សៀវភៅ​ថ្មី​មួយ​ដកស្រង់​​​​ពាក្យពេចន៍​​របស់​​ស្ត្រី​ដើម្បី​លើក​ទឹកចិត្ត​​ស្ត្រី​

រូបថតគម្រប​សៀវភៅ​ "Beautifully Said"

លោកស្រី Maya Angelou ធ្លាប់​បាន​និយាយ​ថា​៖ ​«ប្អូនស្រី​!​ ពេលប្អូន​ទទួល​បាន​អ្វីមួយ​ ប្អូន​ត្រូវ​ចេះផ្តល់​ឲ្យ​គេ​វិញ​ពេល​គេ​បង្រៀន​ប្អូន​អ្វីមួយ​ ប្អូនត្រូវ​ចេះ​បង្រៀន​គេវិញ​។»​ អ្នក​និពន្ធ​ និង​ជា​កវី​ជនជាតិ​អាមេរិក​ជំនាន់​ក្រោយ​រូបនេះ​ គឺ​ជា​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​ ហើយ​ពាក្យពេចន៍​របស់​អ្នកស្រី​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​សៀវភៅ​ថ្មី​មួយ​នៃ​សម្រង់​ពាក្យពេចន៍​របស់​ស្ត្រី​។​ អ្នកស្រី Pauline Weger​ គឺជា​អ្នក​និពន្ធសៀវភៅ Beautifully Said​ ឬ (បណ្តុំ​នៃ​ពាក្យពេចន៍​របស់​ស្ត្រី​ និងកុមារី ដែល​មាន​កត្តិនាម​ល្បីល្បាញ​ និង​ចងក្រង​ឡើង​សម្រាប់​ឲ្យគិត​ពិចារណា)។​

អ្នក​សារព័ត៌មាន Faiza Elmasry​ បាន​រាយការណ៍​ថា ​អ្នកស្រី​ Weger បាន​ដាក់​បញ្ចូល​រឿងរ៉ាវ​ដែល​នៅ​ពី​ក្រោយ​ពាក្យពេចន៍​នីមួយៗ​ ទៅ​ក្នុង​សៀវភៅ​នេះ​ដើម្បី​ជំរុញ​ និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​ស្រ្តី និង​កុមារី​ដទៃ​ទៀត។

នៅ​ពេល​អ្នកស្រី​ Pauline Weger​ សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​ការងារ​ ពី​ផ្នែក​គ្រប់គ្រង​ទីផ្សារ​ប្រចាំ​ក្រុមហ៊ុន​ ទៅ​ការងារ​ក្នុង​អង្គការ​មិន​យក​ប្រាក់​កម្រៃ។ អ្នកស្រី​បាន​ចាប់ផ្តើម​សរសេរ​សៀរភៅ​មួយក្បាល​ស្តី​អំពីការ​ផ្លាស់ប្តូរ​ការងារ​របស់​អ្នកស្រី។​

ហើយ​នៅ​ពេល​អ្នកស្រី​កំពុង​ស្វែងរក​សម្រង់​ពាក្យពេចន៍​ដើម្បី​ដាក់បញ្ចូល​ក្នុង​សៀវភៅ​របស់​អ្នកស្រី​ អ្នកស្រី​មិន​អាច​រក​បានសម្រង់​ពាក្យពេចន៍​ដែល​មាន​ប្រភព​ច្បាស់លាស់​ ហើយ​ផ្តោត​សំខាន់​លើ​ស្ត្រី​គ្រប់គ្រាន់​នោះ​ទេ។​ តាមរយៈ​ជំនួយ​ពី​អ្នក​ស្រាវជ្រាវ​មួយក្រុម​ អ្នកស្រី Weger​ បាន​បង្កើត​គេ​ហទំព័រ «Quotabelle» ដែល​ជា​គេហទំព័រ​មួយ​បង្ហាញ​អំពី​សម្រង់​ពាក្យពេចន៍​របស់ស្ត្រី​ និង​រឿងរ៉ាវ​នៅ​ពី​ក្រោយ​ពាក្យពេចន៍​ទាំងនោះ។​ ជាជាងការ​សរសេរ​អំពី​ការ​ផ្លាស់ប្តូរ​ការងារ​ អ្នកស្រី​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល ដែល​ចងក្រង​ពាក្យពេចន៍​ជាច្រើន។

