នៅ​ពេល​ពិធីចូល​សញ្ជាតិ​អាមេរិកាំង​បាន​ផ្អាក​ អតីត​អ្នក​ភៀស​ខ្លួន​ម្នាក់​បន្ត​ជួយ​អ្នក​សុំ​សញ្ជាតិ​បង់​ថ្លៃ​ដាក់​ពាក្យ​

រូបឯកសារ៖ ពលរដ្ឋស្បថចូលសញ្ជាតិអាមេរិកនៅក្រុង Cleveland រដ្ឋ Ohio កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

ទីភ្នាក់​ងារ​សេវា​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍អាមេរិកហៅ​កាត់​ថា​ USCIS ​មិន​បាន​ធ្វើ​សម្ភាសន៍​ដោយ​ផ្ទាល់​និង​មិន​បាន​ចាត់​ចែង​ពិធី​ស្បថ​សម្រាប់​ពួក​ជន​អន្តោ​ប្រវេសន៍​ដែល​ស្វះស្វែង​ឱ្យ​បាន​ក្លាយ​ជា​ពលរដ្ឋ​អាមេរិកាំង​តាម​រយៈ​ការ​ចូល​សញ្ជាតិ​ទេចាប់​តាំង​ពី​ខែ​មីនា​មក ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​

ពួក​អ្នក​ជំនាញ​និយាយ​ថា​ជា​លទ្ធផល​មនុស្ស​រាប់ម៉ឺន​នាក់​មិន​អាច​ចូល​សញ្ជាតិ​អាមេរិកាំង​ឱ្យ​ទាន់​ពេល​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកាំង​នៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ទេ។​

នៅ​ពេល​ជា​មួយ​គ្នា​នេះ​ ​មាន​អតីត​ជន​ភៀស​ខ្លួន​ម្នាក់​មកពី​ប្រទេស​កេនយ៉ាបន្ត​ការ​ខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ជួយ​ពួក​មនុស្ស​ដែល​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ​អាមេរិកាំង។​

លោក​ Mohamed Malim ​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​សូម៉ាលី​ដែល​គ្រួសារ​លោក​បាន​រត់​គេច​ខ្លួន​ចេញ​ពី​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​នោះ។​ លោក​បាន​កើត​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​មួយ​ក្នុង​ប្រទេសកេនយ៉ា ហើយមក​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិកកាល​ពី​ឆ្នាំ​១៩៩៩​នៅ​ពេល​លោក​មាន​អាយុ​៤​ឆ្នាំ។​

លោក​ Malim ​ជា​អ្នក​បង្កើត​ក្រុម​ហ៊ុន​ Epimonia​ ដែល​ជា​ក្រុមហ៊ុន​សម្លៀក​បំពាក់​យក​កម្រៃ​ជួយ​ពួក​ជន​ភៀស​ខ្លួន​និង​ពួក​ជន​អន្តោប្រវេសន៍។ លោក​បាន​ផ្តល់​ប្រាក់​វិភាគ​ទាន​ដល់​វិទ្យាស្ថាន​និង​អង្គការ​នានា​ដូចជា​ វិទ្យាស្ថាន​អន្តរជាតិ​នៃ​រដ្ឋ ​Minnesota​ អង្គការ ​ជន​ភៀស​ខ្លួន​ឈ្មោះ​ USA for UNHCR ​ អង្គការ​ Dream Refugee Mentorship Program​ និង​អង្គការ​ Refugees4Refugees ជាដើម។​

ទោះ​ណា​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​មាន​ការ​ទទួល​ខុសត្រូវ​មាន​គំណត់​ (LLC)​ ហើយ​មិន​មែន​ជា​អង្គការ​មិន​គិត​កម្រៃ​ក៏​ដោយ​ ​ក៏​ក្រុមហ៊ុន​នេះ​ជា​សាជីវ​កម្ម​ប្រភេទ​ B​ ដែល​រក្សា​តុល្យភាព​រវាង​គោល​បំណង​និង​កម្រៃ។​ កាលពី​ពេល​ថ្មីៗ​នេះ​ ក្រុម​ហ៊ុន ​Epimonia ​បាន​បង្កើត​ខ្សែ​ដៃ​ពលរដ្ឋ​ដោយ​យក​កម្រៃ​១០០%​របស់​ខ្លួន​ទៅ​ជួយ​ក្រុម​ជន​ភៀស​ខ្លួន​ដែល​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ​អាមេរិកាំង។​

