នៅថ្ងៃអាទិត្យនេះ លោកនាយករដ្ឋមន្ត្រី Lee Hsien Loong នៃប្រទេសសិង្ហបូរីបានមានប្រសាសន៍នៅក្នុងវិយោគកថាមួយក្នុងពីធីបុណ្យសពឪពុកលោកថាលោក លី ក្វាន់ យូ (Lee Kuan Yew) «បានរស់ និងគិតដល់ប្រទេសសិង្ហបូរីក្នុងមួយជីវិតលោក»។
នៅក្នុងការសម្តែងគារវកិច្ចដ៏ប្រកបដោយមនោសញ្ចេតនា លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បានមានប្រសាសន៍នៅឯសាកលវិទ្យាល័យជាតិសិង្ហបូរីថា «ប្រទីបដែលបាននាំផ្លូវយើងទាំងអស់គ្នាក្នុងរយៈពេលជាច្រើនឆ្នាំនេះបានរលត់ហើយ។ យើងបានបាត់បង់បិតាអ្នកបង្កើតប្រទេសយើង»។
ពីធីបុណ្យសពនេះមានការចូលរួមពីសំណាក់ក្រុមឥស្សរជនមកពីទូទាំងពិភពលោក ដោយមានរួមបញ្ចូលលោកអតីតប្រធានាធិបតីស.រ.អា Bill Clinton លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe លោកស្រីប្រធានាធិបតី Park Geun-hye នៃប្រទេសកូរ៉េខាងត្បូង និងលោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Tony Abbott។
មឈូសសពលោក Lee Kuan Yew ដែលមានគ្របទង់ជាតិបានត្រូវតម្កល់នៅលើវេទិកាមួយនៅក្នុងមជ្ឈមណ្ឌលវប្បធម៌នៃសាកលវិទ្យាល័យជាតិសិង្ហបូរី។គេបានដឹកមឈូសសពលោកពីសភានៅពេលមានភ្លៀង តាមដងវិថីនានាដោយមានមនុស្សកាន់មរណទុក្ខរាប់ម៉ឺននាក់ឈរគោរពសពនៅសងខាងដងផ្លូវ។
អតីតនាយករដ្ឋមន្ត្រីរូបនេះ ដែលបានដឹកនាំប្រទេសជាតិជាកោះនេះពីឆ្នាំ១៩៥៩ដល់ឆ្នាំ១៩៩០ បានទទួលអនិច្ចកម្មកាលពីថ្ងៃចន្ទក្នុងជន្មាយុ៩១ឆ្នាំ។
លោកបានក្លាយទៅជានាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសសិង្ហបូរីនៅពេលប្រទេសនេះបានទទួលគារគ្រប់គ្រងដោយខ្លួនឯងពេញលេញពីការគ្រប់គ្រងអាណានិគមអង់គ្លេស។ លោក Lee បានឋិតនៅជាកម្លាំងជំរុញរបស់ប្រទេសក្នុងរយៈពេលវែងមួយ បន្ទាប់ពីលោកបានចូលនិវត្តន៍កាលពីបីទសវត្សរ៍បន្ទាប់មក។
គេបានកោតសរសើរលោកថា បានចាក់គ្រឹះសម្រាប់ការរីកចម្រើនយ៉ាងខ្លាំង និងវិបុលភាពដ៏ធំធេងនៃប្រទេសសិង្ហបូរី ក៏ប៉ុន្តែលោកបានត្រូវរិះគន់ដោយមនុស្សច្រើននាក់ ដែលប្រឆាំងនឹងរបៀបគ្រប់គ្រងបែបផ្តាច់ការរបស់លោក៕