របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកបានរកឃើញថា ការបង្កើនថវិកាចំណាយរបស់រដ្ឋាភិបាលកម្ពុជាលើការដំឡើងតែប្រាក់ខែសម្រាប់មន្ត្រីរាជការមិនគ្រប់គ្រាន់ដើម្បីបង្កើនគុណផលការងារក្នុងវិស័យអប់រំ និងសុខាភិបាលនោះទេ។ ធនាគារពិភពលោកថា ការបង្កើនការចំណាយលើសេវាសាធារណៈក្នុងវិស័យសង្គមកិច្ចមានសារៈសំខាន់ដល់ការលើកកម្ពស់គុណផលក្នុងវិស័យសំខាន់ៗទាំងពីរនេះ។
របាយការណ៍ធនាគារពិភពលោកដែលចេញផ្សាយកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានបញ្ជាក់ថា កាលពីកន្លងទៅ កម្ពុជាមានលទ្ធភាពក្នុងការបញ្ចៀសផលប៉ះពាល់អាក្រក់ពីការរាតត្បាតជំងឺកូវីដ១៩ និងក្នុងការចាយវាយបានកាន់តែច្រើនទៅលើផ្នែកសង្គមកិច្ច ដោយសារការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានហ្មត់ចត់ និងការកើនឡើងនៃការប្រមូលចំណូលដែលបានមកពីកំណើនថេរនៃសេដ្ឋកិច្ចក្នុងចន្លោះឆ្នាំ ១៩៩៥ និង ២០១៩។
ធនាគារពិភពលោកដែលមានទីស្នាក់កណ្តាលនៅសហរដ្ឋអាមេរិកបន្តថា ការកើនឡើងខ្លាំងនៃការចំណាយនេះគឺមួយផ្នែកធំកើតឡើង ដោយសារការចំណាយទៅលើការដំឡើងប្រាក់បៀវត្សរ៍ទូទៅរបស់បុគ្គលិកក្នុងវិស័យសាធារណៈ ដោយមិនបានផ្សារភ្ជាប់ទៅនឹងសមិទ្ធកម្មការងារនោះទេ។
របាយការណ៍របស់ធនាគារពិភពលោកបញ្ជាក់ក្នុងន័យដើមថា៖ «ជាលទ្ធផលបច្ចុប្បន្ននេះ ប្រាក់បៀវត្សរ៍គោលជាមធ្យមនៅក្នុងវិស័យសាធារណៈបានឡើងហួសប្រាក់បៀវត្សរ៍គោលរបស់បុគ្គលិក ដែលកាន់ការងារស្រដៀងគ្នានៅក្នុងវិស័យឯកជន»។
របាយការណ៍ដដែលបន្តថា ការដំឡើងប្រាក់បៀវត្សរ៍មិនទាន់បានប្រែក្លាយគុណផលការងារឱ្យមានភាពកាន់តែប្រសើរនៅឡើយទេ ជាពិសេសនៅក្នុងផ្នែកសង្គមកិច្ច។
របាយការណ៍នេះបញ្ជាក់ថា៖ «គុណផលក្នុងវិស័យអប់រំមានភាពប្រសើរបន្តិចបន្តួចមែន ប៉ុន្តែនៅតែទាបបើប្រៀបធៀបជាមួយប្រទេសឯទៀតក្នុងតំបន់។ ការប្រើប្រាស់គ្រឹះស្ថានសេវាថែទាំសុខភាពសាធារណៈនៅមានកម្រិតទាប ហើយពលរដ្ឋកម្ពុជាចាយលុយហោប៉ៅខ្លួនឯងទៅលើការព្យាបាលដោយពេទ្យក្នុងកម្រិតមួយខ្ពស់ជាងកម្រិតមធ្យមនៅក្នុងតំបន់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធសេវាសាធារណៈគួរត្រូវបានកែលម្អឱ្យមានភាពប្រសើរជាងមុន»។
អ្នកស្រី ម៉ារីយ៉ាម សាលីម នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជាត្រូវបានស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «កម្ពុជាគួរទទួលបានមកវិញនូវតម្លៃប្រសើរជាងមុន ពីការចំណាយរបស់ខ្លួនទៅលើផ្នែកសេវាសាធារណៈដើម្បីឈានទៅសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពបរិយាបន្នយូរអង្វែង»។
