មេដឹកនាំ​ពិភពលោក​ចងចាំ​ស្នាដៃ​លោក​លី ក្វាន់​យូ

មនុស្ស​ម្នា​ដែល​ចូលរួម​ពិធី​បុណ្យ​សព​របស់​អតីត​មេដឹកនាំ​សិង្ហបុរី Lee Kuan Yew ឈរ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ University Cultural Center នៅ​សាកលវិទ្យាល័យ​ជាតិ​របស់​សិង្ហបុរី​ (National University of Singapore) កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥។

ដោយ​មាន​សុខភាពទ្រុឌ​ទ្រោមក្នុង​អាយុ​៩១​ឆ្នាំ ​លោក​ Lee Kuan Yew ​បាន​ទទួល​អនិច្ចកម្ម​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី២៣​ខែមីនានៅ​ឯ​មន្ទីរពេទ្យ​ Singapore General Hospital។​

បិតាអ្នក​បង្កើតប្រទេស​សិង្ហបុរី​បាន​ទទួល​ការ​កោត​សរសើរដោយ​លោក​បាន​កែប្រែអតីត​ដែនដីអាណានិគម​ជួរមុខ​មួយ​ក្នុង​តំបន់​ត្រូពិចឱ្យ​ក្លាយ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម​សាកល​ទំនើប​មួយ។​

ដោយ​ផ្តល់​អាទិភាព​ដល់​អភិបាល​កិច្ចល្អ​និង​មាន​ប្រសិទ្ធភាព ​គោល​នយោបាយ​លម្អៀង​ទៅ​ខាង​ជំនួញ​និង​របៀប​រៀបរយ​សង្គម​ជួនកាល​ដោយ​សុខ​ចិត្ត​លះ​បង់សេរីភាព​បែប​ប្រជាធិបតេយ្យ​ លោក​ Lee ​បាន​ត្រូវ​គោរព​ដោយ​សារ​សមិទ្ធិផល​របស់​លោក។

កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៣​ខែមីនា​ លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា ​បាន​ពណ៌នា​លោក Lee Kuan Yew ​ថា​ជា​ «មហា​បុរស​ពិត​ប្រាកដ​ម្នាក់​ក្នុងប្រវត្តិសាស្ត្រ‍»​ នៅ​ពេល​ដែល​សេតវិមាន​បាន​និយាយ​ថា​លោកជា​ «អ្នក​មាន​ទស្សន​វិស័យ​ម្នាក់​និង​ជា​អ្នក​យុទ្ធសាស្ត្រម្នាក់​ក្នុង​បណ្តាអ្នកយុទ្ធ​សាស្ត្រ​ធំៗ​នៃ​កិច្ចការ​អាស៊ី‍»។​

លោក​ Lee Hsien Loong ​កូន​ប្រុស​ច្បងរបស់​លោក​ Lee Kuan Yew ​និង​ជា​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​នៃ​ប្រទេស​សិង្ហបុរី​បាន​ពណ៌នា​បិតា​លោក​ថា​ជា​បុរសម្នាក់​ដែល​បាន​បង្រួប​បង្រួម​និង​បាន​បណ្តុះ​គំនិត​ដល់​ប្រទេស​ជាតិ​មួយ។​

«លោក​បាន​បំផុស​គំនិតដល់យើង ​បាន​ផ្តល់​សេចក្តី​ក្លាហាន​ដល់​យើង ​ប្រមូលផ្តុំ​យើង​និង​បាន​នាំ​យើង​មក​កាន់​ទីនេះ។ លោក​បាន​ប្រយុទ្ធ​ដើម្បី​ឯករាជ្យ​របស់​យើង​ កសាង​ប្រទេស​ជាតិ​មួយ​ដែល​គ្មាន​អ្វី​ទាំងអស់​ហើយ​លោក​បាន​ធ្វើ​ឱ្យ​យើង​មាន​មោទនភាព​ជា​ប្រជារាស្ត្រ​សិង្ហបុរី។ ​យើង​នឹង​មិន​ឃើញ​មាន​បុរស​ម្នាក់​ទៀត​ដូច​លោក​ទេ។​ ចំពោះ​ប្រជារាស្ត្រសិង្ហបុរី​ជាច្រើន​និង​ម​នុស្ស​ឯទៀត​ដែរ​នោះ​ លោក​ Lee Kuan Yew ជា​ប្រទេស​សិង្ហបូរី‍»។​

នៅ​ទូទាំង​ទ្វីប​អាស៊ី ក្រុម​មេដឹកនាំ​បាន​ស្វះស្វែង​ធ្វើ​តាម​គំរូ​លោក Lee Kuan Yew។

នៅ​ក្នុង​ក្រុង​ប៉េកាំង​ លោក​ Hong Lei ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​សរសើរ​បិតា​អ្នកបង្កើតប្រទេស​សិង្ហបុរី​ថា​ជា​មេដឹកនាំ​អាស៊ី​ល្បីល្បាញ​តែ​ម្នាក់គត់។​

