ធនាគារពិភពលោកប្រចាំកម្ពុជានៅថ្ងៃពុធនេះ បានស្នើឲ្យអាជ្ញាធរកម្ពុជាបង្កើនកំណែទម្រង់ក្នុងប្រព័ន្ធរដ្ឋបាលគ្រប់គ្រងទីក្រុងភ្នំពេញ និងកែលម្អចំណុចខ្វះខាតជាច្រើនទៀត ដើម្បីធ្វើឲ្យប្រសើរឡើងនៃបរិយាកាសរស់នៅនិងការធ្វើពាណិជ្ជកម្មនានា។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយការិយាល័យរបស់ធនាគារពិភពលោក។
រាជធានីភ្នំពេញ ដែលជាបណ្តុំនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងការសិក្សាអប់រំ ត្រូវគេសង្កេតឃើញថា កំពុងប្រឈមនឹងបញ្ហាជាច្រើន រួមមាន ប្រព័ន្ធផ្លូវថ្នល់ដែលមានការកកស្ទះ និងប្រព័ន្ធបង្ហូរទឹក ដែលនៅមិនអាចឆ្លើយតបនឹងកម្លាំងនៃជំនន់ទឹកភ្លៀង ដូច្នេះការជន់លេចផ្លូវសាធារណៈបានកើតឡើងជាញឹកញាប់នារដូវវស្សា។ ការបណ្តេញចេញដោយបង្ខំក៏ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅក្នុងរាជធានីចំណាស់មួយនេះផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃពុធនេះស្តីពីរបាយការណ៍ដែលមានចំណង «ការអភិវឌ្ឍទីក្រុង រាជធានីភ្នំពេញ» បានបញ្ជាក់ឲ្យដឹងពីភាពប្រឈមជាច្រើនក្នុងការផ្តល់ជាសេវាកម្មជាមូលដ្ឋាន ដែលរួមមាន ប្រព័ន្ធបង្ហូរទឹកស្អុយ ស្ថានីយកែច្នៃទឹកស្អុយ សេវាដឹកជញ្ជូន និងការគ្រប់គ្រងកាកសំណល់រឹង។ ការគ្រប់គ្រង និងការផ្តល់ហិរញ្ញប្បទានលើការរៀបចំក្រុង ការពង្រឹងអភិបាលកិច្ច និងការផ្តល់សេវាកម្ម ក៏ជួបបញ្ហាប្រឈមដែរ។
សេចក្តីប្រកាសព័ត៌មានដដែលបានបន្តឲ្យដឹងថា ទោះបីជាមានដំណើរការរៀបចំក្រុងដែលមានស្រាប់ក៏ដោយ ក៏ការផ្តល់ហិរញ្ញប្បទាន និងសមត្ថភាពបច្ចេកទេស ជាញឹកញាប់ បង្កនូវឧបសគ្គជាច្រើនដល់ផែនការអភិវឌ្ឍទីក្រុង ទីតាំងនិងផែនការប្រើប្រាស់ដី ជាពិសេសនៅថ្នាក់ខណ្ឌនិងសង្កាត់។
អ្នកស្រី អ៊ីហ្គូណា ដូប្រាចា (Inguna Dobraja) នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ត្រូវបានដកស្រង់សម្តីក្នុងន័យដើមថា៖
«រាជធានីភ្នំពេញប្រឈមនឹងឱកាសដ៏សំខាន់មួយក្នុងការកែខៃទីក្រុងជាវិជ្ជមានមួយសម្រាប់អនាគតរបស់ខ្លួន ការបង្កើតការងារឲ្យបានច្រើនថែមទៀត និងការបង្កលទ្ធភាពឲ្យមានសេវាកម្មកាន់តែប្រសើរជាងមុន។ ការអភិវឌ្ឍទីក្រុងដែលមានការគ្រប់គ្រង និងរៀបចំផែនការបានល្អ អាចជួយធ្វើឲ្យទីក្រុងមានភាពល្បីល្បាញក្នុងការធានាឲ្យមានស្តង់ដាររស់នៅប្រសើរសម្រាប់អនាគតមនុស្សជំនាន់ក្រោយផងដែរ»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ សុំមិនធ្វើការអធិប្បាយទៅលើរបាយការណ៍របស់ធនាគារពិភពលោក ដោយហេតុលោកមិនទាន់បានឃើញរបាយការណ៍នោះ ហើយនៅជាប់រវល់ក្នុងការប្រជុំមួយ។
«ខ្ញុំដូចអត់មាន អត់ទាន់ទទួលអាហ្នឹងផង។ ខ្ញុំអត់មានយោបល់ដែរបងណ៎ា»។
