ពិភពលោក​ឈាន​ដល់​កម្រិត​ថ្មី​មួយ​ទៀត​នៃ​ឆ្លង​រាតត្បាត​ដោយ​ជំងឺ​កូវីដ១៩

មនុស្ស​ម្នាពាក់​ម៉ាស រង់ចាំ​ឆ្លងផ្លូវ​ដោយសារ​ថា ការឆ្លងរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ កំពុង​បន្ត​កើតមាន​នៅ​ទីក្រុង Manchester នៃ​ប្រទេស​អង់គ្លេស នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

ពិភព​លោកនៅ​ពេល​នេះ​ មាន​អ្នក​ឆ្លងជំងឺ​កូវីដ​១៩ ​កើន​លើសពី​ចំនួន៤០​លាននាក់​ហើយ។ យោង​តាម​ស្ថិតិ​នៃ​សាកល​វិទ្យា​ល័យ ​Johns Hopkins បាន​ឲ្យ​ដឹង​ថា​ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ចន្ទ​ ទី១៩ ខែតុលា ឆ្នាំ២០២០ នេះ​ អ្នក​ឆ្លង​ដោយ​ជំងឺ​កូវីដ​១៩ បាន​កើន​ឡើង​ចំនួន​ជាង​៤០​លាន​នាក់​ហើយ​ ហើយ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ ​មានចំនួន​ជាង​១​លាន ​១​សែន​នាក់​ហើយដែរ​ ​រហូត​មក​ដល់​ពេល​នេះ។

ករណី​ថ្មី​ៗ​បំផុត​នោះ​ រួម​មាន​ការ​ឆ្លង​ជំងឺកូវីដ​១៩​ទៅ​លើ​លោក​ Saeb Erekat (​សាអ៊ីប អែរិកខាត)អ្នកចរចា​ជើង​ចាស់​របស់​ប៉ាឡេស្ទីន​ និង​ជា​អគ្គលេខាធិកា​របស់​អង្គការ​រំដោះ​ជាតិ​ប៉ាឡេស្ទីន​ផង​ដែរ​ ដែល​ត្រូ​វ​បាន​គេ​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យក្នុង​ទីក្រុង​ Jerusalem ​ភ្លាមៗ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​នៅ​ទី​នោះ​ លោក​ត្រូវ​បាន​គេ​ដាក់​ឧបករណ៍​ជួយ​ដក​ដង្ហើម​ផង​ដែរ។

មនុស្ស​សំខាន់​មួយ​រូប​ទៀត​ ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​១៩នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ​ គឺរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាលប្រទេស​អាហ្វ្រិក​ខាង​ត្បូង​លោក​ Zweli Mkhize ​(​ឆ្វែលលី​ ខាយ)​ ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ លោក​និង​ភរិយា​របស់​លោក​ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វីរុស​កូរ៉ូណ​មួយ​ថ្ងៃ​មុន​ពេលលោក​មាន​រោគ​សញ្ញា​បន្តិច​បន្តួច​នោះ។​ ព័ត៌មាន​នៃ​ការ​ឆ្លង​កូវីដ​១៩​ របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ​ កើត​មាន​ឡើង​ ក្រោយ​ពី​ប្រទេស​អាហ្រ្វិកខាង​ត្បូង​ ​មាន​អ្នក​ឆ្លង​ដោយ​សារ​ជំងឺ​កូវីដ​១៩​ ​ច្រើន​ជាង៧សែន​នាក់។

តាម​ការ​ផ្សាយ​របស់​ទីភ្នាក់​ងារព័ត៌មាន​ AP ​ប្រទេស​អ៊ីរ៉ង់​ មាន​អ្នកស្លាប់​ថ្មី​ដោយ​សារ​ជំងឺកូវីដ​១៩​ ចំនួន​ ៣៣៧​នាក់​ កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​ជា​ចំនួន​ដ៏​ច្រើនបំផុតមិន​ធ្លាប់​មាន​ពី​មុន​មក​ ក្នុង​ការ​ស្លាប់ក្នុងមួយ​ថ្ងៃ​នោះ ​ដែល​ការ​ស្លាប់​កន្លង​មក​មាន​តែ​ចំនួន​២៧៩នាក់​ប៉ុណ្ណោះ ​ក្នុង​មួយ​ថ្ងៃ៕​

ព័ត៌មាន​បន្ថែម​ដោយ​លោក Richard Green