អ្នកស្រីបន្តថា ការចាយវាយដែលមានប្រសិទ្ធផលតម្រូវឱ្យមានការភ្ជាប់លក្ខខណ្ឌនៃការដំឡើងប្រាក់បៀវត្សរ៍នឹងសមិទ្ធកម្មការងារ ហើយត្រូវមានការថ្លឹងថ្លែងលើការចំណាយឱ្យបានប្រសើរជាងមុន ពេលមានការបែកចែកធនធានថវិកានៅតាមគ្រប់កម្រិតរបស់រដ្ឋាភិបាល។
ការចំណាយលើប្រាក់បៀវត្សរ៍របស់ប្រទេសកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ គឺ ២៦% លើការចំណាយសាធារណៈក្នុងឆ្នាំ ២០០៥ និង ៣៣% នៃការចំណាយសាធារណៈក្នុងឆ្នាំ ២០២០។
ទោះបីជាប្រទេសក្នុងតំបន់ខ្លះបង្ហាញនិន្នាការកើនឡើងស្រដៀងគ្នារវាងឆ្នាំ ២០០៥ និងឆ្នាំ ២០២០ ដែលអត្រានៃការចំណាយសាធារណៈលើប្រាក់បៀវត្សរ៍បានកើនឡើងប្លែកសម្រាប់កម្ពុជា បើធៀបនឹងដៃគូក្នុងតំបន់របស់ខ្លួន។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក។
បើតាមរបាយការណ៍ដដែល នៅក្នុងវិស័យអប់រំ ការចំណាយរបស់កម្ពុជាគឺទាបបំផុតទី ២ នៅក្នុងតំបន់គិតជាភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយលទ្ធផលសិក្សានៅកម្ពុជានៅមានកម្រិតទាបនៅឡើយ។ ចន្លោះឆ្នាំ ២០១៣ និងឆ្នាំ ២០២១ សិស្សជាមធ្យមនៅថ្នាក់ទី ៦ អាចឆ្លើយភាសាខ្មែរបាន«តិចជាង ៥២ ភាគរយ» ដែលជាសំណួរត្រឹមត្រូវ។ លទ្ធផលនៃការសិក្សារបស់សិស្សគណិតវិទ្យាកាន់តែអន់ ដោយជាមធ្យម សិស្សថ្នាក់ទី ៦ អាចឆ្លើយសំណួរត្រឹមត្រូវ «តិចជាងពាក់កណ្តាល»។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា អ្នកស្រី ឃួន វិចិ្ឆកា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមជាអក្សរថា រដ្ឋាភិបាលកម្ពុជាបានដាក់វិស័យអប់រំជាអាទិភាពចម្បងក្នុងការឈានឆ្ពោះទៅការអភិវឌ្ឍប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
អ្នកស្រីបន្តថា ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ រដ្ឋាភិបាលបានចំណាយលើវិស័យអប់រំប្រមាណជិតបីពាន់លានរៀល ឬស្មើជាង ៧៥ ម៉ឺនដុល្លារ ឬប្រមាណ ១៧% នៃចំណាយចរន្តថវិកាថ្នាក់ជាតិក្នុងមួយឆ្នាំៗ។ អ្នកស្រីបញ្ជាក់ទៀតថា ក្នុងឆ្នាំ ២០២២ ថវិកាក្នុងវិស័យអប់រំកម្ពុជាមានប្រមាណ ២,៥% នៃផលិតផលក្នុងស្រុកសរុប។
អ្នកស្រីបានលើកឡើងថា៖ «ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាមានចំនួនតិចជាងប្រទេសក្នុងតំបន់ លើកលែងសាធារណរដ្ឋឡាវ ដោយ GDP ប្រទេសកម្ពុជាមានចំនួនតិចជាងប្រទេសថៃប្រមាណ ១៩ ដង តិចជាងប្រទេសវៀតណាមប្រមាណ ១៣,៥ ដង តិចជាងឥណ្ឌូណេស៊ីប្រមាណ ៤៤ ដង តិចជាងហ្វីលីពីនប្រមាណ ១៥ ដង និងតិចជាងម៉ាឡេស៊ីប្រមាណ ១៤ ដង»។
