គណៈរដ្ឋមន្រ្តីរបស់លោកស្រី Theresa May នាយករដ្ឋមន្រ្តីថ្មីរបស់អង់គ្លេស នឹងត្រូវមានភារកិច្ចធ្វើការចរចាដើម្បីដកប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុប។ ក៏ប៉ុន្តែ ការតែងតាំងលោក Boris Johnson ជារដ្ឋមន្រ្តីការបរទេសដែលជាឥស្សរជនដ៏សំខាន់ម្នាក់ដើម្បីធ្វើការចាកចេញពីសហភាពអឺរ៉ុប បានបណ្តាលឲ្យភ្ញាក់ផ្អើលហើយថែមទាំងមានការខឹងសម្បារពីសម្ព័ន្ធមិត្តនៅជុំវិញពិភពលោក។
លោក Ian Bond អ្នកវិភាគនៃមជ្ឈមណ្ឌលការធ្វើកំណែទម្រង់អឺរ៉ុប បាននិយាយថា ដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់លោកទំនងនៅទីក្រុងប្រ៊ុចសែល នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយដើម្បីចូលរួមជំនួបរបស់សហភាពអឺរ៉ុប ហើយមិនមែនជាការងាយស្រួលទេ។
លោក Ian Bond បាននិយាយបន្តទៀតថា «ប្រទេសនិងមេដឹកនាំបរទេសមួយចំនួនដែលលោក បានមាក់ងាយក្នុងប៉ុន្មានខែថ្មីៗនេះ ខ្ញុំគិតថា ការណ៍នេះនឹងក្លាយជាជំនួបដ៏លំបាកបំផុតមួយ»។
កាលពីខែឧសភា លោក Boris Johnson បានធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុបជាច្រើនខឹងដោយការអះអាងថា សហភាពអឺរ៉ុប បានធ្វើប្រហាក់ប្រហែលគ្នាទៅនឹង Adolf Hitlerនៅក្នុងការព្យាយាមបង្កើតមហារដ្ឋមួយ។ លោក Jean – Marc Ayrault រដ្ឋមន្រ្តីការបរទេសនៃប្រទេសបារាំង បានផ្ញើសារដោយនិយាយចំៗទៅកាន់រដ្ឋមន្រ្តីការបរទេសអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍។
លោករដ្ឋមន្រ្តីការបរទេសបារាំង ប្រាប់បណ្តាញព័ត៌មានបារាំងថា «ក្នុងអំឡុងពេលនៃយុទ្ធនាការ លោក បានភូតកុហកយ៉ាងច្រើនដល់ពលរដ្ឋអង់គ្លេសហើយឥឡូវនេះ លោក ទាល់ច្រកហើយ លោកទាល់ច្រកដើម្បីការពារប្រទេសរបស់លោក ក៏ប៉ុន្តែ ការទាល់ច្រករបស់លោកនៅក្នុងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ក៏មានភាពច្បាស់លាស់ដែរ»៕