស​សមត្ថភាព​ទទួល​អ្នក​ជំងឺ​កូវីដ១៩។

ចំណែក​នៅ​ប្រទេស​អូស្ត្រាលី​វិញ ទី​ក្រុង Melbourne ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​ទី​ពីរកាល​ពី​ពាក់កណ្តាល​អាធ្រាត​ថ្ងៃ​ពុធ​បាន​ចាប់​ផ្តើមវិធានការ​បិទ​សកម្មភាព​ទី​ក្រុង​រយៈ​ពេល​៦​សប្តាហ៍​ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ​១៩​នៅ​ទី​នោះ។ អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​មិន​ចេញ​ពីគេហដ្ឋាន​លើក​លែង​តែ​ក្នុង​ករណី​ចាំ​បាច់៕