ពិភព​លោក​ចោទ​សួរ​ពី​ការ​ផ្លាស់ប្តូរ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ពេល​ចំនួន​មនុស្ស​ស្លាប់​កើន​ឡើង​នៅ​តំបន់​ហ្គាហ្សា

បាតុករ​ប៉ាឡេស្ទីន​ម្នាក់​គប់​ដុំ​ថ្ម​ទៅ​ស្ថានទូត​អ៊ីស្រាអែល​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​សម្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​នា​ពេល​ថ្មីៗ​នៅ​តំបន់ Gaza និង​ការ​ផ្លាស់ប្តូរ​ស្ថានទូត​អាមេរិក​ទៅ​ក្រុង Jerusalem នៅ​ក្នុង​ក្រុង​អាថែន ប្រទេស​ក្រិក កាលពី​ថ្ងៃទី១៥​ ខែឧសភា ឆ្នាំ២០១៨។

នៅពេល​ដែល​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែល​សរសើរ​ពី​ការ​ផ្លាស់ប្តូរ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ពី​ទីក្រុង Tel Aviv ​ទៅកាន់​ទីក្រុង Jerusalem ​ថា​​ជា​ការ​បង្ហាញ​នូវ​សន្តិភាព​​នោះ ​កងទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​បាតុករ​​ជាតិ​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់​ក៏​៥០​នាក់​ដែរ ​និង​ធ្វើ​ឲ្យ​របួស​រាប់​រយ​នាក់​ទៀត​នៅ​ក្នុង​ការ​វាយ​ឆ្មក់​ទៅលើ​ពួក​បាតុករ​នៅ​ក្នុង​តំបន់​ហ្គាហ្សា។ ការ​សម្ភោធ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បណ្តាល​ឲ្យ​មានការ​តវ៉ា​ប្រឆាំង​នៅ​ក្នុង​តំបន់​និង​ទីកន្លែង​ផ្សេង​ទៀត​​ក្នុង​ពិភពលោក។

អង្គការ​សិទ្ធិ​មនុស្សកំពុង​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពីការ​ស្លាប់​ក្នុង​តំបន់​ហ្គាហ្សា​នេះ។ ជន​ជាតិ​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្គាហ្សា​បាន​ធ្វើ​ការ​តវ៉ា​អស់​រយៈ​ពេល​ជាង​មួយ​ខែ​ដើម្បី​ទាមទារ​សិទ្ធិ​សម្រាប់​ជន​ភៀស​ខ្លួន​វិលត្រឡប់​ទៅកាន់​ទឹក​ដី​ដែល​ពួកគេ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចាក​ចេញ​ក្នុង​អំឡុងពេល​នៃ​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល។ ការ​សម្ពោធ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង Jerusalem កើត​មាន​នៅ​ពេល​ដែល​អ៊ីស្រា​អែល​បារព្ធខួប​លើកទី៧០​នៃ​ការ​បង្កើត​រដ្ឋ​របស់​ខ្លួន ​ហើយ​ប៉ាឡេស្ទីនកាន់​ទុក​ចំពោះ​ការ​បាត់​បង់​ទឹកដី​របស់​ខ្លួន​ដែល​បណ្តាល​ឲ្យ​មាន​កំហឹង​របស់​ពួក​អ្នក​តវ៉ា​ប្រឆាំង។ ​អ៊ីស្រាអែល​និយាយថា ​ការ​ប៉ុនប៉ង​ដើម្បី​ដើម្បី​បុក​ទំលុះ​របង​សន្តិសុខ​រវាង​តំបន់​ហ្គាហ្សា​និង​អ៊ីស្រាអែល​ត្រូវ​តែ​បញ្ឈប់។ សេតវិមាន​បាន​ស្តី​បន្ទោស​ពួកមេដឹកនាំ​របស់​ក្រុម​ហាម៉ាស។ ​លោក Raj Shah ​អ្នកនាំ​ពាក្យ​រង​សេតវិមានបាន​និយាយថា៖ «ក្រុម​ហាម៉ាស​មាន​បំណង​និង​គំនិត​អាក្រក់​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ឆ្លើយតប​នេះ ​ហើយ​ដូចដែល​លោករដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Mike Pompeo ​បាននិយាយ​អញ្ចឹង ​អ៊ីស្រាអែល​មាន​សិទ្ធិការ​ពារ​ខ្លួន‍»។

