សំឡេងឬវត្តមានរបស់ស្រ្តីនៅក្នុងអត្ថបទសារព័ត៌មាន នៅមានចំនួនតិចនៅឡើយ បើធៀបនឹងបុរស។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយរបស់អង្គការយូណេស្កូប្រចាំនៅកម្ពុជាចេញផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ។
ការសិក្សានេះធ្វើឡើងកាលពីដើមឆ្នាំ២០២៣ ក្រោមគម្រោង«ការពង្រឹងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅ និងសេរីភាពបញ្ចេញមតិនៅកម្ពុជា»របស់អង្គការយូណេស្កូ គាំទ្រដោយទី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិស៊ុយអែត (SIDA) ដើម្បីលើកកម្ពស់បរិយាកាសប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសុវត្តិភាព សេរី ពហុនិយម និងឯករាជ្យ។ ការសិក្សានេះធ្វើឡើង តាមរយៈការស្រាវជ្រាវឯកសារដែលមានស្រាប់ ការតាមដានលើអត្ថបទសារព័ត៌មានជាង៤០០០អត្ថបទ និងការសម្ភាសស៊ីជម្រៅជាមួយអ្នកពាក់ព័ន្ធ។
ការសិក្សាដែលចេញផ្សាយកាលពីពេលថ្មីនេះៗ ត្រូវបានរកឃើញថាស្រ្តីដែលត្រូវបានសម្ភាសក្នុងអត្ថបទសារព័ត៌មាន ឬសំឡេងរបស់ស្រ្តី មានតិចជាង៥% បើធៀបនឹងសំឡេងបុរសដែលត្រូវបានសម្ភាស។ ចំណែកអ្នកនាំពាក្យដែលត្រូវបានសម្ភាសជាប្រភពព័ត៌មានជាស្រ្តី មានប្រមាណ២% ខណៈអ្នកជំនាញ និងអ្នកផ្តល់ឯកទេសលើប្រធានបទដែលផ្តល់បទសម្ភាស ជាស្ត្រីមានប្រមាណ៧%។ អ្នកដែលចូលរួមក្នុងកិច្ចសម្ភាសន៍ជាប្រជាពលរដ្ឋទូទៅ មានប្រមាណ១២%ជាស្រ្តីតែប៉ុណ្ណោះ។
អ្នកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិអង្គការនារី ដើម្បីសន្តិភាព ប្រាប់វីអូអេនៅថ្ងៃពុធនេះថាកង្វះខាតវត្តមានស្រ្ដីនៅក្នុងអត្ថបទសារព័ត៌មាន និងក្នុងវិស័យសារព័ត៌មាន ដោយសារមូលហេតុជាច្រើនរួមផ្សំគ្នា ដូចជាវិសមភាពយេនឌ័រ វិសមភាពនៃអំណាចក្នុងសង្គម និងបញ្ហាជាច្រើនទៀតដែលរារាំងស្រ្ដីនៅក្នុងការចូលរួម រួមមានសុវត្តិភាពរបស់ស្រ្ដីទាក់ទងនឹងការបៀតបៀនផ្លូវភេទ ការបៀតបៀនផ្នែកច្បាប់ ផ្នត់គំនិតសង្គមដែលមិនសូវឱ្យតម្លៃលើវត្តមានស្រ្ដី ការមិនសូវបានលើកទឹកចិត្តពីគ្រួសារ និងការចំណាយពេលបំពេញការងារផ្ទះ ដែលអាចជាផ្នែកមួយរារាំងមិនអាចឱ្យស្រ្ដីមានពេលវេលាពង្រឹងសមត្ថភាពបន្ថែម។ អ្នកស្រីបន្តថាកង្វះខាតវត្តមានស្រ្ដីនៅក្នុងវិស័យព័ត៌មានអាចប៉ះពាល់ដល់ការពង្រឹងផ្នត់គំនិតសង្គម បទដ្ឋានសង្គមដែលអវិជ្ជមានមួយចំនួនទាក់ទងនឹងការចូលរួមរបស់ស្រ្ដី និងកង្វះព័ត៌មានដែលមិនគ្រប់ជ្រុងជ្រោយ។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងកាលណាកង្វះសំឡេងរបស់ពួកគាត់ ហាក់បីដូចជាមិនអាចធ្វើឱ្យព័ត៌មានមួយហ្នឹងមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
