ធនាគារ​ពិភពលោក ព្រមាន​ថា ​សេដ្ឋកិច្ច​សាកលលោក អាច​ងាយ​ធ្លាក់​ក្នុង​វិបត្តិ​​នៅ​ឆ្នាំ​២០២៣

  • ​Reuters

រូបឯកសារ៖ ស្ត្រី​ម្នាក់​ដើរ​កាត់​​ហាង​ប្ដូរ​ប្រាក់​មួយ​ដែល​ហាងនោះ​តុបតែង​ដោយ​មាន​ក្រដាសប្រាក់​របស់​ប្រទេស​ជាច្រើន​ ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៩។ ​

ធនាគារ​ពិភពលោក បាន​បន្ថយ​អត្រា​នៃ​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០២៣​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ ទៅ​ដល់​កម្រិតកៀក​នឹង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច​សម្រាប់ប្រទេស​ជាច្រើន នៅ​ពេល​ផល​ប៉ះពាល់​នៃ​ការ​បង្កើន​អត្រា​ការប្រាក់​របស់​ធនាគារ​កណ្ដាល​ កើន​តែ​ឡើង​ខ្លាំង ​សង្គ្រាម​រុស្ស៊ីនៅ​អ៊ុយក្រែន​នៅ​បន្ត ហើយ​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ធំៗ​លើ​លោក នៅ​ដង្ហក់​នៅ​ឡើយ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ Reuters។

ស្ថាប័ន​ផ្តល់​កម្ចី​សម្រាប់​អភិវឌ្ឍន៍​នេះ និយាយ​ថា​ពេល​នេះ​ខ្លួន​រំពឹង​ថា​កំណើន​ផល​ទុន​សរុប​ក្នុង​ស្រុក​ទូទាំង​សកលលោក​នៅ​ត្រឹម​១.៧​%​នៅ​ឆ្នាំ​២០២៣ ជា​កំណើន​យឺត​បំផុត​ ក្រៅ​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ឆ្នាំ​២០០៩​និង​២០២០ ក្នុង​ពេល​ជិត​៣​ទសវត្សរ៍​កន្លង​មក​នេះ។ ក្នុង​របាយការណ៍​ស្តីពី​សន្ទស្សន៍​សេដ្ឋកិច្ច​សកល​លើក​មុន​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយ​នៅ​ខែ​មិថុនា​ឆ្នាំ​២០២២ ធនាគារ​ពិភពលោក បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ច​ពិភពលោក​នឹង​កើន​ក្នុង​អត្រា​៣%។​

ធនាគារ​នេះនិយាយ​ថា​ការ​ធ្លាក់​ចុះក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍ រួម​ទាំង​ការ​កាត់​អត្រា​ព្យាករណ៍​របស់​ខ្លួន​មក​ត្រឹម​០,៥ % ​សម្រាប់​ទាំង​សហរដ្ឋ​អាមេរិក​ ទាំង​តំបន់​អឺរ៉ុប ជា​ប្រផ្នូល​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​សកល​ថ្មី​មួយ​ក្នុង​ពេល​មិន​ដល់​៣​ឆ្នាំ​ផង ក្រោយ​ពី​ការ​ធ្លាក់​ចុះ​លើក​ចុងក្រោយ។

ធនាគារ​ពិភពលោក បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ភ្ជាប់​ជាមួយ​របាយការណ៍​របស់​ខ្លួន​ថា៖ ​«‍ដោយ​សារ​ស្ថានភាព​សេដ្ឋកិច្ច​ផុយ​ស្រួយ ការ​វិវត្ត​ថ្មី​ជា​អវិជ្ជមាន​ណាមួយ​ ដូចជា​អតិផរណា​ខ្ពស់​ហួស​ស្មាន កំណើន​អត្រា​ការ​ប្រាក់​ភ្លាមៗ ដើម្បី​ទប់​អតិផរណា ការ​រើបឡើងវិញ​នូវ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ការ​កើនឡើង​ភាព​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ សុទ្ធ​តែ​អាច​រុញ​សេដ្ឋកិច្ច​ពិភពលោក ឲ្យ​ដាំ​ក្បាល​ចុះ​បាន»។

ការ​ប្រមើល​មើល​ដ៏​អាប់អួ​នេះ នឹង​ធ្លាក់​ទៅ​លើ​ជា​ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍ​និង​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​លឿនដែល​ប្រទេស​ទាំង​នេះ កំពុង​ត្រដាបត្រដួស ដោយសារ​តែ​បន្ទុក​បំណុល​ធ្ងន់ធ្ងរ កំណើន​ប្រាក់​ចំណូល​និង​រូបិយប័ណ្ណ​ខ្សោយ និង​ការ​បណ្ដាក់​ទុន​វិនិយោគ​យឺត ដែល​ឥឡូវ​ត្រូវ​បាន​ព្យាករណ៍​ក្នុង​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​៣,៥% ក្នុង​ពេល​២​ឆ្នាំ​ខាង​មុខ គឺ​តិច​ជាង​អត្រា​កាល​ពី​២​ទសវត្សរ៍​កន្លង​ទៅ។ ​នេះ​បើ​យោង​តាម​ធនាគារ​ពិភពលោក។

កំណើនរបស់​ចិន​នៅ​ឆ្នាំ​២០២២ បាន​ធ្លាក់​ចុះ​ដល់​២.៧% ជា​អត្រា​យឺត​បំផុត​ទី​២​ ចាប់​តាំង​ពី​ពាក់​កណ្តាល​ទសវត្សរ៍​១៩៧០ និង​ក្រោយ​ឆ្នាំ​២០២០​មក ពេល​ដែល​ការ​ដាក់​កំហិត​គ្មាន​កូវីដ ឬ zero-COVID ភាព​វឹកវរ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​និង​គ្រោះ​ទុរ្ភិក្ស បាន​ប៉ះពាល់​ដល់ការ​ប្រើប្រាស់ ផលិតកម្ម និង​វិនិយោគ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក៕