យុវនារី​មីយ៉ាន់ម៉ា​​ម្នាក់​ដែល​ត្រូវ​​ប៉ូលិស​បាញ់​ក្នុង​ពេល​បាតុកម្ម​ បាន​ស្លាប់​ហើយ

រូបឯកសារ៖ និស្សិតមហាវិទ្យាល័យបានកាន់រូបថតរបស់កញ្ញា Mya Thwet Thwet Khine ដែលត្រូវបានប៉ូលិសបាញ់ចំក្បាល ខណៈពួកគេធ្វើបាតុកម្មនៅទីក្រុងម៉ាន់ដាឡេ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​ប៉ូលិស​បាញ់​ចំ​ក្បាល ​ក្នុង​អំឡុង​នៃ​ការ​តវ៉ា​កាល​ពី​សប្តាហ៍​មុន​ប្រឆាំង​ទៅ​នឹង​ការ​ដណ្តើម​យក​អំណាច​ដោយយោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ នេះ​តាម​ការ​បញ្ជាក់​របស់​បងប្អូន​ប្រុស​នាង​ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AP។

នាង​ជា​អ្នក​ស្លាប់ដំបូង​បំផុត ដែល​ត្រូវ​បាន​បញ្ជាក់​ក្នុង​ចំណោម​ក្រុម​បាតុករ​រាប់​ពាន់​នាក់ ​ដែល​បាន​ប្រឈម​តតាំង​ជាមួយ​កង​កម្លាំង​សន្តិសុខ​ បន្ទាប់​ពី​ក្រុម​យោធា​បាន​ក្តោបក្តាប់​អំណាច​ នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឃុំ​ខ្លួន​មេដឹកនាំ​ជាប់​ឆ្នោត​របស់​មីយ៉ាន់ម៉ា​ ហើយ​បាន​រារាំង​សភា​មិន​ឲ្យ​កោះប្រជុំ។

នាង Mya Thwet Thwet Khine អាយុ​១៩​ឆ្នាំ ​បាន​ត្រូវ​គេ​បាញ់​ក្នុង​អំឡុង​ពេល​នៃ​បាតុកម្ម​នៅ​រដ្ឋធានី​ណៃពីដោ​ កាល​ពី​ថ្ងៃ​ទី៩ ខែ​កុម្ភៈ។ វីដេអូ​បាន​បង្ហាញ​នាងគេច​ចេញ​ពី​កាណុង​បាញ់​ទឹក ​ហើយ​ស្រាប់​តែ​ដួលទៅ​លើ​ដីភ្លាមៗ ​បន្ទាប់​ពី​គ្រាប់​កាំភ្លើង​បាន​ត្រូវ​ចំ​ធ្លុះមួក​ការពារ​សម្រាប់​ជិះ​ម៉ូតូ​ ដែល​នាង​បាន​ពាក់។ នាង​បាន​ទទួល​ប្រដាប់​ទ្រទ្រង់​ជីវិត​នៅ​ឯ​មន្ទីរពេទ្យ​ដោយ​ក្រុម​វេជ្ជបណ្ឌិត ដែល​បាន​និយាយ​ថា នាង​មិន​មាន​ឱកាស​បាន​ជា​សះស្បើយ​ឡើង​វិញ​ទេ។

បងប្អូន​ប្រុស​របស់​នាង​ឈ្មោះ Ye Htut Aung ដែល​បាន​និយាយ​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន AP ពី​កន្លែង​តម្កល់​សព​ថា នាង​បាន​ស្លាប់​នៅ​ម៉ោង ​១១:០៥ ​វិនាទី​ព្រឹក​ថ្ងៃ​សុក្រ​នេះ។​

អ្នក​នាំ​ពាក្យ​យោធា​ដែលកាន់​អំណាច មិន​បាន​បដិសេធការណ៍​ដែល​ស្ត្រី​នោះត្រូវ​បាន​បាញ់​ដោយ​កងកម្លាំងសន្តិសុខ​ទេ ក៏ប៉ុន្តែ​បាន​និយាយនៅ​ឯ​សន្និសិទ​កាសែតនៅ​សប្តាហ៍​នេះ​ថា នាង​ជា​មនុស្ស​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​ហ្វូងមនុស្ស​ដែល​បាន​ចោល​ដុំ​ថ្ម​ដាក់​ប៉ូលិស ​ហើយ​ករណី​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត។ មិន​មាន​ការ​បញ្ជាក់​ពី​ប្រភព​ឯករាជ្យ​ចំពោះ​ការ​ចូលរួម​របស់​នាង​ នៅ​ក្នុង​អំពើ​ហិង្សា​ណា​នោះទេ។

ក្រុម​បាតុករ​បាន​យកនាង Mya Thwet Khine ធ្វើ​ជា​វីរនារី​រួចហើយ និង​បាន​រំឭកដល់​នាង​ក្នុង​អំឡុង​នៃ​បាតុកម្ម​នៅ​ដើម​សប្តាហ៍​នេះ។

បាតុកម្ម​បាន​បន្ត​នៅ​ថ្ងៃ​សុក្រ​នេះ​ នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ និងនិងតំបន់ផ្សេង​ទៀត​របស់​មីយ៉ាន់ម៉ា៕