អ្នកជំនាញអាមេរិកក្នុងសំណុំរឿងខ្មែរក្រហមបាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងវ៉ាស៊ីនតោន បានគាំទ្រប្រទេសចិនដើម្បីឲ្យរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមបន្តជីវិតនៅអង្គការសហប្រជាជាតិបាន។
លោកស្រីអេលីហ្ស៊ាបេត បេកឃើ អតីតអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែតWashington Post និងជាអ្នកនិពន្ធសៀវភៅអំពីខ្មែរក្រហមដែលមានចំណងជើងថា"When the war was Over” ឬ «នៅពេលដែលសង្គ្រាមបានបញ្ចប់» បាននិយាយយោងដល់កិច្ចសម្ភាសន៍ជាមួយមន្ត្រីជាន់ខ្ពស់របស់អតីតប្រធានាធិបតីអាមេរិកJimmy Carter ថា សហរដ្ឋអាមេរិកបានស្ថិតនៅពីក្រោយខ្នងប្រទេសចិន។
«សហរដ្ឋអាមេរិកនៅខាងភាគីចិនប្រឆាំងនឹងសហភាពសូវៀត។ ហើយសហភាពសូវៀតគាំទ្រប្រទេសវៀតណាម រីឯសហរដ្ឋអាមេរិកគាំទ្រប្រទេសចិនដែលប្រទេសចិនគាំទ្ររបបកម្ពុជាប្រជាធិបតេយ្យ»។
លោកស្រីបេកឃើ បានមកដល់ប្រទេសកម្ពុជានៅខែធ្នូ ឆ្នាំ១៩៧៨ ជាមួយជនបរទេសចំនួនពីរនាក់ផ្សេងទៀត។ ប៉ុន្តែជនបរទេសម្នាក់ក្នុងចំណោមនោះ ត្រូវបានពួកខ្មែរក្រហមសម្លាប់។ នោះគឺជាដំណើរទស្សនកិច្ចដែលរៀបចំដោយរបបខ្មែរក្រហម។
ឆ្លើយទៅនឹងសំណួររបស់សហព្រះរាជអាជ្ញាអាមេរិក លោក នីកូឡាស គុមជាន (Nicholas Koumjian) ក្នុងការកាត់ទោសសំណុំរឿង០០២វគ្គទី២ដោយមានវត្តមានរបស់ជនជាប់ចោទខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។
លោកស្រីបេកឃើ បានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកបានដើរតួសំខាន់មួយក្នុងការបងើ្កតឲ្យមានសម្ព័ន្ធភាពរវាងខ្មែរក្រហម សីហនុ និងសឺន សាន អតីតនាយករដ្ឋមន្ត្រីដែលមនុស្សទាំងបីនាក់មានអ្នកគាំទ្រនិងពលទាហានតាមបណ្តោយព្រំដែនកម្ពុជា ថៃ។ ហើយពួកគេក្លាយជាអង្គការទាហាននិងអង្គការនយោបាយដែលអនុញ្ញាតឲ្យរបបកម្ពុជាប្រជាធិបតេយ្យអាចរក្សាអត្តសញ្ញាណតំណាងឲ្យប្រទេសកម្ពុជានៅអង្គការសហប្រជាជាតិបាន»។
នៅក្នុងការផ្តល់សក្ខីកម្មនៅថ្ងៃនេះដែរលោកស្រី អេលីហ្ស៊ាបេត បេកឃើ សង្កត់ធ្ងន់ថា ប្រទេសចិនគឺជាប្រទេសចងសម្ព័ន្ធភាពជាមួយពួកខ្មែរក្រហមនៅពេលដែលលោកស្រីបានមកដល់ប្រទេសកម្ពុជានៅចុងឆ្នាំ១៩៧៨។ ហើយលោកស្រីបញ្ជាក់ថា មធ្យោបាយតែមួយគត់នៅពេលនោះដើម្បីមកកាន់ប្រទេសកម្ពុជាគឺត្រូវជិះយន្តហោះពីប្រទេសចិន។ ហើយមនុស្សភាគច្រើននៅក្នុងយន្តហោះគឺជាជនជាតិចិន។
លោកស្រីអេលីហ្ស៊ាបេត បេកឃើ បានបញ្ជាក់បន្ថែមថាលោកស្រីបានឃើញជនជាតិចិននៅពេលដែលលោកស្រីមកដល់ក្រុងភ្នំពេញ។ ក្រៅពីនោះទៀតលោកស្រីក៏បាននិយាយដល់ការសម្លាប់កុមារ ការរៀបការ ពលរដ្ឋខ្មែរអ៊ីស្លាមរួមទាំងការបែងចែកប្រជាជនចាស់និងប្រជាជនថ្មីផងដែរ។
លោកស្រីបញ្ជាក់ថាប្រជាជនថ្មីដែលជាប្រជាជនជម្លៀសចេញពីទីក្រុងត្រូវពួកខ្មែរក្រហមគិតគូយកចិត្តទុក្ខដាក់តិចជាងប្រជាជនចាស់ដែលជាអតីតប្រជាជនក្នុងចលនាតស៊ូរបស់ខ្មែរក្រហម៕