អ៊ីចឹងទីមួយគឺខ្វះព័ត៌មានគ្រប់ជ្រុងជ្រោយ។ ទីពីរវាជំរុញផ្នត់គំនិត ដោយសារតែព័ត៌មានមួយចំនួន កាលណាខ្វះនូវសំឡេងទាំងអស់ហ្នឹង ដែលបានគិតគូរនឹងមានលក្ខណៈឆ្លើយតបទៅនឹងយេនឌ័រ វាធ្វើឱ្យផ្នត់គំនិតមួយចំនួនដែលមានលក្ខណអវិជ្ជមាននៅតែបន្តកើតឡើង»។
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចាប្រាប់វីអូអេថាអ្នកសារព័ត៌មានជាស្ត្រីមានការប្រឈមច្រើន ដូចជាការបៀតបៀនលើរូបរាងកាយ ការប្រមាថដោយប្រើពាក្យពេចន៍មិនសមរម្យ ឬការគំរាមកំហែងផ្សេងៗជាដើម។
លោកបន្ថែមថាបញ្ហាដែលស្រ្តីចូលរួមក្នុងវិស័យសារព័ត៌មាន មានចំនួនតិច គឺបណ្តាលមកពីបរិបទនៅក្នុងសង្គម និងភាពភ័យខ្លាចនៅក្នុងការចូលរួមនៅក្នុងការបញ្ចេញមតិយោបល់ និងការផ្តល់សម្ភាសទៅដល់អ្នកសារព័ត៌មានជាដើម។
លោកថ្លែងថា៖ «អ្វីដែលយើងធ្លាប់បានពិនិត្យឃើញយើងឃើញថាទីមួយ គឺរឿងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគាត់ ដោយសារយើងដឹងហើយថាកន្លងមកមានករណីអ្នកសារព័ត៌មាន ដូចជាអ្នកសារព័ត៌មានពលរដ្ឋជាស្រ្តីនៅខាងខេត្តរតនគិរីត្រូវបានទទួលរងការធ្វើបាប រហូតដល់មានការបាត់បង់អាយុជីវិត ហើយយើងឃើញមានការបៀតបៀនពីពេលដែលពួកគាត់ចុះយកព័ត៌មានជាពិសេសពេលដែលមានជម្លោះ មានបាតុកម្មអីហ្នឹងពួកគាត់ទទួលរងការបៀតបៀនលើរូបរាងកាយ ហើយតាមប្រព័ន្ធអនឡាញហ្នឹងមានអ្នកសារព័ត៌មានជាស្ត្រីមួយចំនួនទៀតដែលគាត់មានភាពសកម្មនៅក្នុងការធ្វើសេចក្តីរាយការណ៍ ក៏ទទួលរងនូវការប្រមាថ ការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យអ៊ីចឹងជាដើមនៅលើប្រព័ន្ធអនឡាញ»។
អ្នកស្រី ញឹក ស្រីល័ក្ខ ជានាយិកាសារព័ត៌មាន Thmey Thmey ២៥ យល់ឃើញដូចគ្នាទៅនឹងរបាយការណ៍របស់អង្គការUNESCO ដែលបង្ហាញថាវត្តមានស្រ្ដីក្នុងអត្ថបទសារព័ត៌មានពិតជាមានចំនួនតិចជាងបុរស។ អ្នកស្រីបន្ថែមថារយៈពេលជាង៧ឆ្នាំដែលប្រឡូកក្នុងវិស័យនេះ អ្នកស្រីមើលឃើញថាអ្នកសារព័ត៌មានដែលសរសេរអំពីបញ្ហានយោបាយមានភាពប្រឈមជាងអ្នកសារព័ត៌មានដែលសរសេរអំពីបញ្ហាទូទៅ។