របាយការណ៍របស់ធនាគារពិភពលោកមានចំណងជើងថា «ការអភិវឌ្ឍទីក្រុង រាជធានីភ្នំពេញ» បានឲ្យដឹងពីការរកឃើញជាច្រើន ទាក់ទិនការវិវត្តរបស់ទីក្រុងភ្នំពេញ និងផែនការអនាគតដែលអាជ្ញាធរនិងភាគីពាក់ព័ន្ធត្រូវផ្តោតការយកទុកដាក់សម្រាប់កែលម្អកិច្ចការរដ្ឋបាល ប្រព័ន្ធហេដ្ឋារចនាសម្ពន័្ធក្នុងទីក្រុង និងកិច្ចការនគរូបនីយកម្ម។
របាយការណ៍ដែលមានកម្រាស់៨៤ទំព័រ បានបញ្ជាក់ឲ្យដឹងថា ពុំមានប្រទេសណាបានសម្រេចកំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់ ដោយពុំមានការអភិវឌ្ឍ និងការពង្រីកទីក្រុងឡើយ។ ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍ និងការពង្រីកទីក្រុង ដោយមានប្រជាជន២១ភាគរយ ក្នុងចំណោមប្រជាជនទាំងអស់កំពុងរស់នៅតាមទីក្រុង។ ត្រឹមឆ្នាំ ២០៥០ គេរំពឹងថា ៣៦ភាគរយ នៃប្រជាជនទាំងអស់នឹងរស់នៅក្នុងតំបន់ក្រុង។
របាយការណ៍បានសរសេរក្នុងន័យដើមថា៖
«ទីក្រុងភ្នំពេញបានសម្រេចនូវកំណើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្ននេះ មានប្រជាជនជិត២លាននាក់កំពុងរស់នៅក្នុងទីក្រុង។ ដោយហេតុថា នេះជាទីក្រុងធំជាងគេ និងមានការអភិវឌ្ឍឆាប់រហ័សជាងគេក្នុងប្រទេស ហើយក៏ជាច្រកផ្លូវទំនាក់ទំនងជាមួយនឹងសេដ្ឋកិច្ចសាកលលោកផងដែរ»។
របាយការណ៍បានលើកឡើងថា ការអភិវឌ្ឍនិងការពង្រីកទីក្រុងរបស់ប្រទេសកម្ពុជា កើតឡើងក្នុងអត្រាទាបជាងអ្វីដែលគេរំពឹងទុក សម្រាប់កំណើនផលិតផលសរុបក្នុងស្រុករបស់ប្រទេសនេះ បង្ហាញថា ល្បឿននិងវិសាលភាពនៃការអភិវឌ្ឍ និងការពង្រីកទីក្រុងទំនងជានឹងបន្តមានការកើនឡើង។ ប្រទេសមានផលិតផលក្នុងស្រុកសរុប (ហៅកាត់ថា ផ.ស.ស) សម្រាប់ប្រជាជនម្នាក់ ដូចជាប្រទេសបង់ក្លាដែស ឬកៀហ្ស៊ីស៊ីស្ថាន ជាដើមមានអត្រានគរូបនីយកម្មជិត៣៥ភាគរយ។
ក្នុងគ្រាមានកំណើនគួរឲ្យកត់សម្គាល់នៃល្បឿនកិច្ចអភិវឌ្ឍក្នុងទីក្រុងភ្នំពេញ ទីក្រុងដែលមានវ័យចំណាស់មួយនេះ ត្រូវបានធនាគារពិភពលោក ពណ៌នាថា មានភាពប្រឈមជាច្រើន ក្នុងការផ្តល់សេវាជាមូលដ្ឋានពាក់ព័ន្ធនឹងប្រព័ន្ធលូ ការសម្អាតទឹកស្អុយ ការដឹកជញ្ជូនជាសាធារណៈ និងសំណល់រឹង។
ដើម្បីដោះស្រាយនឹងភាពប្រឈមទាំងនោះ ធនាគារពិភពលោកដែលមានទីស្នាក់កណ្តាលនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានលើកឡើងនូវអនុសាសន៍សំខាន់ៗដើម្បីកែខៃនិងទប់ស្កាត់ស្ថានភាពអាក្រក់ៗផ្សេងៗ ដែលបានបណ្តាលមកពីរីកសាយធំនៃទីក្រុងភ្នំពេញ។
ធនាគារនេះបានផ្តល់អនុសាសន៍ចំនួនបួន គឺកែលម្អស្ថាប័ននិងលើកកម្ពស់អភិបាលកិច្ច កែលម្អការរៀបចំ និងអនុវត្តផែនការ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រកបដោយចីរភាព និងធានាឲ្យមានការអភិវឌ្ឍនិងការពង្រីកទីក្រុងប្រកបដោយបរិយាប័ន្ន ពោលគឺផ្តល់នូវសេវាគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការចាំបាច់នៅក្នុងទីក្រុង។
