គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឲ្យដឹងថា ម្តាយរបស់ទារកអាយុ៥ខែម្នាក់ដែលរស់ក្នុងពន្ធនាគារត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅថ្ងៃសុក្រនេះ ក្រោយពីឬទារករបស់អ្នកស្រីបានស្លាប់កាលពីចុងខែមករាកន្លងទៅ។
សេចក្តីថ្លែងការណ៍អង្គការសិទ្ធិមនុស្សលីកាដូដែលចេញនៅថ្ងៃទី១៨ខែកុម្ភៈបានឲ្យដឹងថា ទារកអាយុ៥ខែម្នាក់ដែលរស់នៅជាមួយម្តាយកំពុងជាប់ឃុំនៅក្នុងមណ្ឌលអប់រំកែប្រែទីពីរ បានស្លាប់នៅមន្ទីរពេទ្យ កាលពីថ្ងៃទី២៦មករា ដោយសារជំងឺរលាកសួត និងកង្វះអាហារូបត្ថម្ភ។
ការដោះលែងស្ត្រីឲ្យនៅក្រៅឃុំនេះកើតឡើង១០ថ្ងៃបន្ទាប់ពីការចេញផ្សាយរបាយការណ៍របស់អង្គការលីកាដូ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលចេញនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ក្រោមជំនួយផ្នែកច្បាប់របស់ក្រុមមេធាវីសិទ្ធិមនុស្សរបស់គណៈកម្មាធិការនេះ តុលាការបានបើកសវនាការលើសំណុំរឿងរបស់ស្ត្រីជាម្តាយ។ ហើយតុលាការបានប្រកាសសាលក្រមជាសាធារណៈនៅថ្ងៃទី២៥ ខែកុម្ភៈនេះដោយសម្រេចផ្តន្ទាទោសស្ត្រីជាម្តាយដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ។ ទោះបីជាយ៉ាងណា តុលាការតម្រូវឱ្យស្ត្រីរូបនេះ «អនុវត្តទោសក្នុងពន្ធនាគាររយៈពេល៨ខែ១០ថ្ងៃ ហើយទោសដែលនៅសល់ត្រូវអនុវត្តទោសព្យួរធម្មតាពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»។
លោក អំ សំអាត នាយករងកម្មវិធីឃ្លាំមើលសិទ្ធិមនុស្សលីកាដូ ប្រាប់ VOA ថា លោកស្វាគមន៍និងអបអរចំពោះការដោះលែងស្ត្រីជាម្តាយ។
ប៉ុន្តែលោកថា៖ «ក៏ប៉ន្តែទោះជាយ៉ាងណា នៅតែមានការសោកស្តាយដោយសារកូនរបស់គាត់បានបាត់បង់ជីវិតទៅហើយ»។
លោកថា នៅថ្ងៃមុខ អាជ្ញាធរគួរតែគិតគូរឲ្យបានច្បាស់លាស់មុននឹងធ្វើការចោទប្រកាន់ និងឃុំខ្លួនស្ត្រីដែលមានផ្ទៃពោះ ស្ត្រីដែលមានកូនតូច ឬអនីតិជនដែលងាយរងគ្រោះ។
លោកបន្តថា៖ «ការឃុំខ្លួនបណ្តោះអាសន្នគួរតែជាជម្រើសចុងក្រោយ។ បើសិនជាអាចគឺយើងឲ្យគាត់នៅក្រៅឃុំបណ្ដោះអាសន្នទៅជាការល្អ។ ហើយបើនៅក្នុងឃុំអាហ្នឹងគឺត្រូវតែជំរុញនីតិវិធីក្នុងការស៊ើបអង្កេតនិងការជំនុំជម្រះហ្នឹងឲ្យបានឆាប់ដល់ពួកគាត់ដើម្បីកុំឲ្យស្ត្រីហ្នឹងគាត់អាចនឹងរងទុក្ខទោសយូរ»។
លោកជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា អាជ្ញាធរបានខិតខំប្រឹងប្រែង ប៉ុន្តែការណ៍នេះនៅតែមានចន្លោះប្រហោង។
លោកប្រាប់ VOA ថា៖ «យើងនឹងព្យាយាមបំពេញបន្ថែមតទៅមុខទៀត»។
ទារកដែលមានអាយុ៥ខែនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខ្មែរ-សូវៀតកាលពីថ្ងៃទី១៨ ខែមករា ហើយត្រូវបានរកឃើញថា បាក់ឆ្អឹងភ្លៅនិងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ បន្ទាប់ពីមន្ទីរពេទ្យខ្មែរ-សូវៀតបដិសេធមិនទទួលព្យាបាល។ ប៉ុន្តែមន្ទីរពេទ្យកុមារជាតិមិនអនុញ្ញាតឲ្យទារកនេះស្នាក់នៅមួយយប់នោះទេ ដោយអះអាងថា គ្មានបន្ទប់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ៕
រាយការណ៍បន្ថែមដោយ ទុំ ម្លិះ។