ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​លួច​ព័ត៌មាន​វិទ្យា​វាយ​ប្រហារ​គេហទំព័រ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ដើម្បី​ប្រឆាំង​រដ្ឋប្រហារ


មនុស្សរាប់ពាន់នាក់បានកាន់បដានានា ខណៈចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា នៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុម​អ្នក​លួច​ព័ត៌មាន​វិទ្យា​បាន​វាយ​ប្រហារ​លើ​វិបសាយ​មួយ​ចំនួន​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ប្រឆាំង​រដ្ឋ​ប្រហារ ស្រប​ពេល​ដែល​រដ្ឋាភិបាល​យោធា​បាន​បន្ត​ប្រឹងប្រែង​រារាំង​ការ​ប្រឆាំង​ទូទាំង​ប្រទេស​ ដោយ​បិទ​អ៊ីនធឺណិត​និង​ដាក់​ពង្រាយ​កងទ័ព។

ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​នេះ​បាន​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ក្រុម​ឧត្តមសេនីយ៍​ដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី Aung San Suu Kyi កាលពី​ដើម​ខែ​នេះ។

ក្រុម​មួយ​ដែល​មាន​ឈ្មោះ​ថា «ក្រុម​អ្នក​លួច​ព័ត៌មាន​វិទ្យា​មីយ៉ាន់ម៉ា» បាន​បង្អាក់​វិបសាយ​មួយ​ចំនួន​ដូចជា​វិបសាយ​ធនាគារ​កណ្តាល វិបសាយ​ឃោសនា​របស់​យោធា​មីយ៉ាន់ម៉ា វិបសាយ​ស្ថានីយ​ទូរទស្សន៍ MRTV ដែល​គ្រប់គ្រង​ដោយ​រដ្ឋ វិបសាយ​អាជ្ញាធរ​កំពង់ផែ និង​វិបសាយ​ទីភ្នាក់ងារ​ម្ហូប​អាហារ​និង​ឱសថ​ជាដើម។

ក្រុម​នេះ​បាន​បញ្ជាក់​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន​ថា៖ «យើង​កំពុង​ប្រយុទ្ធ​ដើម្បី​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ វា​ដូចជា​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​របស់​ប្រជាពលរដ្ឋ​នៅ​ពី​មុខ​វិបសាយ​របស់​រដ្ឋាភិបាល​ដូច្នេះ​ដែរ»។

កាសែត New Light of Myanmar ដែល​មាន​ន័យ​ថា ពន្លឺ​ថ្មី​របស់​មីយ៉ាន់ម៉ា ក៏​បាន​បញ្ជាក់​ផងដែរ​ថា​ វិបសាយ​យោធា «កំពុង​រង​ការ​វាយ​ប្រហារ» ដោយ​វិបសាយ​នេះ​មាន​ដំណើរការ​យឺតយ៉ាវ​ កាលពី​ថ្ងៃ​ពុធ។ លោក Matt Warren អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​អ៊ីនធឺណិត​មកពី​សាកល​វិទ្យាល័យ RMIT របស់​ប្រទេស​អូស្រ្តាលី បាន​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​ទំនងជា​មាន​គោល​បំណង​ជំរុញ​ចលនា​សាធារណៈ។

អង្គការ NetBlocks ដែល​ឃ្លាំ​មើល​ការ​ដាច់​អ៊ីនធឺណិត​នៅ​ជុំវិញ​ពិភពលោក បាន​ឲ្យ​ដឹង​ថា សេវា​អ៊ីនធឺណិត​នៅ​មីយ៉ាន់ម៉ា​ត្រូវ​បាន​បង្អាក់​ធ្ងន់ធ្ងរ​នៅ​យប់​ទី​បួន​នៅ​ម៉ោង​ប្រមាណ ១ ព្រឹក កាលពី​ថ្ងៃ​ព្រហស្បតិ៍។

អង្គការ​នេះ​ថា សេវា​អ៊ីនធឺណិត​បាន​ធ្លាក់​ចុះ​ដល់​ត្រឹម ២១% នៃ​កម្រិត​ធម្មតា ហើយ​ត្រូវ​បាន​ស្តារ​ឡើង​វិញ ៨ ម៉ោង​ក្រោយ​មក មុន​ពេល​ម៉ោង​ធ្វើការ​ថ្ងៃ​បន្ទាប់​ចាប់ផ្តើម៕

XS
SM
MD
LG