លោក​ Hong Lei ​ពណ៌នា​លោក​ Lee Kuan Yew ​ថា​ជា​រដ្ឋ​បុរស​មាន​ឥទ្ធិពល​ម្នាក់​និង​ជា​អ្នក​យុទ្ធសាស្ត្រ​ម្នាក់​ដែល​បាន​រួមផ្សំ​សេចក្តី​ថ្លៃថ្នូរ​បែប​បូព៌ា​ជាមួយ​ទស្សនៈ​វិស័យ​អន្តរជាតិ។

នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​នៅ​ជិតខាង​ លោក​អនុ​ប្រធានាធិបតី​ Jusuf Kalla ​បាន​និយាយ​ថា​លោក​ Lee ​ជា​ «មេដឹកនាំ​អាស៊ាន​ម្នាក់​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​និង​ជា​បុរស​ម្នាក់​ដែល​បាន​បំផុស​គំនិត​ការ​អភិវឌ្ឍ​នៃ​ទ្វីបអាស៊ី‍»។

លោក​នាយក​រដ្ឋមន្ត្រី​ Najib Razak ​នៃ​ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​ដែល​សិង្ហបុរី​បាន​ផ្តាច់​ខ្លួន​ចេញ​កាល​ពី​ឆ្នាំ១៩៦៥ ​បាន​សរសើរ​លោក Lee Kuan Yew​ ចំពោះ​ «ការ​ប្តេជ្ញាចិត្តរបស់​លោក​ក្នុង​ការ​អភិវឌ្ឍ​សិង្ហបុរី​ពី​ប្រទេស​ជាតិ​ថ្មីមួយ​ឱ្យ​ទៅ​ជា​ក្រុង​ទំនើប​និង​មាន​ថាមពល​ដែល​យើង​ឃើញ​នៅ​ពេល​សព្វ​ថ្ងៃ​នេះ‍»។​

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ Shinzo Abe ​បាន​មាន​ប្រសាស​ន៍ថា​លោក​ Lee ​ជា​ «មហា​មេដឹកនាំ​អាស៊ី​ម្នាក់‍» ​ចំណែក​ឯ​លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ David Cameron​ បាន​មាន​ប្រសាសន៍​ថា​ «កន្លែង​របស់​លោក​ Lee នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាន​ត្រូវ​ធានា​រ៉ាប់រង​ជា​មេដឹកនាំ​ម្នាក់​និង​ជា​រដ្ឋ​បុរស​ល្បីល្បាញ​ម្នាក់​ក្នុង​ពិភពលោក​ទំនើប‍»។

លោកនាយក​រដ្ឋមន្ត្រី​ Lee Hsien Loong ​បាន​មាន​ប្រសាសន៍​ថា​លោក​ Lee Kuan Yew​ បាន​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ពី​ឆ្នាំ១៩៥៩​ដល់​ឆ្នាំ១៩៩០​ ហើយ​លោក​បាន​បន្ត​បំពេញ​មុខ​នាទី​មាន​ឥទ្ធិពល​ក្នុង​វិស័យ​នយោបាយ​ប្រទេស ​ទោះណា​ជានៅ​ក្រោយ​លោក​បាន​ចុះចេញ​ពី​តំណែង​ក៏ដោយ។​

«ក្នុង​វ័យ​ចាស់​ជរា​ លោក​បាន​បន្ត​ឃ្លាំមើល​សិង្ហបុរី។ ​សិង្ហបុរីជា​កម្លាំង​ជម្រុញ​គ្មាន​ងាករេ​របស់​លោក។​លោក​បាន​ឧទ្ទិស​ខ្លួន​ប្រាណ​លោក​ទាំង​ស្រុង​ជូន​សិង្ហបុរី។​ សម​ដូច​លោក​បាន​មាន​ប្រសាសន៍​នៅ​ទី​បញ្ចប់​នៃ​ជីវិត​លោក​ហើយ​ខ្ញុំ​ដក​ស្រង់​ប្រសាសន៍​លោក​ថា៖ «ខ្ញុំ​បាន​ចំណាយ​ពេល​ភាគច្រើន​នៃ​ជីវិត​ខ្ញុំ​ដើម្បី​កសាង​ប្រទេស​នេះ។ ​គ្មាន​អ្វី​លើស​ពី​នេះ​ដែលខ្ញុំ​ត្រូវការ​ធ្វើទេ។ ​នៅទី​បញ្ចប់​តើ​ខ្ញុំ​បាន​អ្វី? ខ្ញុំ​បាន​ប្រទេស​សិង្ហបុរី​មួយ​ដែល​មាន​ជោគជ័យ។ អ្វី​ដែល​ខ្ញុំ​លះបង់? គឺ​ជីវិត​ខ្ញុំ‍»។

ការ​កាន់​មរណទុក្ខ​មួយ​សប្តាហ៍​បាន​ត្រូវ​ប្រកាស​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ហើយ​ពិធី​បុណ្យ​សព​ជាតិ​មួយ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃទី២៩​ខែ​មីនា។

ប្រែសម្រួល​ដោយ​លោក ឈឹម​ សុមេធ