ក៏ប៉ុន្តែ ​ពលរដ្ឋ​អាមេរិកាំង​ខ្លះ​បាន​ចោទ​សួរ​ពីភាព​ចាំបាច់​ដើម្បី​ផ្លាស់ប្តូរ​ស្ថានទូត​ទៅ​កាន់​ទីក្រុង​ដែល​មានការ​ទាមទារ​ប្រទាញ​ប្រទង់​គ្នាយ៉ាង​ខ្លាំង​នេះ។ យុវជនជ្វីព​ក្មេងៗ​មួយ​ក្រុម​បាន​ធ្វើ​បាតុកម្ម​នៅ​ខាងក្រៅ​សណ្ឋាគារ​មួយរបស់​ប្រធានា​ធិបតី​ត្រាំ​នៅ​កណ្តាល​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ទាម​ទារ​ឲ្យ​បញ្ចប់​ការ​ត្រួតត្រា​ និង​ឲ្យ​មាន​សិទ្ធិ​ស្មើ​គ្នា​សម្រាប់​ជន​ជាតិ​ប៉ាឡេស្ទីន។ យុវជន Ethan Miller ជា​បាតុករ​ជន​ជាតិ​ជ្វីព​បាន​ថ្លែងថា៖ «Jerusalem ​ជាទីក្រុង​មួយ​ដែល​មាន​ការឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង។ ​វា​ជា​ទីក្រុង​ដែល​ដិតជាប់​ដោយ​ការ​បំពានគ្រប់​គ្រង ​ហើយ​នៅ​ទី​កន្លែង​នោះ​ជន​ជាតិ​ប៉ាឡេស្ទីន​៣សែន​៧ម៉ឺននាក់​រស់​នៅ​មិន​មាន​សិទ្ធិ​ខាង​ផ្លូវ​ច្បាប់​សំខាន់ៗដូច​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជាអ្នក​ជិតខាង​របស់​ខ្លួន‍»។

ចក្រ​ភព​អង់គ្លេស​និង​បារាំង​ស្ថិត​ក្នុង​ចំណោម​អ្នករិះគន់​ជា​ច្រើន​ដែល​និយាយថា ​សហរដ្ឋ​អាមេរិក​បាន​រំលោភ​ច្បាប់​អន្តរជាតិនិង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

លោក Farhan Haq អ្នកនាំ​ពាក្យ​រង​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​និយាយថា៖ «ដូច​លោក អ្នក ​ដឹង​ហើយ​ថា លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជឿជាក់ថា ទីក្រុង Jerusalem ជា​បញ្ហា​ឋានៈចុង​ក្រោយ​ដែល​ត្រូវ​ចរចា​ដោយ​ភាគី​ទាំងអស់‍»។

​ទីភ្នាក់​ងារទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ​បាន​ថ្កោលទោស​ការ​បាញ់​ប្រហារ​លើ​ពួកបាតុករ​ក្នុង​តំបន់​ហ្គាហ្សា។ លោកស្រី Ravina Shamdasani អ្នកនាំ​ពាក្យស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ថ្លែងថា៖ «ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ធ្វើ​ឲ្យ​ប្រាកដថា ​ជនរងគ្រោះ​ដោយសារការ​រំលោភសិទ្ធិ​មនុស្ស​ទាំងនោះ​ទទួល​បាន​យុត្តិធម៌‍»។

​ប្រទេស​តួកគី​ដែល​ជាសម្ព័ន្ធ​មិត្ត​របស់​អង្គការ​អូតង់​បាន​ស្តី​បន្ទោស​សហរដ្ឋ​អាមេរិក​ពី​ការ​ធ្វើ​ឲ្យមាន​ភាព​ចលាចល​ក្នុង​តំបន់។ លោក Binali Yildirim ​នាយករដ្ឋ​មន្ត្រី​តួកគី​បាន​និយាយ​ថា៖ «តាម​ពិត​គឺ​ថា សហរដ្ឋ​អាមេរិក​ដែល​បាន​អះអាងថា​ជា​អ្នក​សម្រប​សម្រួលដើម្បី​រក្សា​សន្តិភាព​ក្នុង​តំបន់​និង​ពិភពលោក ​បាន​ធ្វើ​ឲ្យ​មានការ​សម្លាប់​រង្គាល​នេះ​ដែល​ជា​ការ​មិន​អាច​ទទួល​យក​បាន‍»។

លោក Sergey Lavrov រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​បាន​អំពាវនាវ​ឲ្យ​មាន​សន្ទនាគ្នា​រវាងអ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។ ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី Lavrov ​បាន​ថ្លែង​ថា៖ «ដូចដែល​អស់លោក ​អ្នក ​ដឹង​ហើយ​ថា ​រុស្ស៊ី​បាន​ស្នើម្តង​ហើយ​ម្តង​ទៀត​ឲ្យ​មាន​កម្មវិធី​សន្ទនា​គ្នា។​ យើង​ស្នើ​ម្តង​ទៀត​សុំ​ធ្វើ​ជាអ្នកសម្រុះ​សម្រួល»។

ពួកមេដឹកនាំ​ប៉ាឡេស្ទីន​បាន​និយាយ​ថា ការរើ​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​សម្លាប់​ដំណើរការ​សន្តិភាព។

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន