ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ជីវិត​ការងារ​និង​ជីវិត​ផ្ទាល់ខ្លួន

ស្រ្តីទី១​របស់​ស.រ.អា.​ លោកស្រី​ Michelle Obama និង​ពិធីការនី​ Oprah Winfrey ​ក្នុងកិច្ច​ប្រជុំ​កំពូល​នៃ​សេត​វិមាន​ស្តី​ពី​ "ស្ថានភាពរួមនៃស្រ្តី" នៅ​រដ្ឋធានី វ៉ាស៊ីន​តោន ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ​២០១៦។

ស្រ្តីទី១​ លោកស្រី​ Michelle Obama បាន​ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គ្រប់គ្រង​ចំនួន​ម៉ោង​ធ្វើការ​ និង​ម៉ោង​សម្រាក​ជាមួយ​គ្រួសារ​ដែល​ពិបាក​នឹង​ធ្វើ​បាន​ ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយនាង​ Oprah Winfrey ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្ត្រី​ទី១​នៃ​សេត​វិមាន​ស្តី​ពី​ស្ថានភាព​ស្ត្រី។


លោក​ស្រី​ Obama និយាយ​ថា៖ «ខ្ញុំមាន​ Malia រួច​ហើយពេល​ Barack ធ្វើ​ជា​សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ ដូច្នេះ​កិច្ចការ​ចម្បង​ខ្ញុំ​គឺ​ត្រូវ​មើល​ថែ​កូន​ដោយ​ផ្ទាល់ នៅ​ពេល​ទំនេរ​ពី​ការងារ ​ហើយ​ពេល​នោះ​ខ្ញុំ​ធ្វើ​ការ​ពេញ​ម៉ោង»។ លោកស្រី​បាន​រៀបរាប់​អំពី​ការ​ចាត់ចែង​ពេលវេលា​ទៅ​បំពេញ​ការងារ​ជា​អនុប្រធាន​កម្មវិធី​ជួយ​សហគមន៍​មួយ​របស់​សាកលវិទ្យាល័យ Chicago Hospital ។

លោកស្រី​ Obama ក៏​ដូច​ស្រ្តី​ផ្សេង​ទៀត​ដែរ លោក​ស្រី​គិតថា​ ការ​សម្រួលសុំ​ការងារ​ក្រៅ​ម៉ោង​សម្រាប់​មុខ​តំណែង​នោះ នឹង​ផ្តល់​ភាពងាយ​ស្រួល​ក្នុង​ការ​បែង​ចែក​ពេល​វេលា​ធ្វើ​ជា​ម្តាយ​នៅ​ផ្ទះ។

លោកស្រី​និយាយ​ថា៖ «ខ្ញុំ​សាក​ល្បង​ធ្វើ​ការងារក្រៅ​ម៉ោង​ ពីព្រោះ​ខ្ញុំ​គិត​ថាខ្ញុំ​ត្រូវ​តែ​ដោះ​ស្រាយ​រឿង​នេះ​ឲ្យ​បាន​ ខ្ញុំ​ត្រូវ​មាន​ពេល​ទៅ​ទទួល​កូនៗ​ពី​សាលារៀន​ ហើយ​ខ្ញុំ​ត្រូវ​តែ​អាច​សម្រេច​កិច្ចការ​ទាំងអស់​នេះ​បាន​ ដូច្នេះ​ខ្ញុំ​សាកធ្វើ​ការ​ក្រៅ​ម៉ោង»។

លោកស្រី​ Obama បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ជាង​៥.០០០​ នាក់​ក្នុង​កិច្ចប្រជុំ​កំពូល​ថា៖ «អ្វី​ដែល​ខ្ញុំ​រៀន​សូត្រ​ពី​ការងារ​ក្រៅ​ម៉ោង​ គឺ​ថា​យើង​ទទួល​បាន​តែ​ប្រាក់​ខែ​ក្រៅ​ម៉ោង»។

លោកស្រី​បន្ត​ថា៖ «ដូច្នេះ​ហើយ​ខ្ញុំ​សន្យា​នឹង​ខ្លួន​ឯង​ថា​ ប្រសិន​បើ​ខ្ញុំ​បន្ត​ធ្វើ​ការ​ទៀត​ នោះ​ខ្ញុំ​នឹង​មិន​ធ្វើ​ការងារ​ក្រៅ​ម៉ោង​នោះ​ទេ ខ្ញុំ​ដឹង​ពី​តម្លៃ​ពេល​វេលា​ និង​ថាមពល​ខ្ញុំ»។