អ្នកស្រី Pauline Weger បាន​និយាយ​ថា៖

«​គុណតម្លៃ​នៃ​សម្រង់​ពាក្យពេចន៍​នេះ​ ការ​ពិត​ទៅ​បាន​កើត​មាន​ជាច្រើនរយ​ឆ្នាំ​មក​ហើយ​ គឺ​ពេល​ដែល​មនុស្ស​ប្រមូល​ផ្តុំ​ព័ត៌មាន​ ឬ​រឿងរ៉ាវ​ផ្សេងៗ​ដើម្បី​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​បណ្តុះ​គំនិត​ថ្មី​ ឬ​បង្កើត​អ្វី​ដែល​ថ្មី។​ ដូច្នេះ​សម្រង់ពាក្យពេចន៍​ គឺ​ពិតជា​កេរដំណែល​ដ៏​ល្អ​អស្ចារ្យ​មួយ​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​ក្នុង​កិច្ចការ​តែង​និពន្ធ។​ នៅ​ក្នុង​យុគសម័យ​ទំនើប​បច្ចុប្បន្ន​ សម្រង់​ពាក្យពេចន៍​នេះ​កាន់តែ​ត្រូវ​បាន​លើក​កម្ពស់​បន្ថែម​ទៀត​ តាមរយៈការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម»។

សៀវភៅ​ «Beautifully Said» បាន​បញ្ចូល​នូវសម្រង់​ពាក្យពេចន៍​ចំនួន១១០​ របស់​ស្ត្រី​នៅ​ជុំវិញ​ពិភពលោក​ ដែល​មាន​ជាច្រើន​សតវត្ស​មក​ហើយ​នោះ​ដែល​ផ្តល់​នូវ​គំនិត​យោបល់​លើ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត។​ កាល​ពី​ពីរ​សតវត្ស​មុន លោកស្រី ​Mary Shelley​ ដែល​ជា​អ្នក​និពន្ធ​ជនជាតិ​អង់គ្លេស​ និង​ជា​អ្នក​និពន្ធ​រឿង ​«Fankenstein»​ បាន​សរសេរ​ថា​ «ការ​បង្កើត​ថ្មី​ គឺ​ប្រាកដណាស់​ត្រូវបាន​គេ​ទទួលស្គាល់​ថា​ វា​មិនមែន​កើតចេញ​ពីភាព​ទទេរ​ស្អាតនោះទេ​ តែ​កើត​ពី​ភាពច្របូកច្របល់​ទៅ​វិញ​ទេ»។​

សកម្មជន​ប៉ាគីស្ថាន​ដើម្បី​ការអប់រំ​កុមារី នាង​ Malala Yousafzai​ ដែល​ជា​ជ័យលាភី​ពានរង្វាន់​ណូបែល​វ័យក្មេង​បំផុត​បាន​និយាយថា​ «ក្មេងម្នាក់​ គ្រូម្នាក់​ សៀវភៅ​មួយក្បាល​ និង​ប៊ិច​មួយដើម​ អាច​ផ្លាស់ប្តូរ​ពិភពលោក​បាន»។ អ្នកស្រី Weger​ បាន​ដាក់​បញ្ចូល​សម្រង់​ពាក្យពេចន៍​របស់លោក​ស្រី Grace Young​ ដែល​ជា​ចុងភៅ​ និង​អ្នកនិពន្ធ​សៀវភៅ​ធ្វើម្ហូប​ ដែល​លោកស្រី​បាន​លើក​ឡើងថា​ «រក្សា​កេរដំណែល​នៃ​វិធី​ធ្វើម្ហូប​របស់​អ្នក​ ថ្ងៃ​ក្រោយ​រូបមន្ត​ទាំងនោះ​អាច​ជា​ស្ពាន​មួយផ្សារភ្ជាប់យើង​ទៅ​កាន់មនុស្ស​ជា​ទីស្រឡាញ់​របស់យើង»។

សកម្មជន​ប៉ាគីស្ថាន​ដើម្បី​ការអប់រំ​កុមារី នាង​ Malala Yousafzai​ ជា​ជ័យលាភី​ពានរង្វាន់​ណូបែល​វ័យក្មេង​បំផុត នៅព្រំដែនរវាងប្រទេសកេនយ៉ា និង​សូម៉ាលី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។