អ្នកស្រី ញឹក ស្រីល័ក្ខ ថ្លែងថា៖ «អាចនិយាយបានថាមិនសូវមានបញ្ហាប្រឈម ដោយសារបងFocus (ផ្ដោតលើ) រឿងកសិកម្ម យុវជន SME (សហគ្រាស ធុន តូច និង មធ្យម ) ទេសចរណ៍អីទេ អ៊ីចឹងវាអត់សូវមានបញ្ហាប្រឈមដូចអ្នកដែលធ្វើរឿងនយោបាយដែលគាត់រងការគំរាមគំហែងផ្សេងៗដែលធ្លាប់ដឹងថាកើតមានឡើងនៅក្នុងសង្គម។ ហើយមួយវិញទៀតហ្នឹង បញ្ហាដែលអ្នកសារព័ត៌មានស្រ្តីលើកឡើងការបៀតបៀនរបស់អ្នកសារព័ត៌មាននៅពេលដែលទៅកម្មវិធីផ្សេៗ យើងប្រជ្រៀតទៅសម្ភាសន៍ទៅក៏មានការបៀតបៀនមួយចំនួន ហើយអ្នកខ្លះទៅក៏រងនូវការបៀតបៀនពាក្យសម្តីពីអ្នកសារព័ត៌មាន ឬក៏អ៊ីចឹងណា»។
កញ្ញា យ៉ាត់ ម៉ាល័យ អ្នកសារព័ត៌មានបម្រើការនៅស្ថាប័នសារព័ត៌មានមួយកន្លែងក្នុងទីក្រុងភ្នំពេញ ប្រាប់វីអូអេថាតាមរយៈការសិក្សាស្រាវជ្រាវរបស់អង្គការយូណេស្កូនេះ កញ្ញាយល់ថាពិតជាមិនសូវមានអ្នកសារព័ត៌មានជាស្រ្តីច្រើន ដោយសារស្រ្តីមួយចំនួនមិនទាន់មានទំនុកចិត្តគ្រប់គ្រាន់នៅក្នុងការងារនេះ និងពេលខ្លះក៏អាចបណ្ដាលមកពីកត្តាគ្រួសារ សង្គម និងមជ្ឈដ្ឋាននានានៅក្នុងបរិបទផ្សេងៗ។ ប៉ុន្តែកញ្ញាសង្ឃឹមថានឹងមានអ្នកសារព័ត៌មានជាស្រ្តីច្រើននាពេលខាងមុខ។
កញ្ញាថ្លែងថា៖ «និយាយទៅដល់តួនាទីអ្នកសារព័ត៌មានជាស្ត្រីហ្នឹង គឺអត់ខុសអីពីបុរសទេ ព្រោះនៅក្នុងវិស័យសារព័ត៌មាន គឺបើកទូលំទូលាយអ៊ីចឹងមានន័យថានៅពេលដែលបុរសអាចទៅយកព័ត៌មានបាន ហេតុអីស្ត្រីមិនអាចទៅសម្ភាសគេបាន។ ស្ត្រីក៏គាត់អាចផ្ដល់ព័ត៌មាន អាចនាំយកបញ្ហាផ្សេងៗក៏ដូចជាដំណោះស្រាយផ្សេងៗពីរដ្ឋាភិបាល សង្គមស៊ីវិលដើម្បីយកទៅapply (អនុវត្ត) ក៏ដូចជាយកទៅpublish (ចុះផ្សាយ) ទៅដល់សាធារណជនដែលគាត់បានដឹងឮដូចទៅនឹងបុរសដែរ អ៊ីចឹងហេតុអីបានសកម្មភាពរបស់ស្រ្តីត្រូវមើលរំលង»។
វីអូអេមិនអាចទាន់សុំការអត្ថាធិប្បាយពីលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបាននៅឡើយ។
អ្នកស្រី គ្រី ស៊ុយហៀង នាយិកាប្រតិបត្តិអង្គការនារី ដើម្បីសន្តិភាព រំឭកថាស្រ្ដីខ្លួនឯងត្រូវពង្រឹងសមត្ថភាព ចំណេះជំនាញខ្លួនឯងបន្ថែមទៀត ដើម្បីមានសមត្ថភាពក្នុងការចូលរួមក្នុងវិស័យសារព័ត៌មាននេះ។ បន្ថែមពីនេះអ្នកស្រីស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ ស្ថាប័នសារព័ត៌មានត្រូវមានគោលនយោបាយ ដើម្បីការពារស្រ្ដី និងត្រូវមានការគាំទ្រ និងការពារពីក្រុមគ្រួសារ និងអ្នករស់នៅក្នុងសមាគមន៍ផងដែរ៕