ធនាគារ​ពិភព​លោក៖​សន្ទស្សន៍​កំណើន​សេដ្ឋ​កម្ពុជា​ឆ្នាំ​២០១៤​ធ្លាក់​ចុះ

ទិដ្ឋភាព​​ផ្សារ​ថ្មី​នៅទី​ក្រុង​​ភ្នំពេញ​​ដែល​ការលក់ដូរ​ធ្លាក់ចុះ។​

ធនាគារ​ពិភព​លោកបា​ន​ទស្សទាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ សេដ្ឋ​កិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៤​នឹង​ធ្លាក់​ចុះ​មក​ត្រឹម​៧,២%​ គឺជា​ការ​ទស្សទាយ​ដែល​មាន​លក្ខណៈ​ស្រប​គ្នា​ទៅ​នឹងការ​វាយ​តម្លៃ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ​ (IMF)​ដែរ។

ក្នុង​សន្និសីទកាសែត​វីដេអូ​តាមអ៊ីនធើណិត​ ដែល​ភ្ជាប់​មកទីស្នាក់​ការ​របស់ខ្លួន​ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ព្រឹកមិញ ធនាគារ​ពិភព​លោក​លើក​ឡើង​ថា​ឱនភាព​សេដ្ឋកិច្ច​កម្ពុជា​គឺ​ដោយ​សារ​ភាព​ចលាចល​ផ្នែក​ពលកម្ម​ និង​វិបត្តិ​នយោបាយ​ដែល​នៅ​បន្ត​ជាប់​គាំង​ក្រោយ​ការ​បោះឆ្នោត។​

កាល​ពី​សប្តាហ៍​មុន ​IMF​ បាន​ព្យាករណ៍​ថា​ សេដ្ឋ​កិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​មក​ត្រឹម​៧,២​ភាគរយនៅ​ឆ្នាំ​២០១៤​ ខណៈ​ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​បាន​វាយ​តម្លៃ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់ពី​៧,៤​ភាគ​រយ​នៅ​ឆ្នាំ​២០១៣​មកត្រឹម​៧​ភាគ​រយ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៤​នេះ។ ​ADB​ក៏​បាន​លើក​ពីមូលហេតុ​ដូចគ្នា​នឹង​ទឡ្ហីករ​របស់​ធានាគារ​ពិភព​លោក​ដែរ។​

លោក​ប៊ើត ហូហ្វម៉េន(Bert Hofman) ប្រធាន​ក្រុម​អ្នក​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភព​លោក​ប្រចាំ​តំបន់​អាស៊ីបូព៌ា​ និង​ប៉ាស៊ីហ្វិក​ គូស​បញ្ជាក់​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​ពឹង​ផ្អែក​លើ​វិស័យ​វាយនភណ្ឌនិង​វិស័យ​ទេសចរណ៍​ជា​សំខាន់។​

«ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​សេដ្ឋកិច្ចរបស់​កម្ពុជា​ បើ​ទោះបី​ជា​ប្រទេស​នេះ​ជួប​បញ្ហា​ភាព​មិន​ជាក់​លាក់​នៃ​នយោបាយ​និង​ការ​តវ៉ា​របស់​ក្រុម​កម្មករ​យ៉ាង​ណាក្តី។​ ប្រទេស​នេះ​នៅតែ​ជា​តំបន់​អទិភាព​មួយ​សម្រាប់​វិនិយោគ​ ជាពិសេស​លើ​វិស័យ​វាយនភណ្ឌនិង​ទេសចរណ៍»។​

របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​ឲ្យ​ដឹង​ថា​ សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​លើ​វិស័យនាំ​ចេញ​ផលិត​ផល​សម្លៀកបំពាក់​ទៅ​ក្រៅ​ប្រទេស​ វិស័យ​ទេសចរណ៍​ និង​កសិកម្ម​គឺ​ការ​នាំ​អង្គរ​ចេញ​ទៅ​ក្រៅ​ប្រទេស។ ​ហើយលំហូរ​ទឹក​ប្រាក់​វិនិយោគពី​បរទេស​មក​កម្ពុជា​បាន​ធ្លាក់​ចុះពី​ជាង​១,៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣​មក​ត្រឹម​១,២​ពាន់លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤។​

