ផ្សារហ៊ុន​ពិភពលោក​ធ្លាក់​ចុះ ខណៈ​ប្រធានាធិបតី​អាមេរិក​និង​ភរិយា​ឆ្លង​ជំងឺកូវីដ១៩

ស្ត្រីម្នាក់ដើរកាត់អេក្រង់បង្ហាញទិន្នន័យផ្សារហ៊ុន Nikkei 225 របស់ប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ខណៈផ្សារហ៊ុនអាមេរិកនិងអាស៊ីបានធ្លាក់ចុះ ក្រោយលោកប្រធានាធិបតី Trump និងភរិយាបានឆ្លងជំងឺកូវីដ១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រកាស​ថា លោក​និង​លោកស្រី Melania ដែល​ជាភរិយា​របស់​លោក ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ថា ​បាន​ឆ្លង​វីរុស​កូរ៉ូណាដែលបង្កជាជំងឺរលាកផ្លូវដង្ហើមកូវីដ១៩។

គេ​មិន​ទាន់​ដឹង​ច្បាស់​ភ្លាមៗ​នៅឡើយទេ​ថា ​តើអ្នក​ទាំង​ពីរ​កំពុង​មាន​រោគសញ្ញា​អ្វី​នៅ​ឡើយ​ ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩ ​ដែល​ជាជំងឺ​បណ្តាល​មកពី​វីរុស​កូរ៉ូណា​នេះ។​

លោក​ប្រធានាធិបតី​ Trump ដែល​មាន​អាយុ​ ៧៤ ​ឆ្នាំ ត្រូវ​បាន​គេ​ចាត់ទុក​ថា ​ស្ថិត​ក្នុងក្រុមអ្នកជំងឺដែលងាយ​គ្រោះថ្នាក់ខ្លាំង​សម្រាប់​ជំងឺ​កូវីដ១៩ ពីព្រោះតែ​អាយុ​និង​ទម្ងន់​របស់​លោក។

ការប្រកាន់ខ្ជាប់​ទៅនឹង​ពិធីការ​ចត្តាឡីស័ក ​ឬ​ស្ថិត​នៅ​ដាច់​ដោយ​ឡែក​ពីអ្នកដទៃ ​នឹង​រារាំង​លោក​មិន​ឲ្យ​ធ្វើ​ដំណើរ​រយៈពេល​ ២ សប្តាហ៍​ ដែល​រយៈ​ពេល​នេះនឹងហួស​ថ្ងៃ​កំណត់ ដែល​លោក​ត្រូវ​ជជែក​ដេញ​ដោល​ជា​លើកទី ២ ជាមួយ​នឹង​លោក ​Joe Biden ដែល​ជាគូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ខាងមុខ​នេះ។ ថ្ងៃ​បោះឆ្នោតថ្នាក់ជាតិ​នៅ​សហរដ្ឋអាមេរិក​ នឹងធ្វើឡើងនៅ​ថ្ងៃ​ទី៣ ខែវិច្ឆិកា។​

លោក​ប្រធានាធិបតី Trump និង​ភរិយា​របស់​លោក បានក្លាយជាអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមមនុស្ស​ជាង៧ លាន​ ២ សែន​នាក់ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ដែល​បាន​ឆ្លង​ជំងឺនេះ។ ជំងឺ​កូវីដ១៩ បាន​សម្លាប់​មនុស្ស​ជាង​ ២ សែន​នាក់ ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

នៅ​ជុំវិញ​ពិភពលោក មនុស្សជាង​ ៣៤ លាន​នាក់បានឆ្លងជំងឺ​កូវីដ​១៩ និងជាង ​១ លាន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។ នេះ​តាម​សាកល​វិទ្យាល័យ​ Johns Hopkins របស់​សហរដ្ឋ​អាមេរិក ។

លោក​ប្រធានាធិបតី​បាន​ប្រកាស​តាម​បណ្តាញ Twitter កាលពី​ម៉ោងជិត​ ១ ព្រឹក​ថ្ងៃសុក្រថា លោក​និង​ភរិយា​របស់​លោក​ បាន​ធ្វើ​តេស្តវិជ្ជមាន​ថា ​បានឆ្លង​ជំងឺ​កូវីដ​១៩។

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងភរិយាគឺលោកស្រី Melania Trump បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ Cleveland Hopkins នៅទីក្រុង Cleveland រដ្ឋ Ohio កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

បន្ទាប់ពីការ​ប្រកាស​នេះ លោក​អនុប្រធានាធិបតី​ Mike Pence បាន​បង្ហោះ​សារ​តាម Twitter ថា៖ «លោកស្រី Karen ដែលជា​ភរិយារបស់​ខ្ញុំ​និង​ខ្ញុំ សូម​ផ្ញើ​នូវក្តី​ស្រឡាញ់​និង​ការ​បន់ស្រន់​ដល់​លោក​ប្រធានាធិបតី Donald Trump និង​លោកស្រី Melania Trump ដែល​ជាមិត្តភក្តិជាទី​ស្រឡាញ់​របស់​យើង»។

គេនៅ​មិនទាន់​ដឹង​ពិតប្រាកដ​នៅឡើយ​ថា តើ​លទ្ធផល​តេស្តនឹង​ប៉ះពាល់​សកម្មភាព​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​ប្រធានាធិបតី​ដែរ​ឬទេ។ សម្រាប់​ពេល​នេះ លោក​ប្រធានាធិបតី Trump នឹង​មិន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ឬ​ពិធី​រៃអង្គាស​ថវិកា​ទៀត​ទេ។​

រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pomepo បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ឡើង​វិញ ​ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​លោក ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ទៅកាន់​ប្រទេស​ក្រូអាស៊ី​ថា លោក​មាន​សុខភាព​ល្អ ហើយ​មិន​មាន​ជំងឺ​កូវីដ​១៩​ទេ ដោយ​លោក​និយាយ​ទៀត​ថា លោក​បាន​ធ្វើតេស្ត​ជាប្រចាំ។

លោក​រដ្ឋមន្ត្រី​ការបរទេស ​Pompeo បាន​និយាយ​ទៀតថា៖ «យើង​កំពុង​បន់ស្រន់​ឲ្យ​លោក​ប្រធានាធិបតី​និង​លោកស្រី​ភរិយា​របស់​លោក​ បាន​ជា​សះស្បើយឡើង​វិញ​ឲ្យ​បាន​ឆាប់​រហ័ស»។

ផ្សារ​ភាគហ៊ុន​សាកល​លោក​បាន​ធ្លាក់​ចុះ​ ក្រោយមាន​ព័ត៌មាន​ថា​លោក Trump បាន​ឆ្លង​វីរុស​កូរ៉ូណា។

លោក Naoya Oshikubo សេដ្ឋវិទូ​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន Sumitomo Mitsui Trust Asset Managment ក្នុង​ទីក្រុង​តូក្យូ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា លោក​មាន​ការ​ព្រួយបារម្ភថា លោក Trump នឹង​មាន​ភាព​គគ្លើន​កាន់តែ​ខ្លាំង​ឡើងប្រឆាំង​នឹង​ចិន​ បន្ទាប់ពីការឆ្លង​វីរុស​នោះ​មក។​

លោក Oshikubo បាន​និយាយ​ទៀត​ថា «ខ្ញុំ​ចាប់​អារម្មណ៍​ថា នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnsons បាន​ប្រឆាំង​ចិន​កាន់តែ​ខ្លាំង​ឡើង​ បន្ទាប់ពី​លោក​មាន​ជំងឺ​កូវីដ​១៩»។ វីរុស​កូរ៉ូណា​បាន​លេចចេញ​មុន​ដំបូង​គេ​ នៅ​ក្នុង​ប្រទេស​ចិន ​កាលពី​ចុង​ឆ្នាំ​២០១៩​។

ព័ត៌មាន​ទាក់ទង៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងភរិយា Melania Trump បានឆ្លងជំងឺកូវីដ១៩

លោក​នាយក​រដ្ឋមន្ត្រី Johnson បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩​ កាលពី​ប៉ុន្មាន​ខែ​មុន។​

លោក Joaquin Castro សមាជិក​សភា​ខាងគណបក្ស​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​រដ្ឋ​តិចសាស បាន​សម្តែង​នូវការ​ព្រួយ​កង្វល់​តាម​សារ ​Twitter ថា៖ «វា​មិន​មែន​គ្រាន់តែ​ជា​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន​របស់​លោក​ប្រធានាធិបតី​ទេ វា​ជា​បញ្ហា​សន្តិសុខ​ជាតិ។ វីរុស​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​ ២ ​សែន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ក្នុង​រយៈពេល ​៦ ​ខែ​កន្លង​មក​នេះ»។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ស្ថិត​នៅ​ក្នុង​ចំណោម​មេដឹកនាំ​បរទេស​មុនដំបូង ​ដែល​ជូន​ពរ​ដល់​លោក​ ត្រាំ​ និង​ភរិយា​របស់​លោកឲ្យ​ឆាប់​ជា។ លោក Modi បាន​សរសេរ​នៅ​លើ​បណ្តាញ Twitter ថា៖ «សូម​ជូនពរ​ឲ្យ​មិត្តិភក្តិរបស់​ខ្ញុំ​គឺ​ប្រធានាធិបតី Donald Trump និង​លោក​ស្រី​ Melania បាន​ជា​សះស្បើយ​ឆាប់​រហ័ស និង​មាន​សុខភាព​ល្អ» ។​

សារ​នោះត្រូវ​បាន​បន្ទរ​ឡើង​ ដោយដោយ​អ្នក​រិះគន់​ដ៏​ខ្លាំង​ខ្លះ​របស់​លោក​ប្រធានា​ធិបតី​ដែរ ។

លោក Jesse Jackson មេដឹកនាំ​សិទ្ធិ​ស៊ីវិល​អាមេរិកាំង ​បាន​និយាយ​នៅ​លើ​បណ្តាញTwitter ថា៖ «យើងសូម​បន់ស្រន់​ដោយ​ស្មោះស្ម័គ្រ​ឲ្យ​លោក​ប្រធានាធិបតី​និង​លោកស្រី Melania មិនមាន​ជំងឺ​ដ៏​អាក្រក់​បំផុត​នេះ។ យើងសូម​បួងសួង​ឲ្យ​លោក​ប្រធានាធិបតី​និង​ភរិយា​របស់​លោក ​ឆាប់​ជា​សះស្បើយ។ យើង​សូម​បន់ស្រន់​ដល់​មនុស្ស​រាប់លាន​នាក់​ទៀត ​ដែល​រង​ផល​ប៉ះពាល់​ដោយជំងឺ​នេះ​ទោះបីមាន​ជំនឿ​និង​នយោបាយ​អ្វី​ក៏ដោយ»៕

ប្រែសម្រួល​ដោយ​ជឹង ប៉ូជីន