នៅត្រង់ចំណុចស្តីពី ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រកបដោយចីរភាព អ្នកជំនាញរបស់ធនាគារពិភពលោកបានពន្យល់ថា៖
«ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ទីក្រុង និងបង្កើតនូវបរិយាកាសដែលអាចបង្កើនភាពអាចរស់នៅបាន និងភាពប្រកួតប្រជែង ការវិនិយោគតាមវិស័យលើហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានក្នុងទីក្រុង អាចធ្វើបានកាន់តែប្រសើរ ប្រសិនបើមានការតម្រង់ទិសដោយប្លង់គោល ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ»។
អ្នកស្រី ជូឌី បេគ័រ (Judy Baker ) ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោក ដែលជាអ្នកនិពន្ធម្នាក់នៃរបាយការណ៍ស្តីពីការអភិវឌ្ឍទីក្រុងភ្នំពេញត្រូវបានដកស្រង់សម្តីក្នុងន័យដើមថា៖
«ទីក្រុងទាំងឡាយដែលមានផែនការល្អ ធ្វើឲ្យគេអាចគ្រប់គ្រងបានល្អនូវអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គមផ្នែកនគរូបនីយកម្ម និងអាចបង្កើតបានជាទីកន្លែងដែលមានលក្ខណៈរស់រវើក អាចរស់នៅបាននិងមានទីធ្លាប្រសើរ។ ផែនការនេះអាចធ្វើទៅបានយ៉ាងល្អសម្រាប់រាជធានីភ្នំពេញ ក៏ប៉ុន្តែ វានឹងជាដំណើរការមួយដែលមានរយៈពេលវែងទាមទារឲ្យមានការប្តេជ្ញាចិត្តខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលប្រជាពលរដ្ឋនិងវិស័យឯកជន»។
តួលេខប៉ាន់ប្រមាណផ្ដល់ដោយអភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ចំនួនប្រជាជនសរុបរស់នៅក្រុងភ្នំពេញមានច្រើនជាង៣លាននាក់ គិតត្រឹមដើមឆ្នាំ២០១៦កន្លងទៅ។ គម្រោងវិនិយោគសំណង់អគារ ខុនដូ និងអគារការិយាល័យខ្ពស់ៗបានរីកលូតលាស់ដូចផ្សិត ជាពិសេសនៅរយៈពេល៦ឆ្នាំចុងក្រោយប្រទេសកម្ពុជាបានងើបផុតពីវិបត្តិសេដ្ឋកិច្ចសាកល។
គ្រាមានកិច្ចអភិវឌ្ឍបែបនេះ ការបណ្តេញចេញដោយបង្ខំក៏ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅក្នុងតំបន់អភវិឌ្ឍន៍ជាច្រើននៅរាជធានីភ្នំពេញ។
ការអភិវឌ្ឍទីក្រុងរណបទំនើបនៅបឹងកក់ដោយក្រុមហ៊ុនរបស់ Shukaku Inc របស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា បានឈានទៅដល់ការលុបបឹងប្រវត្តិសាស្ត្រមួយ ដែលមានការជាប់ទាក់ទងនឹងដើមកំណើត និងអត្តសញ្ញាណរបស់រាជធានី ហើយតម្រូវឱ្យប្រជាជនក្នុងសហគមន៍ក្រីក្រ ប្រមាណ៤.០០០គ្រួសារ ត្រូវបង្ខំចិត្តផ្លាស់ប្ដូរទីលំនៅជាមួយនឹងការផ្ដល់សំណងដែលរងការរិះគន់ថា មិនសមរម្យ។ ការលុបបឹងកក់នេះក៏ធ្វើឲ្យបាត់ប្រភពស្រូបជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញផងដែរ។ សាលារាជធានីភ្នំពេញក៏រងការរិះគន់ខ្លាំងទាក់ទិននឹងជំនន់នៅទីក្រុង ក្រោយពីការលុបបឹងកក់នេះ៕