ចំនួន​ស្រ្តី​ធ្វើ​ការ​នៅ​ផ្ទះ​ច្រើន​ជាង​បុរស

ឆ្នាំ​មុន​ ២៧ភាគរយ​នៃ​ស្រ្តី​ជា​ម្តាយ​មាន​កូនអាយុ​ក្រោម​អាយុ​បីឆ្នាំ​ ធ្វើ​ការ​ក្រៅ​ម៉ោង​ រី​ឯ​បុរស​ជា​ឳពុក​ដែល​ធ្វើ​ការ​ក្រៅ​ម៉ោង​មាន​តែ​៦ភាគរយ​ប៉ុណ្ណោះ​ នេះ​បើ​យោង​តាម​ស្ថិតិ​ចេញ​ដោយ​ក្រសួង​ការងារ​ ស.រ.អា។

នៅ​ពេល​ដែល​គម្លាត​ប្រាក់​ខែ​តាម​យេនឌ័រ​នៅ​តែ​មាន​ ស្រ្តី​ជា​ច្រើន​បាន​ស្តីបន្ទោស​លើ​ភាព​ខ្វះខាត​ក្នុង​ការ​ពង្រឹង​អាជីព​របស់​ពួក​គេ​ដោយ​សារ​តែ​រវល់​នឹង​ការ​មើល​ថែទាំ​គ្រួសារ។

បើ​ទោះ​ជា​ការ​យល់​ឃើញ​របស់​ប្រជាជន​អាមេរិក​កំពុង​ផ្លាស់​ប្តូរ​ក៏​ដោយ​ ប្រជាជន​អាមេរិក​៧៩ភាគរយ​ បដិសេធ​គំនិត​ដែល​ថា​ស្រ្តី​គួរ​តែ​បែរ​មក​បំពេញ​តួនាទី​ជា​មេផ្ទះ​ក្នុង​សង្គម​វិញ​ ហើយ​មាន​តែ​យុវជន​១៦ភាគរយ​ប៉ុណ្ណោះ​ ដែល​និយាយ​ថា​ការណ៍​ដែល​មាន​ម្តាយ​ធ្វើ​ការ​ពេញ​ម៉ោង​គឺ​ជា​រឿង​មួយ​ដ៏​ប្រសើរ​ ហើយ​ស្រ្តី​ទំនង​ដូចជា​នៅ​តែ​ចង់ផ្លាស់ប្តូរ​ជីវិត​ការងារ​របស់​ពួកគាត់​ដើម្បី​ទ្រទ្រង់​គ្រួសារ​ជាង​បុរស។

នៅ​សហរដ្ឋ​អាមេរិក ស្រ្តី​ជា​ម្តាយ​ដែល​មាន​ការងារ​ធ្វើ​ចំនួន​៤២ភាគរយ​និយាយ​ថា​ ក្នុង​អាជីព​ការងារ ពេល​ខ្លះ​ពួកគេ​ត្រូវ​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ​ដើម្បី​មក​មើល​ថែ​កូន​ ឬ​សមាជិក​គ្រួសារ ផ្ទុយ​ពីបុរស​ជា​ឳពុក​ដែល​មាន​ការងារ​ធ្វើ​ត្រឹមតែ​២៨ភាគរយ​ក្នុង​ឆ្នាំ​២០១៣ នេះ​បើ​យោង​តាមមជ្ឈ​មណ្ឌល​ស្រាវជ្រាវ ​Pew។

ស្រ្តី​ចំនួន​ពីរ​ដង​ហាក់​ដូចជា​និយាយ​ថា​ការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​ការងារ​របស់​ពួក​គាត់​ប៉ះពាល់​ដល់​អាជីព​ជារួម។

ឳពុក​សកម្ម

លោកស្រី​ Michelle Obama ក៏​បាន​ស្នើសុំ​ឲ្យ​ឳពុក​ទាំងឡាយ​ចូលរួម​ឲ្យ​កាន់​តែ​សកម្ម​បន្ថែម​ទៀត​ក្នុង​ការងារ​ផ្ទះ។

លោកស្រី​ រំលឹក​ទៅ​កាន់​បុរសៗ​ជាច្រើន​ក្នុង​បន្ទប់​ប្រជុំ​ថា៖ «សូម​ធ្វើ​ជា​ស្វាមី​ឲ្យ​កាន់​តែ​ល្អ​ជាង​នេះ​ទៀត​ ជួយ​លាងចាន​ឆ្នាំង ម៉េច​មិន​ជួយ​មើល​ថែ​កូន​ផង អ្នក​មិន​មើល​ថែ​កូន​អ្នក​ដែរ​ទេ​ឬ សូម​ចូល​រួម​ធ្វើ​ការងារ​ទាំង​នេះ​ផង កុំ​គិត​ថា​គ្រាន់​តែ​ទៅ​ធ្វើ​ការ និង​ត្រឡប់​មក​ផ្ទះវិញ​ បង្ហាញ​ថា​អ្នក​ជា​បុរស​នោះ»។

