ក្រុមសកម្មជនសិទ្ធិស្រ្តីដែលប្រតិកម្មទៅនឹងការនិយាយរបស់អ្នកអត្ថាធិប្បាយព័ត៌មានពេលព្រឹកទូរទស្សន៍ហង្សមាសមួយរូប ទាក់ទងនឹងការរំលោភសម្លាប់នារីម្នាក់កាលពីដើមសប្តាហ៍មុន បានទទួលយកការសុំទោសជាសាធារណៈ បន្ទាប់ពីអ្នកអត្ថាធិប្បាយរូបនោះបានទទួលស្គាល់ថា ការអត្ថាធិប្បាយរបស់លោកពិតជាមិនត្រឹមត្រូវ។
ទោះជាយ៉ាងណា ក្រុមគ្រួសាររបស់ជនរងគ្រោះដែលរស់នៅខេត្តព្រះវិហារ នៅតែមិនអស់ចិត្តទាក់ទិននឹងការអត្ថាធិប្បាយតាមទូរទស្សន៍នោះ។
ក្រុមសកម្មជនសិទ្ធិស្រ្តី ទទួលយកការសុំទោសជាសាធារណៈរបស់អ្នកអត្ថាធិប្បាយទូរទស្សន៍មួយរូបដែលបានអត្ថាធិប្បាយពាក់ព័ន្ធនឹងការរំលោភសម្លាប់ស្រ្តីម្នាក់ ដោយលើកឡើងថា ការសុំទោស និងការទទួលស្គាល់កំហុសនេះ នឹងក្លាយជាគំរូល្អសម្រាប់អ្នកអត្ថាធិប្បាយ និងអ្នកសរសេរព័ត៌មានផ្សេងទៀត ឲ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។
ការទទួលយកការសុំទោសនោះ ធ្វើឡើងបន្ទាប់ពីអ្នកអត្ថាធិប្បាយទូរទស្សន៍មួយរូប គឺលោក មាស រិទ្ធី ដែលជាអគ្គនាយករងទូរទស្សន៍ហង្សមាស បានសុំទោសជាសាធារណៈ ក្រោយមានប្រតិកម្មពីក្រុមសកម្មជនសិទ្ធិស្រ្តីទៅលើការអត្ថាធិប្បាយរបស់លោក ដែលក្រុមសកម្មជនការពារសិទ្ធិស្ត្រី អះអាងថា ជាការប្រមាទថមាក់ងាយ ជនរងគ្រោះ ក្នុងអំពើរំលោភសម្លាប់កាលពីដើមខែសីហា។
ក្រុមសកម្មជនសិទ្ធិស្រ្តីទាំងនោះបានសម្តែងនូវការសាទរ តាមរយៈការបង្ហោះលើគេហទំព័រ www.change.org ដែលពួកគេបានបង្កើតជាញត្តិអេឡិចត្រូនិច ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ចំនួនជាង២០០០នាក់។
ក្នុងសារមួយដែល បានផ្សាយក្នុងគេហទំព័ររបស់ក្រុមសកម្មជនសិទ្ធិស្ត្រីកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានសរសេរក្នុងន័យដើមថា៖
«យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការទទួលស្គាល់កំហុសផ្នែកវិជ្ជាជីវៈ និងការកែតម្រូវរបស់អ្នកទាំងពីរ នឹងក្លាយជាគំរូដ៏ល្អសម្រាប់អ្នកអត្ថាធិប្បាយព័ត៌មាន អ្នកសរសេរព័ត៌មាន និងអ្នកកាសែតដទៃទៀតឲ្យក្លាយជាភ្នាក់ងារក្នុងការកែប្រែសង្គមប្រកបដោយភាពវិជ្ជមាន និងចាប់ផ្តើមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដូចដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមរវាងក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី អំពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី»។
