ផលប៉ះពាល់​វីរុស​កូរ៉ូណា​ត្រូវ​គេ​ពិនិត្យមើល​​នៅ​ទិវា​ជំងឺ​អេដស៍​ពិភពលោក

រូបឯកសារ៖ សកម្មជន​សិទ្ធិមនុស្ស​ដើរ​ដង្ហែ​ក្បួន​នៅ​ក្រុង Durban ប្រទេស​អាហ្វ្រិក​ខា​ង​ត្បូង ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ដើម្បី​ចាប់​ផ្ដើម​សន្និសីទ​ជំងឺ​អេដស៍​ពិភពលោក ក្នុង​ការទាមទារ​ឲ្យ​បន្ដ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​អេដស៍។

ថ្ងៃ​អង្គារ​ ទី​១​ធ្នូ​នេះ ជាទិវា​ជំងឺ​អេដស៍​ពិភពលោក​ ដែល​អង្គការ​ជា​ច្រើន​នៅ​លើ​ពិភពលោក​ តែង​បាន​រៀបចំ​ពិធីផ្សេងៗ​ក្នុងការគាំទ្រ​អ្នកឆ្លង​ជំងឺ​អេដស៍​ និង​ចង​ចាំ​អ្នក​ដែល​បាន​ស្លាប់​ទៅ​ផង​ដែរ។​

ទិវា​ជំងឺ​អេដស៍ក្នុង​ឆ្នាំ​នេះ​ ប្រារព្ធ​ឡើង​ចំ​ពេល​ដែល​ពិភពលោក​កំពុង​ទទួល​រង​ជំងឺរាត​ត្បាត​បង្ក​ឡើង​ដោយវីរុស​កូរ៉ូណា​ ហើយទីភ្នាក់ងារ​ជំងឺ​អេដស៍​របស់អង្គការ​សហ​ប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា​អ្នកឆ្លង​ជំងឺ​អេដស៍ ​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ទទួល​បានការពិនិត្យ​ថែ​ទាំ​សុខភាព​ និង​សេវាផ្សេងៗ​ទៀត ក៏​ដូច​ជា​បញ្ហា​មួយ​ចំនួន​ទៀត​ ដូចជា​ភាពមិន​ស្មើគ្នា​ និង​ការរើសអើងក្នុង​សង្គម​ជាដើម។​ ​

ទីភ្នាក់ងារ​របស់​អ.ស.ប​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នានា​ លើក​កម្ពស់​និងធ្វើ​សកម្មភាព​ទប់​ទល់​ប្រឆាំង​មេរោគ​អេសដ៍ ​និង​ជំងឺ​រាតត្បាត​ដទៃ​ផ្សេង​ទៀត។​ ទីភ្នាក់ងារ​នេះ​ បន្ថែម​ទៀត​ថា​ ​ប្រសិន​បើ​មានប្រព័ន្ធ​សុវត្ថិភាព​សង្គម​និងសុខភាព​ល្អ​ប្រសើរមួយ​នោះ​ ពិភពលោក​ អាច​មាន​ភាព​ល្អ​ប្រសើរ​ជាង​សព្វ​ថ្ងៃ​នេះ​ ​ក្នុង​ការទប់ទល់​និងកាត់​បន្ថយ​ការឆ្លង​នៃ​វីរុស​កូរ៉ូណា។

អង្គការ​សហប្រជា​ជាតិ​ ​បាន​គូស​បញ្ជាក់​ថា​មានការបង្ហាញឲ្យឃើ​ញ​ថាពិភពលោកអាច​មាន​អ្នក​ឆ្លង​ជំងឺ​អេដស៍​ថ្មី​ពី​រវាង​ចំនួន​ ១២៣.០០០នាក់​ ដល់​២៩៣.០០០នាក់​ និង​មាន​អ្នកស្លាប់​ដោយពាក់​ព័ន្ធនឹង​ជំងឺ​អេដស៍​នេះ​ ពី​រង្វង់១៤០.០០០នាក់​ ដល់​១៤៨.០០០​នាក់​ត្រឹម​ឆ្នាំ​២០២២ ​ដោយសារ​តែ​ផល​ប៉ះ​ពាល់​នៃ​វីរុស​កូរ៉ូណា ​ទៅ​លើ​ការ​ឆ្លើយតប​នឹង​ការឆ្លង​មេរោគ​អេដស៍។​

បច្ចុប្បន្ន​នេះ​ នៅ​ជុំវិញ​ពិភព​លោក​ មាន​អ្នក​ឆ្លង​ជំងឺ​អេដ​ស៍​ប្រមាណ៣៨​លាន​នាក់​ ដោយ​ក្នុង​នោះ​ចំនួន​២៦​លាន​នាក់ ​បាន​ទទួល​ការព្យាបាល​ដោយ​ថ្នាំ​ពន្យារជីវិត​ផង​ដែរ។ ក្នុង​ឆ្នាំ​២០១៩​ មាន​មនុស្ស​ប្រមាណ​៦៩០.០០០​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​អេដស៍៕