ដោយឡែក​ កម្រិត​អតិផរណា​នៃ​ការ​កើន​ឡើងតម្លៃ​ទំនិញ​ក្នុង​ទីផ្សារ​កម្ពុជា​ក៏​នឹង​កើន​ឡើ​ង​ពី​៤,៧%នៅ​ឆ្នាំ​២០១៣​ទៅ​៥%​នៅ​ឆ្នាំ​២០១៤​ដែរ។​

ធនាគារពិភព​លោក​បាន​ឲ្យ​ដឹង​ថា អត្រា​តម្លៃ​អតិផរណា​នេះ​ខ្លួន​បាន​ប្រមូល​យក​ព័ត៌មាន​ពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ ដែល​កន្លង​មក​ទិន្នន័យ​ប្រមូល​ដោយ​ស្ថាប័ន​រដ្ឋ​មួយ​នេះ​ធ្លាប់​ត្រូវ​បាន​រង​ការ​រិះគន់​ថា ​មិន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​សង្គម។​

លោកអាឡាសាន សូ (Alassane​ Sow) ​ប្រធាន​គ្រប់​គ្រង​ធនាគារ​ពិភព​លោកប្រចាំ​នៅ​កម្ពុជា បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានថា នៅ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ជិត​៣​លាន​នាក់​ទៀត​ ដែល​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ​នៅ​ឡើយ។​ ហើយមាន​ប្រជាជន​កម្ពុជា​ជាង​៨​លាន​នាក់​ទៀត​កំពុង​រស់​នៅ​ក្បែរ​បន្ទាត់​ក្រីក្រ ​ហើយ​អ្នកទាំង​នោះ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រី​ក្រ​វិញ។​

​លោកកែម ​ឡី​ អ្នក​វិភាគ​សង្គម​ឯករាជ្យ​ បាន​លើក​ឡើង​ថា ​ទោះបី​ជា​សេដ្ឋកិច្ច​ កម្ពុជា​មាន​ការ​កើន​ឡើង​និង​ប្រែ​ប្រួល​ក្នុង​រង្វង់​៧%​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​ នេះ​យ៉ាង​ណា​ក្តី​ អត្រា​ប្រជា​ពលរដ្ឋ​ក្រីក្រ ​និង​គម្លាត​រវាង​អ្នក​មាន​ និ​ង​អ្នក​ក្រ​កាន់​តែ​ធំៗទៅ។​

លោកកែម ​ឡីបន្ត​ទៀត​ថា​ ការ​យក​ទិន្នន័យ​ពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ដែល​ស្ថិត​ក្រោយ​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ អាចជួយ​បញ្ហា​ ពេល​ខ្លះ។​

«អ្នក​ដែល​ក្រ​ និង​អ្នក​ដែល​ជិត​ក្រ​កាល​ពី​២០០៤​នាក់​ហ្នឹង​មាន​តែ​៦​លាន​នាក់​ទេ។​ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​២០១២​ហ្នឹង​មាន​រហូត​ដល់​ជាង​១២​លាន​នាក់។​ អញ្ចឹង​កំណើនសេដ្ឋ​កិច្ច​ ហើយ​អ្នក​ក្រ​ និង​អ្នក​ជិត​ក្រ​ហាក់​ដូច​ជា​អត់​សមាមាត្រ​គ្នា​ទេ។​ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ​វា​មាន​វិសមភា​ពសេដ្ឋ​កិច្ច​ខ្លាំង»។​

យោង​តាម​របាយ​ការណ៍​របស់​ធនាគារពិភព​លោកឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ជំពាក់​បំណុល​បរទេសនៅ​ឆ្នាំ​២០១៣​ចំនួន​៥,១​ពាន់​លាន​ដុល្លារ​អាមេរិក ​ខណៈ​ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បង្ហាញ​ថា​ បំណុល​បរទេស​របស់​កម្ពុជា​មាន​ចំនួន​ត្រឹម​តែ​៤,៨​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​ដដែល​នោះ។​

មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ (IMF)​ បានព្យាករណ៍​ថា​ ប្រាក់​បំណុល​របស់​កម្ពុជា​នឹង​កើន​ឡើង​រហូត​ដល់​ជាង​៥,៥​ពាន់លាន​ដុល្លារ​ស្មើ​នឹង​ជាង​៣៣%​នៃ​ផលិតផល​ដុល​សរុប​ឬ ​GDP ​របស់​កម្ពុជានៅ​ឆ្នាំ​២០១៤​នេះ៕