លោក​ Malim ​បាន​និយាយ​ប្រាប់​វីអូអេ​ថា៖ ​«ខ្ញុំ​ចង់​បង្កើត​ខ្សែដៃ​ពលរដ្ឋ​ដែល​ខ្ញុំ​អាច​ជួយ​ពួក​ជន​ភៀស​ខ្លួន​និង​ពួក​ជន​អន្តោ​ប្រវេសន៍​ឱ្យ​ក្លាយ​ទៅ​ជា​ពល​រដ្ឋ​អាមេរិកាំង​ ហើយ​នេះ​ជា​គោល​ដៅ​ដំបូង​របស់​ខ្ញុំ។ ​ហើយ​ជា​ការណ៍​ពិត​ពណ៌​ក្រហម​ជា​ពណ៌​មាន​នៅ​លើ​ទង់ជាតិ​អាមេរិកាំង។​ ខ្ញុំ​ចង់​ជួយ​បង់​សោហ៊ុយ​នៃ​ការ​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ​អាមេរិកាំង​ឱ្យ​ពួក​ជន​អន្តោ​ប្រវេសន៍​និង​ពួក​ជន​ភៀស​ខ្លួន។​ ដូច្នេះ​ សម្រាប់​ខ្សែដៃ​ពលរដ្ឋ​មួយ​ដែល​លោក​អ្នក​ទិញ​ វា​ជួយ​ក្នុង​ការ​បង់​ប្រាក់​សម្រាប់​ការ​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ»។​

ជន​ភៀស​ខ្លួន​នៅ​ក្នុង​រដ្ឋ​ Minnesota ​ផលិត​ខ្សែ​ដៃ​នេះ​ដោយ​ដៃ​ ធ្វើពី​អាវ​ពោង​សុវត្ថិភាព​ត្រូវ​កែ​ច្នៃ​ជា​ថ្មី​ដែល​ពួក​អ្នក​ភៀស​ខ្លួន​បាន​ពាក់​នៅ​ពេល​ធ្វើ​ដំណើរ​កាត់​សមុទ្រ​មេឌីទែរ៉ានេ។

លោក​ Malim ​បាន​និយាយ​ថា​ អ្វី​ដែល​ពិសេស​លើ​អ្វីៗ​ទាំងអស់​នោះ​គឺ​ខ្សែដៃ​នេះ​ «បាន​ត្រូវ​ផលិត​ដោយ​សេចក្តី​ស្រឡាញ់»។​

ដើម្បី​ក្លាយ​ទៅ​ជា​ពលរដ្ឋ​អាមេរិកាំង​តាម​រយៈ​ការ​ចូល​សញ្ជាតិ បេក្ខជន​ម្នាក់​ត្រូវ​មាន​បណ្ណ ​green card ​គឺ​មាន​សិទ្ធិ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ក្នុង​សហរដ្ឋអាមេរិកពី​បី​ទៅ​៥​ឆ្នាំ​ឬ​ត្រូវ​បំពេញ​តាម​សេចក្តី​តម្រូវ​ខ្លះ​ខាង​យោធា។​

ថ្លៃ​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ​អាមេរិកាំង​គឺ​ចំនួន​៧២៥​ដុល្លារ ​ដែល​មាន​រួម​បញ្ចូល​៨៥​ដុល្លារ​សម្រាប់​សេវា​ពិនិត្យ​អត្ត​សញ្ញាណ​ជីវៈ​ (biometric)​ និង​៦៤០​ដុល្លារ​សម្រាប់​ដំណើរ​ការ​ពិនិត្យ​សំណុំ​ឯកសារ​សុំ​ចូល​សញ្ជាតិ។​