កាលថ្ងៃទី១០ ខែសីហាកន្លងទៅ លោក មាស រិទ្ធី អគ្គនាយករងនៃស្ថានីយទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថាធិប្បាយ «កម្មវិធីហង្សមាសព័ត៌មានពេលព្រឹក» បានអត្ថាធិប្បាយអំពីករណីរំលោភសម្លាប់ស្ត្រីរងគ្រោះជាបុគ្គលិកកាស៊ីណូម្នាក់នៅខេត្តស្វាយរៀង ដែលបង្កឡើងដោយជនល្មើសជាអ្នករត់តាក់ស៊ីពីរនាក់បានរួមដៃគ្នារំលោភ និងសម្លាប់ជនរងគ្រោះ។
ក្រុមសកម្មជនសិទ្ធិស្រ្តីលើកឡើងថា ការថ្លែងរបស់អ្នកអត្ថាធិប្បាយរូបនោះ ជាការប្រមាថមាក់ងាយ និងព្យាយាមស្ដីបន្ទោសដល់ស្ត្រីរងគ្រោះដែលបានស្លាប់ តាមរយៈការប្រើពាក្យមិនគប្បីជាច្រើន។ ពួកគេបានរៀបចំញត្តិអេឡិចត្រូនិចមួយដោយប្រមូលបានអ្នកគាំទ្រជាង២០០០នាក់ ក្នុងរយៈពេលជិតមួយសប្តាហ៍ និងបានដាក់លិខិត និងញត្តិនោះទៅគណៈគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ហង្សមាស ព្រមទាំងក្រសួងពាក់ព័ន្ធមួយចំនួនកាលពីថ្ងៃពុធ ដើម្បីអន្តរាគមន៍ឲ្យលោក មាស រិទ្ធី ទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ។
ក្រោយទទួលបានញត្តិ និងលិខិតរបស់ក្រុមសកម្មជនសិទ្ធិស្រ្តី នៅព្រឹកថ្ងៃព្រហស្បតិ៍ លោក មាស រិទ្ធី បានទទួលស្គាល់ថា ការអធិប្បាយរបស់លោកពិតជាមិនត្រឹមត្រូវ និងបានសុំទោសជាសាធារណៈតាមកញ្ចក់ទូរទស្សន៍ក្នុង «កម្មវិធីហង្សមាសព័ត៌មានពេលព្រឹក» របស់លោក។
លោក មាស រិទ្ធី និយាយថា៖
«ឥឡូវខ្ញុំសុំទោសចំពោះកំហុសដោយអចេតនា ហើយចំពោះពាក្យពេចន៍ ឃ្លាខ្លះដែលខ្ញុំតាមពិតនិយាយលេង ហើយក្រែងលោជ្រុលជ្រួសចំពោះស្រ្តី។ អញ្ចឹងសូមអភ័យទោសចំពោះចំណុចខាងលើនេះ បើសិនជាខ្ញុំថាខ្ញុំនិយាយជ្រុលជ្រួសខុសប៉ះពាល់ទៅលើស្រ្តី សូមអធ្យាស្រ័យ និងសូមអភ័យទោស ព្រោះខ្ញុំក្នុងនាមជាអ្នកសារព័ត៌មាន ខ្ញុំត្រូវតែកែតម្រូវ និងសុំទោស អ្វីដែលខ្ញុំគិតថានិយាយទៅខុស និងប៉ះពាល់ដល់អ្នកដទៃ»។
អ្នកស្រី រស់ សុភាព នាយិការប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) ប្រាប់ VOA ថាអ្នកសារព័ត៌មានមួយចំនួនបានរាយការណ៍ព័ត៌មានពីអំពើហិង្សាលើស្រ្តីដោយខ្វះចំណេះដឹង និងខ្វះការប្រុងប្រយ័ត្ន ដែលអ្នកស្រីថា បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្រ្តី និងគ្រួសាររបស់ជនរងគ្រោះ។ អ្នកស្រីបន្ថែមថា ការទទួលស្គាល់កំហុស និងកែតម្រូវរបស់អ្នកសារព័ត៌មាន នឹងធ្វើឲ្យការរាយការណ៍របស់ពួកគេកាន់តែមានភាពប្រុងប្រយ័ត្ន និងត្រឹមត្រូវ។
អ្នកស្រី រស់ សុភាព មានប្រសាសន៍ថា៖
«ជាពន្លឺមួយដ៏សំខាន់សម្រាប់ឲ្យអ្នកសារព័ត៌មានទាំងអស់ពិចារណា និងយកចិត្តទុកដាក់ទៅលើសេចក្តីប្រកាសរបស់ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មានដែលទាក់ទងលើក្រមសីលធម៌របស់អ្នកសារព័ត៌មានដែលបានចុះហត្ថលេខាកាលពីខែមុន។ អញ្ចឹងយើងសង្ឃឹមថា ស្ថានភាពស្រ្តីនឹងអាចបង្ហាញនូវភាពគោរព និងឈានទៅរកការកាត់បន្ថយអំពើហិង្សា និងការរំលោភបំពានទាំងឡាយទៅលើស្រ្តី និងជនដែលងាយរងគ្រោះ ក្នុងនោះមានជនពិការផងដែរ»។
