ដើម្បី​ប្រជែង​នឹង​ប្រទេស​ក្រៅ​ កូរ៉េ​ខាង​ជើង​ធ្វើ​ទំនើបកម្ម​ការ​ឃោសនា​របស់​ខ្លួន

  • Martyn Williams

រូប​ឯកសារ៖ មនុស្សម្នា​មើល​ការ​ផ្សាយ​ពី​របាយការណ៍​ព័ត៌មាន​អំពី​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។

ពី​ការ​ផ្សាយ​តាម​ទូរទស្សន៍រូបច្បាស់​ high-definition ​ទៅ​ដល់​ក្រាហ្វិក​ថ្មី​នៅ​លើ​កញ្ចក់​ទូរទស្សន៍​រហូត​ដល់​វីដេអូ​ប្លក់។ល។ ​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​នៃ​ប្រទេស​កូរ៉េខាង​ជើង​បាន​ធ្វើ​ការ​កែ​លម្អ​ថ្មី។​ ក៏​ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​មិន​អាច​កែប្រែ​ការ​យល់​ឃើញ​ថា​ ប្រទេស​កូរ៉េខាង​ជើង​ជា​ប្រទេស​មួយ​ក្នុង​បណ្តា​ប្រទេស​មាន​ការ​ត្រួត​ពិនិត្យ​ការ​ផ្សព្វផ្សាយ​តឹងរ៉ឹង ​និង​ឯកោ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​នោះ​ទេ។​

នៅ​ពេល​លោក​អ្នក​គិត​អំពី​ទូរទស្សន៍​រដ្ឋ​នៃ​ប្រទេស​កូរ៉េ​ខាងជើង​ ​នេះ​ជា​អ្វី​ដែល​អ្នក​រំពឹង​ទុក​ក្នុង​ចិត្ត។​

អ្នក​អាន​ព័ត៌មាន​ម្នាក់​ស្លៀក​ពាក់​សម្លៀក​បំពាក់​ប្រពៃណី​កូរ៉េ​ច្រៀង​សរសើរ​មេដឹក​នាំ​ជា​ទី​ស្រឡាញ់។

ក៏ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​នៃ​ប្រទេស​កូរ៉េខាង​ជើង​មាន​ការ​ផ្សាយ​ដូច​ត​ទៅ៖

«ទិវា​សួស្តី​អស់​លោក​អ្នក​ និង​មិត្ត​គ្រប់គ្នា។​ អស់​លោក​អ្នក​សុខ​សប្បាយ​ឬ​ទេ​នៅ​ពេល​បច្ចុប្បន្ន​នេះ»។​

ស្ត្រី​អ្នក​និយាយ​តាម​ទូរទស្សន៍​នេះ​ឈ្មោះ​ Un-A ​ដែល​ហៅ​ខ្លួន​ឯង​ថា​ ជា​នារី​កូរ៉េ​ខាង​ជើង​«ធម្មតា»​ ម្នាក់។​

ក្នុង​ពេល​៦​ខែ​មុន​នេះ ​នាង​បាន​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ប្លក់ ដោយ​និយាយ​ជា​ភាសា​អង់គ្លេស​នៅ​ពេល​នាង​ធ្វើ​ដំណើរ​ក្នុង​ក្រុង​ព្យុងយ៉ាង។​

«សួស្តី​លោក​អ្នក​នាង​ជា​ទីមេត្រី​ ខ្ញុំ ​Un-A​ ពី​ក្រុង​ព្យុងយ៉ាង។​នៅ​ថ្ងៃ​នេះ​ ខ្ញុំ​សួម​ជូន​បច្ចុប្បន្ន​ភាព​អំពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ»។​

វីដេអូ​ទាំង​នេះ​មាន​ការ​ចូល​មើល​១​លាន​៦​សែន​តាម​ YouTube។​

លោក​ Collin Zwirko ​នៃ​ NK News ​មាន​មូលដ្ឋាន​ក្នុង​ក្រុង​សេអ៊ូល​និយាយ​ថា​ វីដេអូ​ទាំង​នេះ​ក៏​បាន​ត្រូវ​ផ្សាយ​តាម​គណនី​ ធ្វីតធើ​មាន​ឈ្មោះ​ថា​ «Coldnoodlefan...»​ ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ដែរ។​ លោក​ Zwirko ​និយាយ​ថា៖​