អ្នកនាំពាក្យក្រសួងអប់រំរូបនេះបន្ថែមទៀតថា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងជីវភាពគ្រូបង្រៀន ប្រាក់បៀវត្សរ៍អប្បបរមារបស់គ្រូបង្រៀនកម្រិតបឋមសិក្សាត្រូវបានដំឡើងពី ៥៥ ម៉ឺនរៀលនៅឆ្នាំ ២០១៤ ទៅដល់ចំនួន ៨០ ម៉ឺនរៀលនៅឆ្នាំ ២០១៦ និងបន្តកើនឡើងដល់ចំនួន ១,២៤ លានរៀល នៅឆ្នាំ ២០២០ និង ១,៤ លានក្នុងឆ្នាំ ២០២៣ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងអាទិភាពរបស់រដ្ឋាភិបាលលើវិស័យអប់រំ។
បើតាមអ្នកស្រី ឃួន វិច្ឆិកា បច្ចុប្បន្នបុគ្គលិកអប់រំមានចំនួនជាង ១២៤.៥០០ នាក់។
អ្នកស្រីបញ្ជាក់ថា៖ «ក្រសួងនៅតែបន្តអនុវត្តរាល់ឧត្តមមានុវត្តន៍កន្លងមក រួមមានការប្រឡងក្រោមគោលការណ៍អ្នកចេះគឺជាប់ ព្រមទាំងផ្តោតសំខាន់ក្នុងឆ្នាំថ្មីនេះលើការអនុវត្តស្តង់ដារសាលារៀនគំរូ ដោយក្នុងនោះគឺការពង្រឹងកម្រិតមូលដ្ឋានលើអភិបាលកិច្ច វិធីសាស្ត្របង្រៀន ការគ្រប់គ្រងធនធានមនុស្ស ថវិកា និងកិច្ចសហការពីសហគន៍»។
ចំពោះការចំណាយលើវិស័យសុខាភិបាលវិញ ធនាគារពិភពលោករកឃើញថា ទោះបីជាការចំណាយសរុបបានកើនឡើងក្នុងប៉ុន្មានឆ្នាំមកនេះក៏ដោយ ក៏នៅមានកន្លែងសម្រាប់បង្កើនប្រសិទ្ធភាពបន្ថែមទៀត ដោយចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ បានកើនឡើងពី ១,៨% ទៅ ២,២% នៃផលិតផលក្នុងស្រុកសរុប។ ការកើនឡើងនេះ ដោយសារតែប្រាក់បៀវត្សរ៍ក្នុងវិស័យសុខាភិបាលខ្ពស់ជាងមុន ហើយក៏មានការបន្ថែមការចំណាយលើសេវាព្យាបាលរបស់អ្នកជំងឺ និងការចំណាយលើប្រតិបត្តិការផ្សេងៗនៅតាមមណ្ឌលសុខភាព។
ធនាគារពិភពលោកបន្តថា ការប្រើប្រាស់គ្រឹះស្ថានថែទាំសុខភាពរដ្ឋនៅមានកម្រិតទាបនៅឡើយពោលគឺមានតែ ១៥% រីឯការប្រើប្រាស់សេវានៅគ្រឹះស្ថានថែទាំសុខភាពឯកជនមាន ៨៤%។ ធនាគារពិភពលោកបញ្ជាក់ថា ពលរដ្ឋកម្ពុជាចាយលុយហោប៉ៅខ្លួនឯងទៅលើការព្យាបាលជំងឺ និងសេវាថែទាំសុខភាព។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបាននៅឡើយទេ។
អ្នកវិភាគសេដ្ឋកិច្ច លោក ង៉ែត ជូ ប្រាប់វីអូអេថា មួយរយៈក្រោយនេះ រដ្ឋាភិបាលបានបង្កើនប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការ ដោយសារកម្រិតប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការកម្ពុជានៅទាបនៅឡើយ។ លោកបន្តថា ការបង្កើនថវិកាចំណាយនានាគឺរដ្ឋាភិបាលតែងធ្វើតាមដំណាក់កាល ដោយពឹងផ្អែកលើចំណូលជាតិ និងធ្វើកម្ចីមួយចំនួនផងដែរ។