ពាក់ព័ន្ធនឹងប្រតិកម្មរបស់ក្រុមសកម្មជនសិទ្ធិស្រ្តី ដែលបានស្នើក្រសួងពាក់ព័ន្ធឲ្យអន្តរាគមន៍លើការថ្លែងរបស់លោក មាស រិទ្ធី ក្រសួងព័ត៌មានលើកឡើងថា ក្រសួងមិនមានសិទ្ធិណាមួយក្នុងការចាត់វិធានការលើអ្នកអត្ថាធិប្បាយ ឬអ្នកសារព័ត៌មាននោះទេ។
ចំណែកក្រសួងកិច្ចការនារី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញថា ក្រសួងមានការសោកស្តាយ និងមិនអាចទទួលយកបានចំពោះការរាយការណ៍ទាំងឡាយណាដែលយកករណីអំពើហិង្សាលើស្រ្តី និងកុមារីមកធ្វើជាព័ត៌មានកំសាន្តសប្បាយ ឬកំប្លុកកំប្លែង ផ្ទុយពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី។
សេចក្តីថ្លែងការណ៍នោះបន្ថែមថា ការរាយការណ៍របស់លោក មាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាស ពិតជាប្រាសចាកពីប្រកាសរួម ប៉ុន្តែលោក មាស រិទ្ធី បានទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈរួចហើយ។
សេចក្តីថ្លែងការណ៍ដដែលត្រូវបានសរសេរក្នុងន័យដើមថា៖
«ក្រសួងកិច្ចការនារីសង្ឃឹមយ៉ាងមុតមាំថា ទៅអនាគត លោក មាស រិទ្ធី ក៏ដូចជាអ្នករាយការណ៍ព័ត៌មានដទៃទៀត នឹងគោរពតាមក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយនេះ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លៃស្រ្តី និងសីលធម៌សង្គម»។
លោកស្រី រឿន ស្រីលូត ជាម្តាយនារីរងគ្រោះ ប្រាប់ VOA តាមទូរសព្ទពីខេត្តព្រះវិហារថា លោកស្រីមិនសប្បាយចិត្តចំពោះការអត្ថាធិប្បាយរបស់អ្នកសារព័ត៌មាន ដែលអ្នកស្រីអះអាងថា បាននិយាយធ្វើឲ្យប៉ះពាល់ដល់ភាពត្រឹមត្រូវរបស់កូនស្រី។ លោកស្រីសុំមិនអធិប្បាយច្រើន ដោយគ្រាន់តែលើកឡើងថា លោកស្រីមិនទាន់អាចទទួលយកបាននូវការសុំទោសជាសាធារណៈនោះទេ។
លោកស្រី រឿន ស្រីលូត បន្ថែមដោយរំពឹងថា តុលាការនឹងកាត់ទោសជនដែលប្រព្រឹត្តល្មើសលើកូនរបស់លោកស្រីឲ្យខ្ពស់បំផុត។
«ខ្ញុំថាតុលាការរកយុត្តិធម៌ឲ្យខាងខ្ញុំ កុំឲ្យមានលម្អៀង ជនល្មើសហ្នឹងរួចខ្លួនបាន។ បើថាមានទោសប្រហារជីវិត ឲ្យប្រហារជីវិតទៀត»។
កាលពីថ្ងៃទី៤ ខែសីហា សាកសពនារីរងគ្រោះ អាយុ១៨ឆ្នាំម្នាក់ ដែលជាបុគ្គលិកកាស៊ីណូ ត្រូវបានគេរកឃើញនៅវាលស្រែមួយក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដោយសមត្ថកិច្ចអះអាងថា នារីរងគ្រោះ ត្រូវបានគេរំលោភ និងសម្លាប់។ ក្រោយមក សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យចំនួនពីរនាក់ ដែលជាអ្នកបើកបរតាក់ស៊ី និងបានបញ្ជូនពួកគេទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