ប្រធានផ្នែកគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុបលោក Josep Borrell បាននិយាយនៅថ្ងៃចន្ទនេះថា ចាំបាច់ត្រូវមានអ្នកដើរតួជាអ្នកត្រួតពិនិត្យតាមដាន ដើម្បីឲ្យកិច្ចឈប់វាយប្រយុទ្ធគ្នានៅក្នុងប្រទេសលីប៊ីអាចដំណើរទៅបាន។
លោកថ្លែងដូច្នេះទៅកាន់អ្នកកាសែតមុនពេលកិច្ចប្រជុំមួយចូលមកដល់ ដែលនៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបគ្រោងនឹងពិភាក្សាអំពីស្ថានការណ៍នៅក្នុងប្រទេសលីប៊ី និងអំពីកិច្ចព្រមព្រៀងមួយដែលសម្រេចបានកាលពីថ្ងៃអាទិត្យម្សិលមិញដោយមេដឹកនាំនានានៅលើពិភពលោកឲ្យមានការគោរពតាមបម្រាមហាមឃាត់អាវុធ និងដកខ្លួនថយចេញពីការជ្រៀតជ្រែកនៅក្នុងប្រទេសលីប៊ី។
លោក Borrell បញ្ជាក់ដូច្នេះថា៖ «យើងមិនអាចនិយាយថា នេះជាកិច្ចឈប់វាយប្រយុទ្ធគ្នា ហើយយើងធ្វើមិនដឹងមិនឮនោះទេ។ យើងត្រូវតែធ្វើឲ្យកិច្ចឈប់វាយប្រយុទ្ធគ្នានេះមានសុពលភាព ដោយនរណាម្នាក់ត្រូវតែតាមដានត្រួតពិនិត្យលើរឿងនេះ។ អង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក សហភាពអឺរ៉ុប ត្រូវតែតាមដានត្រួតពិនិត្យលើរឿងនេះ»។
មេដឹកនាំនៃប្រទេសចំនួន ១២ នៅលើពិភពលោក រួមជាមួយនឹងអ្នកតំណាងកំពូលមកពីសហភាពអឺរ៉ុប អង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក និងសម្ព័ន្ធភាពអារ៉ាប់ បានសម្រេចបាននូវកិច្ចព្រមព្រៀងមួយអំពីប្រទេសលីប៊ី នៅក្នុងកិច្ចប្រជុំរយៈពេលមួយថ្ងៃនៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យម្សិលមិញ។ នៅក្នុងប្រទេសលីប៊ី កងកម្លាំងរដ្ឋាភិបាលប្រជែងគ្នាពីរកំពុងវាយប្រយុទ្ធដណ្ដើមអំណាចគ្នា។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា ភាគីទាំងអស់ចាំបាច់ត្រូវដាក់សម្ពាធលើភាគីជម្លោះនៅក្នុងប្រទេសលីប៊ី។ ដោយសារតែមានប្រទេសផ្សេងៗគ្នាគាំទ្រភាគីជម្លោះម្ខាងៗនៅក្នុងប្រទេសលីប៊ី គេមានការព្រួយបារម្ភកាន់តែខ្លាំងថា ប្រទេសលីប៊ីអាចមានស្ថានការណ៍ដូចទៅនឹងប្រទេសស៊ីរី៕