ទីភ្នាក់​ងារ​សេវា​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​សហរដ្ឋអាមេរិក (USCIS) ​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​សារ​ពើពន្ធ​២០១៩​មាន​ពលរដ្ឋ​ថ្មីៗ​៨​សែន​៣​ម៉ឺន​៤​ពាន់​នាក់​បាន​ចូល​សញ្ជាតិ​ដែល​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​១១​ឆ្នាំ​នៃ​ក្រុម​ពលរដ្ឋ​ថ្មីៗ​ដែល​បាន​ស្បថ​ចូល​សញ្ជាតិ។​ ទីភ្នាក់​ងារ​នេះ​ក៏​បាន​រាយ​ការណ៍​ដែរ​ថា​ ចំនួន​អ្នក​ដាក់​ពាក្យ​ដែល​រង់​ចាំ​ការ​ចូល​សញ្ជាតិ​បាន​ចុះ​ថយ​១២%។​

ចំនួន​នេះ​ប្រែ​ប្រួល​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ១៩។​

ក្រុម​ហ៊ុន ​Boundless Immigration ​ជា​ក្រុមហ៊ុន​មួយ​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ Seattle ​រដ្ឋ​វ៉ាស៊ីនតោន​ដែល​បាន​ជួយ​មនុស្ស​ឱ្យ​យល់​អំពី​ដំណើរ​ការ​អន្តោ​ប្រវេសន៍​នៅ​ក្នុង​ប្រទេស​អាមេរិក។ ​ក្រុម​ហ៊ុន​នេះ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​បង្ហាញ​ថា៖ ​«នៅ​ទូទាំង​ប្រទេស​មាន​អ្នក​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ​ជាង​១​សែន​នាក់​ដែល​កំពុង​ជាប់​គាំង​រួច​ស្រេច​ហើយ» ​ ហើយ​មាន​ពាក្យ​សុំ​រាប់​ម៉ឺន​ទៀត​ «ដែល​ជា​សំណុំ​ឯកសារ​គរ​ជា​គំនរ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ ហើយ​ពួក​អ្នក​រង់​ចាំ​ឱ្យ​បាន​ចូល​សញ្ជាតិ​អាមេរិកាំង​នេះ​ទំនង​ជា​មិន​អាច​បោះឆ្នោត​បាន​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ទេ»។​

គេហ​ទំព័រ​របស់​ទីភ្នាក់​ងារ​សេវា​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​សហរដ្ឋអាមេរិក (USCIS) ​ បង្ហាញ​ថា ​ពេល​វេលា​ជា​មធ្យម​សម្រាប់​ដំណើរ​ការ​ចូល​សញ្ជាតិ​នេះ​មាន​៧,៦​ខែ​គិត​ត្រឹម​ខែ​កុម្ភៈ​ឆ្នាំ​២០២០​មក។​

ក្រុម​ហ៊ុន​ Boundless Immigration ​ស្ទង់​ប្រមាណ​ថា​ ពេល​វេលា​នៃ​ដំណើរ​ការ​សុំ​ចូល​សញ្ជាតិ​នេះ​«សឹង​តែ​ប្រាកដ​ថា​នឹង​កាន់​យូរ​ថែម​ទៀត​ ពីព្រោះ​រដ្ឋាភិបាល​មិន​អាច​ធ្វើ​ការ​ទាន់​កំណើន​ចំនួន​អ្នក​ដាក់​ពាក្យ»។​ ក្រុម​ហ៊ុន​នេះ​បាន​ថ្លែង​បន្ថែម​ថា​ ដំណើរ​ការ​សុំ​ចូល​សញ្ជាតិ​នៅ​មុន​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​គឺ​ពី​១២​ខែ​ទៅ​១៧,៥​ខែ។​

ដំណើរ​ការ​នេះ​អាចខ្លី​ជាង​នេះដោយ​អាស្រ័យ​លើ​ទី​កន្លែង​រស់​នៅ​របស់​អ្នក​ដាក់​ពាក្យ​សុំ។​

ក្រុម​ហ៊ុន ​Boundless Immigration ​ស្ទង់​ប្រមាណ​ថា ​ការ​បិទ​ទ្វារ​ការិយាល័យ​ទីភ្នាក់​ងារ​សេវា​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​ស.រ.អា. ​(USCIS) ​មួយ​ថ្ងៃៗ​វា​នាំ​ ពួក​ជន​អន្តោ​ប្រវេសន៍ប្រមាណ​២​ពាន់​១​រយ​នាក់​ខកខាន​មិន​បាន​ចូល​សញ្ជាតិ​និង​មិន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត។​

