ព័ត៌មានចុងក្រោយពីស្ថានភាពនៅអាហ្វហ្គានីស្ថានមាននៅ Live Blog វីអូអខ្មែរ។
រដ្ឋាភិបាលនានានៅជុំវិញពិភពលោកប្រញាប់ប្រញាល់បញ្ចេញប្រតិកម្មចំពោះស្ថានការណ៍ដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានអំពាវនាវឲ្យរដ្ឋាភិបាលបស្ចិមប្រទេសរួមគ្នាដោះស្រាយស្ថានការណ៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានចូលកាន់កាប់រដ្ឋធានីកាប៊ុល។
លោកបានថ្លែងនៅក្នុងឃ្លីបវីដេអូមួយថា៖ «យើងមិនចង់ឲ្យប្រទេសណាមួយទទួលស្គាល់ក្រុមតាលីបង់ដោយទ្វេភាគីទេ។ យើងចង់ឲ្យមានគោលជំហររួមមួយក្នុងចំណោមប្រទេសដែលយល់ឃើញដូចគ្នា ដើម្បីឲ្យយើងអាចរារាំងកុំឲ្យប្រទេសអាហ្វហ្គានីស្ថានក្លាយទៅជាកន្លែងសម្រាប់បណ្តុះអំពើភេរវកម្មឡើងវិញ»។
ចំពោះសំណួរថាតើត្រូវដោះស្រាយបញ្ហាជនភៀសខ្លួនអាហ្វហ្គានីស្ថានតាមវិធីណានោះ ចក្រភពអង់គ្លេសបាននិយាយថាខ្លួនប្តេជ្ញាទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានណាដែលបានជួយកងកម្លាំងអង់គ្លេសក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអាទិត្យថារដ្ឋាភិបាលក្រុងម៉ូស្គូមិនទាន់ទទួលស្គាល់ក្រុមតាលីបង់ជាអាជ្ញាធរស្របច្បាប់ថ្មីនៃប្រទេសអាហ្វហ្គានីស្ថានទេ។
ដូចអង់គ្លេសដែរ សហរដ្ឋអាមេរិកបានតាំងចិត្តរកទីជម្រកឲ្យជនជាតិអាហ្វហ្គានីស្ថានណាដែលជាអ្នកបកប្រែភាសា និងបានជួយកងយោធាអាមេរិកក្នុងកិច្ចប្រឹងប្រែងក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ក៏ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកប្រទេសជាដៃគូដើម្បីទទួលជនជាតិអាហ្វហ្គានីស្ថានដែលអាចរងគ្រោះថ្នាក់ នៅពេលដែលសហរដ្ឋឋអាមេរិកពិនិត្យពាក្យសុំរបស់ពួកគេ។
រដ្ឋាភិបាលនៃប្រទេសអាល់បានីនិងកូសូវ៉ូបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានយល់ព្រមតាមសំណើរបស់សហរដ្ឋអាមេរិកដើម្បីទទួលពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលប្រឈមនឹងគ្រោះថ្នាក់។
សហរដ្ឋអាមេរិកក៏បាននិយាយដែរថា ខ្លួននឹងបញ្ជូនបុគ្គលិកទៅកាន់ប្រទេសកាតាបន្ថែម ដែលនៅទីនោះ ជនភៀសខ្លួនអាហ្វហ្គានីស្ថានកំពុងបំពេញក្រដាសស្នាម។
ក្រសួងការបរទេសកាតាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ខ្លួនបានអំពាវនាវឲ្យមានការឈប់បាញ់គ្នាទូទាំងប្រទេសនិងជាអចិន្ត្រៃយ៍ក្នុងដែនដីប្រទេសអាហ្វហ្គានីស្ថានទាំងមូល។
ទន្ទឹមនឹងនេះ ប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថានគឺប៉ាគីស្ថាន និងអ៊ីរ៉ង់បានសម្តែងការព្រួយបារម្ភចំពោះស្ថានការណ៍បច្ចុប្បន្ន។
ក្រសួងការបរទេសប៉ាគីស្ថានបានប្រាប់ទូរទស្សន៍ជាតិថា រដ្ឋាភិបាលពុំមានផែនការបិទស្ថានទូតរបស់ខ្លួននៅក្នុងរដ្ឋធានីកាប៊ុលទេ។ ក៏ប៉ុន្តែរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដបាននិយាយថាខ្លួនមិនអាចទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានថែមទៀតបានទេ ហើយកំពុងតែបន្តដំឡើងរបងនៅតាមព្រំដែន។
អ៊ីរ៉ង់បានដំឡើងតង់រាប់រយក្នុងតំបន់ចំនួន៣ជាប់ទល់ដែនប្រទេសអាហ្វហ្គានីស្ថាន។នេះបើតាមសម្តីរបស់មន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ម្នាក់ឈ្មោះ Hossein Qasemi ប្រាប់ទីភ្នាក់ងារព័ត៌មានIRNA។ លោកបន្ថែមថា៖«ទោះជាយ៉ាងណាក៏ដោយ ក៏យើងរំពឹងថាជនភៀសខ្លួនអាហ្វហ្គានីស្ថាននឹងវិលត្រឡប់ទៅមាតុភូមិរបស់ពួកគេវិញ នៅពេលស្ថានការណ៍មានភាពល្អប្រសើរឡើងវិញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។
នៅពេលដែលប្រទេសផ្សេងៗកំពុងជម្លៀសបុគ្គលិកនិងបិទស្ថានទូតរបស់ពួកគេនៅក្នុងរដ្ឋធានីកាប៊ុលនោះអង្គការសហប្រជាជាតិបានថ្លែងកាលពីចុងសប្តាហ៍ថា ខ្លួនប្តេជ្ញាថានឹងបើកទីភ្នាក់ងាររបស់ខ្លួនទាំងអស់ក្នុងពេលមានវិបត្តិនេះ៕