សម្រាប់​ស្រ្តី​ជា​ម្តាយ​ច្រើន​ណាស់​ ការ​ទៅ​ធ្វើ​ការងារ​ក្រៅ​ម៉ោង​មិនមែន​ជា​ជម្រើស​ទេ​ ប្រសិនបើ​ពួក​គាត់​គ្មាន​ស្វាមី​ជួយ​រក​ចំណូល​ទ្រទ្រង់​គ្រួសារ​ដែរ​នោះ។ ស្រ្តី​ជាម្តាយ​មេម៉ាយ​ មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំងនៅ​សហរដ្ឋ​អាមេរិក។ ក្នុងឆ្នាំ​២០១៣ កុមារ​អាមេរិក​ក្រោម​អាយុ១៨ឆ្នាំ​មិន​ដល់​៥០ភាគរយ​ផង​រស់​នៅ​ជាមួយ​គ្រួសារ​ដែល​មាន​ទាំង​ឳពុក​ទាំង​ម្តាយ។

ប៉ុន្តែ​ស្រ្តី​សួរ​ខ្លួន​ឯង​ថា​ តើ​ខ្ញុំ​អាច​រ៉ាប់​រង​កិច្ចការ​ទាំងអស់​នេះ​ដែរ​ឬ? ដែល​បុរស​កម្រ​សួរ​ខ្លួន​ឯង​ណាស់។ ស្រ្តី​ជាច្រើន​ដែល​មាន​អារម្មណ៍​ចង់​បំពេញ​តួនាទី​មេ​ផ្ទះ និង​នៅ​ផ្ទះ​ជាមួយ​ក្រុម​គ្រួសារ​ផង​ និង​ចង់​បន្ត​អាជីព​របស់ខ្លួន​យ៉ាង​ខ្លាំង​ផង​នោះ​មើល​ទៅ​ដូចជា​មិន​អាច​ធ្វើ​បាន​ទេ។

លោកស្រី​ Obama ផ្តល់​ដំបូន្មាន​ដល់​ស្រ្តី​វ័យ​ក្មេង​ឲ្យ​ឈប់​សួរ​ខ្លួនឯង​ដាច់​ខាត​នូវ​សំណួរ​បែប​នេះ ដោយ​បាន​អះអាង ​ថា​ការ​ដែល​រ៉ាប់រង​កិច្ចការ​ទាំងអស់​នោះ គឺជា​ «ការ​ប្តេជ្ញា​ចិត្ត​ដ៏​ល្ងី​ល្ងើ»។

លោកស្រី​និយាយថា​៖ «ដូច្នេះ​ហើយ​ សូម​ឈប់​សួរ​ ខ្ញុំ​មិន​ចង់​ឲ្យ​ស្រ្តី​វ័យ​ក្មេង​ផ្សេង​ទៀត​មាន​ការ​រំពឹង​គិត​ថា​ពួកគេ​បរាជ័យ​ទេ ប្រសិន​បើ​ពួកគេ​មិន​អាច​រ៉ាប់រង​កិច្ចការ​ទាំងអស់​នោះ​បាន»។

លោកស្រី​ Obama មិន​បាន​គាំទ្រ​ឲ្យ​ស្រ្តី​រីករាយ​នឹង​ស្ថានភាព​របស់​ពួកគេ​ដូច​ក្នុងឆ្នាំ​២០១៦នៅ​ស.រ.អា.​នេះ​ទេ ប៉ុន្តែ​ចង់​ដាស់​តឿន​ស្រ្តី​វ័យ​ក្មេង​នានា​ដែល​គិត​ថា​សិទ្ធិ​ស្មើគ្នា​មាន​រួច​ស្រេច​ហើយ។

លោកស្រី​ និយាយ​ថា៖ «យើង​មិន​អាច​ទទួល​ការព្រងើយ​កន្តើយ​បាន​ទេ។ យើង​មិន​ពេញ​ចិត្ត​ស្ថានភាព​បែប​នេះ​ទេ ដូច្នេះ​យើង​ត្រូវ​តែ​បន្ត​ធ្វើ​កិច្ចការ​បន្ថែម​ទៀត»៕

ប្រែ​សម្រួលដោយ​ កោះ​ សុគន្ធី