សេចក្តី​រាយ​ការណ៍​របស់ក្រុម​ហ៊ុន ​Boundless Immigration​ ឲ្យ​ដឹង​ថា៖ ​«ការិយាល័យ​របស់​ទីភ្នាក់​ងារ​សេវា​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​ស.រ.អា. ​(USCIS) ​នៅ​ទូទាំង​សហរដ្ឋអាមេរិកពិនិត្យ​មើល​ពាក្យ​សុំ​ចូល​សញ្ជាតិហើយ​ពេល​វេលា​ជា​មធ្យម​នៃ​ដំណើរ​ការ​នេះ​ចាប់​តាំង​ពី​ពេល​ដាក់​ពាក្យ​រហូត​ដល់​ពិធី​ស្បថ​ចូល​សញ្ជាតិ​ មាន​រយៈ​ពេល​ខុសៗ​គ្នា​គឺ​៣,៧​ខែ​នៅ​ក្នុង​ក្រុង ​Cleveland ​ទៅ១៥,៨​ខែ​នៅ​ក្នុង​ក្រុង​ Seattle។ ​ដោយ​សារ​ដំណើរការ​សុំ​ចូល​សញ្ជាតិ​បាន​ត្រូវ​ផ្អាក​នៅថ្ងៃ​ទី​១៨​ខែ​មីនា​នោះ​ ​ ដូច្នេះ​វា​មាន​ន័យ​ថា ​ពួក​ជន​អន្តោ​ប្រវេសន៍​ទាំង​ឡាយ​ណា​ដែល​ស្វះ​ស្វែង​ចូល​សញ្ជាតិ​នៅ​ក្នុង​ក្រុង​ Seattle ​ត្រូវ​តែ​ដាក់​ពាក្យ​ជិត​ពីរ​ឆ្នាំ​នៅ​មុន​ការ​បោះឆ្នោត​ដើម្បី​បាន​បោះឆ្នោត»។​

ក្រុម​ការពារ​សិទ្ធិ​ពួក​ជន​អន្តោ​ប្រវេសន៍​ដូចជា ​មជ្ឈមណ្ឌល​ Niskanen​ ជា​ដើម​បាន​អំពាវ​នាវ​ឲ្យ​ទីភ្នាក់​ងារ​សេវា​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​ស.រ.អា. ​(USCIS) ​ចាត់​ចែង​ពិធី​ស្បថ​ចូល​សញ្ជាតិ​ពី​ចម្ងាយ​តាម​បណ្តាញ​អ៊ីនធឺណិត។​

ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ទីភ្នាក់​ងារ​សេវា​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​ស.រ.អា. ​(USCIS) ​បាន​និយាយ​ប្រាប់​វីអូអេ​ថា៖​ «ពាក្យ​ពេចន៍​ជា​លក្ខន្តិកៈ​ចែង​ដោយ​សភា​មាន​តម្រូវ​ការ​ខ្លះ​ដែល​នាំ​ឱ្យ​ទីភ្នាក់​ងារ​សេវា​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​សហរដ្ឋអាមេរិកមិន​អាច​ចាត់​ចែង​ពិធី​ស្បថ​ចូល​សញ្ជាតិ​តាម​បណ្តាញ​វីដេអូ​ឬ​បណ្តាញ​ទូរ​ស័ព្ទ​ពី​ចម្ងាយ»។​

ទី​ភ្នាក់​ងារ​នេះ​នៅ​មាន​ការ​ងារ​ធ្សេង​ទៀត​ ដូច​ជា​ពិនិត្យ​មើល​សញ្ញាតិ​និង​ការ​ដាក់​ពាក្យ​សុំប្រាក់​អត្ថ​ប្រយោជន៍​ជា​ជន​អន្តោ​ប្រវេសន៍​ដែល​មិន​តម្រូវ​ឱ្យ​មាន​ការ​ធ្វើ​សម្ភាសន៍​ផ្ទាល់​ខ្លួន​ហើយ​ទីភ្នាក់​ងារ​នេះ​នឹង​កំណត់​ពេល​សម្រាប់​ពិធី​ចូល​សញ្ជាតិ​ភ្លាមនៅ​ពេល​ណា​សេវា​ជួប​ដោយ​ផ្ទាល់​ជា​មួយ​អ្នក​ដាក់​ពាក្យ​ចាប់ផ្តើម​ឡើង​វិញ។​