អ្នកស្រី Pauline Weger បាន​លើក​ឡើង​ថា៖

«យើង​បាន​រក​ឃើញសម្រង់ពាក្យពេចន៍​នេះ​តាមរយៈ​ការ​បង្ហោះ​ក្នុង​ប្លុកមួយ ​ដែល​លោកស្រី Grace Young បាន​សរសេរ​ប្រហែល​ជា​ពីរ​ឆ្នាំមុន​ មុន​ថ្ងៃ​បុណ្យ​ចូលឆ្នាំចិន។​ រឿងរ៉ាវ​នោះ​គឺថា​ ម្តាយ​របស់​លោកស្រី​តែងតែ​ធ្វើ​ម្ហូប​បែបប្រពៃណី​ចិន​ជា​រៀងរាល់​ឆ្នាំ។​ ប៉ុន្តែ​ឥឡូវ​នេះ ​ម្ដាយ​របស់​លោកស្រី​កំពុង​មាន​បញ្ហា​ជំងឺវង្វេង​ ដូច្នេះ​មិន​អាច​ចងចាំ​ពី​របៀប​ធ្វើ​ម្ហូប ឬ​អ្វី​ច្បាស់លាស់​ទាក់ទង​នឹង​បុណ្យចូលឆ្នាំ​ចិន​បាន​ទៀត​ឡើយ។​ ដូច្នេះ​អ្វី​ដែល​លោកស្រី Grace ​បាន​រកឃើញ​នោះ​គឺថា​ នៅ​ពេល​លោកស្រី​ធ្វើ​ម្ហូប​អាហារ​នេះ វា​បាន​ផ្សារភ្ជាប់​អារម្មណ៍​លោកស្រី ទៅ​កាន់​ម្តាយ​របស់​លោក​ស្រី»។

អ្នកស្រី Weger និយាយ​ថា ​សម្រង់​ពាក្យពេចន៍​ដ៏​មាន​ឥទ្ធិពល​បំផុត​ជាច្រើន​ ឆ្លុះ​បញ្ចាំង​ពី​គំនិត​របស់​ស្ត្រី​នៅពេលពួកគេ​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម ដូចជា ​អ្នករាំ​របាំ​ អ្នកស្រី Adrianne Haslet​ ជាដើម។ អ្នកស្រី​បាន​ពិការ​ជើង ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​ក្នុង​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុន​នៅ​ក្រុង Boston ​ឆ្នាំ២០១៣​ ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​មក​ អ្នកស្រី​បាន​រាំ​ម្តងទៀត​ជាមួយ​នឹង​ជើង​សិប្បនិមិត្ត។​ ពាក្យពេចន៍​របស់​អ្នកស្រីគឺ ​បាន​មក​ពី​បទ​សម្ភាសន៍ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់បែក​នោះ។

អ្នកស្រី Haslet បាន​និយាយ​នាពេល​នោះ​ថា៖

«​ផលិតករ​ម្នាក់ ឬ​នរណា​ម្នាក់​បាន​និយាយ​ថា​ ​ជនរង​គ្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​នោះ ហើយ​ខ្ញុំ​បាន​និយាយ​កាត់ថា​ «ខ្ញុំ​មិនមែន​ជា​ជនរងគ្រោះ​ទេ។​ ជន​រងគ្រោះ​មានន័យ​ថា ​ខ្ញុំជា​កម្មសិទ្ធិ​របស់​នរណា​ម្នាក់»។ បន្ទាប់​មក​ខ្ញុំ​បាន​បន្ត​ថា ​«ខ្ញុំ​មិនមែន​ជា​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​កំណត់​ដោយ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​នោះ​ទេ​ ខ្ញុំ​គឺជា​អ្នក​នៅរស់​ដែល​ត្រូវ​បាន​កំណត់ដោយ​របៀប​ដែល​ខ្ញុំ​ប្រើប្រាស់​ជីវិត​របស់ខ្ញុំ»។​ ដូច្នេះ​ ខ្ញុំ​បាន​បដិសេធ​មិន​ឲ្យ​គេហៅ​ខ្ញុំ​ថា​ជា​ជនរងគ្រោះ​ជា​ដាច់ខាត។​ ពួកគេ​ក៏​លាន់មាត់​ថា​ «ឈប់!​ និយាយ​ម្តងទៀត​មើលន៍»​ ហើយ​ខ្ញុំ​និយាយ​ថា «តើ​ខ្ញុំ​និយាយ​អី​»?​ ពីព្រោះ​ខ្ញុំ​ដក់​អារម្មណ៍​ខ្លាំង​ពេក​នៅ​ពេល​នោះ។​ ពេល​ខ្ញុំ​សរសេរ​ពាក្យ​ពេចន៍​នោះទុក វា​បាន​ក្លាយជា​ក្បួន​ច្បាប់មួយ​នៅ​ក្នុង​ជីវិត​របស់ខ្ញុំ។​ អ្នក​មិន​ចាំបាច់​កំណត់​ជីវិត​របស់​អ្នក​ ដោយ​ផ្អែក​លើ​រឿង​សោកនាដកម្ម ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​អ្នក​នោះទេ​ គឺ​អ្នក​អាច​ជ្រើសរើស​សរសេរ​រឿងរ៉ាវ​របស់​អ្នក​ឡើងវិញ នៅ​ពេល​អ្នក​បោះជំហាន​ទៅ​មុខ»។