លោកថ្លែងថា៖ «ទាក់ទងនឹងកម្រិតបៀវត្សរ៍ដែលបានដំឡើងជាបន្តបន្ទាប់ សង្ឃឹមថា រដ្ឋាភិបាលនឹងនៅបន្តផ្តល់អាទិភាពនៅក្នុងការដំឡើងកម្រិតបៀវត្សរ៍ជូនមន្ត្រីរាជការដើម្បីបង្កើនប្រសិទ្ធភាពការងារ។ ខ្ញុំក៏ចង់សបញ្ជាក់ដែរថា ការបង្កើនប្រាក់បៀវត្សរ៍តែមួយមុខក៏មិនអាចបង្កើនប្រសិទ្ធភាពការងារដែរ ប៉ុន្តែក៏ជាការចាំបាច់ត្រូវមានវិធានការផ្សេងៗ ដូចជាការគ្រប់គ្រងបុគ្គលិករបស់រដ្ឋឱ្យមានភាពត្រឹមត្រូវ មានតម្លាភាពអីជាដើម»។
លោកបញ្ជាក់ទៀតថា ការពង្រឹងលើការប្រើប្រាស់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព តម្រូវជាសំខាន់ឲ្យមានការបម្រើសេវាកម្មជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ក៏ដូចជាការពិនិត្យលើការបំពេញការងារ និងការទទួលខុសត្រូវរបស់មន្រ្តីរាជការម្នាក់ៗពេលបំពេញតួនាទីរបស់ខ្លួន។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការមិនបានធ្វើឱ្យរាំងស្ទះវិស័យណាមួយឡើយនៅក្នុងប្រទេស។
ដោយឡែកលោកថា បើនិយាយពីបញ្ហាសេដ្ឋកិច្ចគឺដោយសារការកើនឡើងនៃអតិផរណាដែលជាបន្ទុកមួយសម្រាប់មន្ត្រីរាជការ។ ដូច្នេះ ការបន្ថែមប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការគឺដើម្បីសម្រួលបន្ទុកនោះ នឹងរួមចំណែកធ្វើឱ្យចរន្តសេដ្ឋកិច្ចក្នុងសង្គមដំណើរការជាធម្មតា។
លោកថ្លែងថា៖ «អ៊ីចឹងទាំងអស់ហ្នឹងក៏យើងវិភាគទៅលើទិដ្ឋភាពសេដ្ឋកិច្ច ខ្ញុំយល់ឃើញថា ល្អវិញទេ ដោយសារតែរដ្ឋាភិបាលយើងបានបង្កើន ដោយយល់ឃើញពីសភាពការណ៍ ដោយយល់ឃើញពីកិច្ចសន្យារវាងរាជរដ្ឋាភិបាលជាមួយនឹងមន្រ្តីរាជការ ហ្នឹងគឺការផ្តល់ថវិកា ឬការបង្កើននូវប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការជាសកម្មភាពមួយល្អ ហើយជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ចសង្គមកាន់តែច្រើនឡើងផងដែរ»។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្តថា បើទោះបីមានការដំឡើងប្រាក់បៀវត្សរ៍ជូនបុគ្គលិករដ្ឋក្តី ក៏វាមិនបានធ្វើឱ្យមានផលប៉ះពាល់ដល់វិស័យអប់រំ វិស័យសុខាភិបាល និងវិស័យដទៃទៀតឡើយ ដោយសារតែតាមក្រសួងនីមួយៗតែងតែមានកញ្ចប់ថវិកា និងគម្រោងនៅតាមឆ្នាំនីមួយៗជាក់លាក់។
លោកបន្ថែមថា៖ «រាជរដ្ឋាភិបាលកម្ពុជាកៀរគរដែលហៅថា គ្រប់គ្រងចំណូលចំណាយរបស់ខ្លួនបានប្រាកដប្រជា គឺច្បាស់លាស់ណាស់ ក្នុងការចំណាយ ហើយនឹងការផ្តល់អនុសាសន៍ល្អៗដល់ទៅសា្ថប័នសាធារណៈដទៃទៀតក្នុងការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាការអភិវឌ្ឍសេវាសង្គមផ្សេងៗ រួមទាំងការចេះសន្សំសំចៃទៅលើថវិកាជាតិលើខ្ទង់ណាដែលមិនចាំបាច់»។