មន្ត្រី​ម្នាក់​នៃ​ទីភ្នាក់​ងារ​សេវា​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​ស.រ.អា. ​(USCIS)​ បាន​សរសេរ​អ៊ីមេល​មក​វីអូអេ​ថា៖ ​«នៅ​ពេល​អាច​រៀបចំ​បាន​ ទី​ភ្នាក់​ងារ​នេះ​នឹង​ធ្វើ​ពិធី​ចូល​សញ្ជាតិ​តូចៗ​ទាំង​បែប​រដ្ឋបាល​និង​ខាង​ផ្លូវ​ច្បាប់​ដែល​នៅ​ទី​នោះ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ត្រឹម​ត្រូវ។​ជា​ឧទាហរណ៍​ ការិយាល័យ​ទីភ្នាក់​ងារ​សេវា​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​សហរដ្ឋអាមេរិកនៅ​ក្នុង​ក្រុង ​San Antonio​ មាន​កំណត់​នឹង​ធ្វើ​ពិធី​ចូល​សញ្ជាតិ​មួយ​ចំនួន​ពី​ថ្ងៃទី​១៥​ ដល់​ថ្ងៃទី​២១​ខែ​ឧសភា»។​

អ្នក​នាំ​ពាក្យ​ម្នាក់​នៃ​ទីភ្នាក់​ងារ​សេវា​សញ្ជាតិ​និង​អន្តោ​ប្រវេសន៍​ស.រ.អា.បាន​និយាយ​ថា​ ពួក​មន្ត្រី​នឹង​ផ្តល់​ព័ត៌មាន​ថ្មីៗ​ថែម​ទៀត​ហើយ​នឹង​បន្ត​ធ្វើ​តាម​សេចក្តី​ណែនាំ​របស់​មជ្ឈមណ្ឌល​សហរដ្ឋអាមេរិកខាង​ការ​គ្រប់​គ្រង​ជំងឺ​និង​ការ​បញ្ចៀស​មិន​ឱ្យ​មាន​ជំងឺ។​

នៅ​ពេល​ជា​មួយ​គ្នា​នេះ​ លោក​ Malim​ នៅ​តែ​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​លោក​ក្នុង​ការ​ជួយ​ពួក​ជន​អន្តោ​ប្រវេសន៍​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ​អាមេរិកាំង។​ នៅ​ក្នុង​ឆ្នាំ​ទី​មួយ​ ​ អង្គការ Epimonia​ ធ្វើ​ជំនួញ​បាន​ប្រាក់​ប្រមាណ​៤​ម៉ឺន​ដុល្លារ។​

នៅ​ក្នុង​រយៈ​ពេល​ខ្លី​នេះ ​ ​ ក្រុម​ហ៊ុន​នេះ​បាន​បង់​សោហ៊ុយ​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ​អាមេរិកាំង​និង​ផ្តល់​អាហារូបករណ៍​ឱ្យ​ពួក​និស្សិត​មហា​វិទ្យាល័យ​ផង​ដែរ។​

លោក​ Malim ​បាន​និយាយ​ថា​ ពាក្យ ​Epimonia​ ក្លាយ​មក​ពី​ពាក្យ​ក្រិក​ epimoni ​ដែល​មាន​ន័យ​ថា​ស្មារតី​លះ​បង់។​

លោក​ Malim ​បាន​ថ្លែង​ថា៖​« គោល​បំណង​ការ​លក់​ខ្សែ​ដៃ​នេះ​ជា​គំនិត​ផ្តួច​ផ្តើម​របស់​ខ្ញុំ។ ​ខ្ញុំ​គ្រាន់​តែ​ចង់​ធ្វើ​ឱ្យ​មាន​លទ្ធផល​មួយ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​នៅ​ក្នុង​សហគមន៍​ខ្ញុំ»៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