មន្ត្រីអ៊ីតាលីបាននិយាយថាជនចំណាកស្រុកយ៉ាងតិចណាស់ក៏៦២នាក់ដែរបានស្លាប់នៅពេលដែលកប៉ាល់ធ្វើពីឈើមួយគ្រឿងដែលពួកគេបានជិះបានចាប់ផ្តើមបែកជាបំណែកតូចៗនៅផ្ទៃសមុទ្រទល់មុខឆ្នេរសមុទ្រអ៊ីតាលីកាលពីថ្ងៃអាទិត្យម្សិលមិញ។ ក្នុងចំណោមនេះមានកូនក្មេងយ៉ាងតិចណាស់ក៏១២នាក់បានស្លាប់។
សាកសពខ្លះបានអណ្តែតទៅឆ្នេរនៅឯកន្លែងកម្សាន្តនៅក្នុងតំបន់ Calabria ។
ក្រុមមន្ត្រីបាននិយាយថាមនុស្សយ៉ាងតិចណាស់ក៏៨០នាក់ដែរ រួមទាំងអ្នកដែលត្រូវបានជួយសង្គ្រោះដោយបុគ្គលិកជួយសង្គ្រោះក្នុងគ្រាអាសន្ន និងអ្នកដែលអាចហែលទឹកមកកាន់ឆ្នេរបន្ទាប់ពីកប៉ាល់នោះបែកខ្ទេចខ្ទី នៅរស់រានមានជីវិត។
រូបថតបង្ហាញពីកំណាត់ឈើធំៗរបស់កប៉ាល់នោះនៅលើឆ្នេរនៅជិតក្រុង Steccato di Cutro ហើយនិងដុំឈើនិងកម្ទេចបាក់បែកផ្សេងទៀតនៅតាមបណ្តោយឆ្នេរ។
លោក Vincenzo អភិបាលក្រុង Crotone បាននិយាយថា៖ «វាជាសោកនាដកម្មដ៏ធំធេងមួយ»។
បុរសម្នាក់មកពីកប៉ាល់ឈើនោះត្រូវបានអាជ្ញាធរអ៊ីតាលីចាប់ឃុំឃាំងពីបទសង្ស័យជួញដូរមនុស្ស។
ពួកអ្នករស់រានមានជីវិតបានប៉ាន់ស្មានថាមនុស្សពីរវាង១៥០ទៅ២០០នាក់ដែលបានស្ថិតនៅលើកប៉ាល់ឈើនោះបានចាប់ផ្តើមការធ្វើដំណើររបស់ខ្លួនពីប្រទេសតួកគីកាលពីបីបួនថ្ងៃមុន។ ជនចំណាកស្រុកជាច្រើនមកពីប្រទេសប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន។
អ៊ីតាលីពោរពេញទៅដោយជនចំណាកស្រុកដែលធ្វើដំណើរមកពីទ្វីបអាហ្វ្រិក អាស៊ីខាងត្បូង មជ្ឈិមបូព៌ានិងទីកន្លែងផ្សេងៗទៀត។
អ៊ីតាលីបានសុំឱ្យប្រទេសផ្សេងៗទៀតនៅក្នុងសហភាពអឺរ៉ុបបង្កើនការទទួលយកជនចំណាកស្រុកខ្លះ ជនចំណាកស្រុកភាគច្រើនមិនស្វែងរកការស្នាក់នៅក្នុងប្រទេសអ៊ីតាលីទេ ក៏ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេបានផ្តោតលើការធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់អឺរ៉ុបដើម្បីស្វែងរកការងារឬក៏ជួបជុំជាមួយក្រុមសមាជិកគ្រួសារ៕