ឆ្លើយតបទៅនឹងរបាយការណ៍របស់ធនាគារពិភពលោក អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា លើកឡើងថា ការដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការជាការគិតគូរត្រឹមត្រូវមួយរបស់រដ្ឋាភិបាល ដោយសារកន្លងទៅមានការរិះគន់ថា រដ្ឋាភិបាលបានផ្តល់ប្រាក់បៀវត្សរ៍តិចតួចទៅដល់មន្ត្រីរាជការទើបការងារមិនសូវមានប្រសិទ្ធភាព។ លោកបន្តថា ប្រជាពលរដ្ឋបច្ចុប្បន្ននេះបានផ្តល់តម្លៃទៅលើការងារមន្រ្តីរាជការ ហើយរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការផ្តល់ប្រាក់បៀវត្សរ៍សមរម្យជូនពួកគេផងដែរ។
លោក ប៉ែន បូណា អះអាងទៀតថា រដ្ឋាភិបាលក៏បានផ្តោតសំខាន់លើវិស័យអប់រំ និងសុខាភិបាលផងដែរ។
លោកថ្លែងថា៖ «ហើយទាក់ទងទៅនឹងវិស័យអប់រំ និងវិស័យសុខាភិបាល យើងឃើញហើយរាជរដ្ឋាភិបាលបាននឹងកំពុងធ្វើ ហើយផ្តល់តម្លៃទៅដល់វិស័យសង្គមកិច្ច អប់រំ សុខាភិបាលនេះខ្លាំងណាស់។ យើងឃើញជាក់ស្តែងទាំងអស់គ្នាហើយ ព្រោះយើងបានឃើញទាំងអស់គ្នាហើយ ព្រោះស្រុកសន្តិភាព អត់មានចំណាយលុយទៅលើការធ្វើសង្គ្រាមអីទៀតទេ គឺចំណាយទៅលើសង្គមកិច្ចហើយជាពិសេសគឺអប់រំ និងសុខាភិបាលគឺជាអាទិភាពចម្បង។ រាជរដ្ឋាភិបាលបាននឹងកំពុងធ្វើរួចហើយ»។
ធនាគារពិភពលោកក៏បានផ្តល់អនុសាសន៍មួយចំនួនទៅកាន់រដ្ឋាភិបាលកម្ពុជា ដោយរៀបចំដំណាក់កាលខាងមុខនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីកសាងភាពធន់ផ្នែកសារពើពន្ធ ដែលចាំបាច់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចំណាយរយៈពេលវែង និងចំពោះបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។
ធនាគារពិភពលោកលើកឡើងថា រដ្ឋាភិបាលកម្ពុជាអាចបង្កើនការផ្គត់ផ្គង់សេវាដ្ឋានសុខាភិបាលបាន តាមរយៈការដោះស្រាយបញ្ហាគុណភាពជាមូលដ្ឋាន នៅតាមគ្រឹះស្ថានសេវាដ្ឋានសុខាភិបាលសាធារណៈ បង្កើនការប្រើប្រាស់គ្រឹះស្ថានសុខាភិបាលសាធារណៈ ការធានាឱ្យមានលទ្ធភាពទទួលបានសេវាដ្ឋានសុខាភិបាលប្រកបដោយសមធម៌សម្រាប់ជនក្រីក្រ ដើម្បីធ្វើយ៉ាងណាឱ្យចំណាយលើវិស័យអប់រំកាន់តែមានប្រសិទ្ធផល។
ធនាគារពិភពលោកបន្តថា អាជ្ញាធរអាចពង្រឹងដំណើរការនៃការជ្រើសរើស ការដាក់ពង្រាយ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្រៀន ព្រមទាំងតាមរយៈការចាត់ចែងមូលនិធិប្រតិបត្តិការសាលារៀន ឱ្យកាន់តែមានលក្ខណៈឆ្លើយតបទៅនឹងតម្រូវការរបស់សាលារៀននីមួយៗ។
លើសពីនេះ របាយការណ៍បានផ្តល់អនុសាសន៍ថា ការកែលម្អប្រតិបត្តិការឱ្យមានប្រសិទ្ធភាពជាងមុន ការគ្រប់គ្រងធនធានមនុស្ស និងការពង្រឹងសមត្ថភាពរបស់បុគ្គលិកនៅតាមគ្រប់កម្រិតនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏នឹងរួមចំណែកធ្វើឱ្យការចំណាយសាធារណៈអាចជះឥទ្ធិពលវិជ្ជមានបានកាន់តែប្រសើរថែមទៀតផងដែរ៕