​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅមុខ​ ក៏​ជា​ចំណុច​ផ្តោត​សំខាន់នៅក្នុង​សម្រង់​ពាក្យពេចន៍​របស់​អ្នក​ឡើង​ភ្នំ​ម្នាក់​គឺ អ្នកស្រី​ Alison Levine​ ផង​ដែរ។ អ្នកស្រី​បាន​និយាយ​ថា «ជួនកាល​អ្នក​ត្រូវ​តែ​ថយក្រោយ​សិន​ ដើម្បី​អាច​ទៅដល់​កន្លែង​ដែល​អ្នក​ចង់ទៅ​នៅ​ទីបំផុត»។

អ្នកស្រី​ Alison Levine​ (អាវពណ៌ខៀវ) អ្នក​ឡើង​ភ្នំ​ជនជាតិអាមេរិកនៅលើកំពូលភ្នំ Everest។

អ្នក​ស្រី Levine បាន​និយាយ​ថា៖

«រឿងរ៉ាវ​នៅ​ពី​ក្រោយ​សម្រង់​ពាក្យពេចន៍​គឺថា​ ខ្ញុំ​ជា​ប្រធាន​ក្រុមស្ត្រី​ជនជាតិ​អាមេរិក​ដំបូង​បង្អស់​នៅ​ក្នុង​ដំណើរ​ឡើង​ភ្នំ Everest។​ គេ​គិត​ខុសថា​ យើង​ត្រូវ​ឡើងពី​ជំរុំ​មូលដ្ឋាន​ ទៅ​ជំរុំទី២​ ហើយ​ទៅ​ជំរុំ​ទី៣ បន្ទាប់​មក​ទៅ​ជំរុំ​ទី៤ ហើយ​បន្ទាប់មក​ទៀត​ឆ្ពោះ​ទៅកាន់​កំពូល​ភ្នំ​តែម្តង។​ តែ​តាមពិត​ វា​មិនមែន​អញ្ចឹងទេ។​ អ្នក​ត្រូវតែ​បន្ត​វិល​ត្រលប់​ចុះ​ទៅ​ជំរុំ​មូលដ្ឋាន​វិញ ពីព្រោះ​អ្នកត្រូវ​ឱ្យ​រាងកាយ​របស់​អ្នកស៊ាំ​ទៅនឹង​រយៈកម្ពស់​ជាមុន​សិន។​ ដំណើរ​ការ​នេះ​ត្រូវបាន​គេ​ហៅថា​ ការ​បន្សាំ​ខ្លួនទៅនឹង​អាកាសធាតុ​ថ្មី។​ ដូច្នេះ​អ្នក​ត្រូវ​តែដើរ​ចុះ​មកវិញ​ ដើម្បី​អាច​ឆ្ពោះ​ទៅ​កាន់​កំពូល​ភ្នំ​បាន។

អ្នកនិពន្ធ អ្នកស្រី​ Pauline Weger​ និយាយ​ថា អ្នកស្រី​សង្ឃឹមថា​ សៀវភៅ Beautifully Said​ នឹង​ជួយ​ជំរុញ​ទឹកចិត្ត​ស្ត្រី​ និង​ក្មេងស្រី​ដទៃ​ទៀត ​ឲ្យ​បង្កើត​នូវសម្រង់​ពាក្យពេចន៍​ផ្ទាល់​ខ្លួនផង​ដែរ៕

ប្រែសម្រួល​ដោយ​ ខាន់ សុគុំមនោ