«នេះ​ជា​ឧបាយកល​មួយ។ ​មិន​មែន​មាន​តែ​មនុស្ស​ម្នាក់​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង​រាយ​ការណ៍​អំពី​អ្វី​ដែល​គេ​ស្រឡាញ់​ប្រទេស​នេះ​ទេ»។​

លោក​ Collin Zwirko​ និង ​NK News​ បាន​តាម​មើល​គណនី​ «Coldnoodlefan»​ ច្រើន​ឆ្នាំ​មក​ហើយ។​ ហើយ​លោក​និយាយ​ថា​លក្ខណៈ​របស់​ទូរទស្សន៍​នេះ​បាន​ផ្លាស់​ប្តូរ​ច្រើន។​ លោក ​Collin Zwirko​ និយាយ​ថា៖​

«កាល​ពី​ចុង​ឆ្នាំ​២០១៧​ និង​ដើម​ឆ្នាំ​២០១៨ ពួក​គេ​បាន​សរសេរ​ថា​ ​ពួក​គេ​ជា​មនុស្ស​ក្រីក្រ​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន។​ ហើយ​បន្ទាប់​មក​ពួក​គេ​ក្លាយ​ទៅ​ជា​ជនជាតិ​រុស្ស៊ី​ម្នាក់​ឈ្មោះ​ Yulia។​ នៅ​ពេល​នេះ​ពួក​គេ​តំណាង​លក្ខណៈ​នៃ​ស្ត្រី​តាម​កាមេរ៉ា​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង»។​

វីដេអូ​មាន​រូប​នាង ​Un-A ​បាន​ត្រូវ​ថត​សម្រាប់​ពួក​អ្នក​មើល​ជា​ជន​បរទេស​ដោយ​មាន​គោល​ដៅ​កែ​លម្អ​មុខ​មាត់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​លើ​ឆាក​អន្តរជាតិ។​

ក៏​ប៉ុន្តែ​ការ​ផ្សាយ​ក្នុង​ប្រទេស​ក៏​បាន​ត្រូវ​កែលម្អ​ដែរ។​

កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ទូរទស្សន៍​រដ្ឋ​នៃ​ប្រទេស​កូរ៉េ​ខាងជើង​ប្រើ​ប្រព័ន្ធ​រូបភាព​ច្បាស់​ high-definition។ ​អ្នក​និយាយ​តាម​ទូរទស្សន៍​នេះ​ក៏​មាន​វ័យ​ក្មេង​ជាង​អ្នក​មុនៗ​ ​បន្ទប់​ផ្សាយ​ក៏​ទំនើប​ជាង​មុន​ហើយ​រឿង​ថ្មីៗ​របស់​ពួក​គេ​ក៏​ប្រើ​បច្ចេកទេស​ទំនើប​ជាង​មុន​ដែល​មាន​ប្រើ​នៅ​ក្នុង​ការ​ផ្សាយ​ទូរទស្សន៍​បរទេស​ ដោយ​មាន​រួម​បញ្ចូល​បន្ថែម​ពីលើ​និង​ទិដ្ឋភាព​រួម។​ ទូរទស្សន៍​នេះ​ក៏​បាន​សាកល្បង​ប្រើ​ក្រាហ្វិក​ព័ត៌មាន​ជា​រូបភាព ​3D​ សាំញ៉ាំ​ផង​ដែរ។​

ការ​ផ្លាស់ប្តូរ​ទាំង​នេះ​ហាក់​ដូចជា​ការ​ទទួល​ស្គាល់​ថា​ បណ្តាញ​ផ្សាយ​ព័ត៌មាន​កូរ៉េខាង​ជើង​ប្រឈម​នឹង​ការ​ប្រជែង​របស់​បណ្តាញ​ព័ត៌មាន​ទំនើប​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ និង​កន្លែង​ឯ​ទៀតៗ។​ ការ​ផ្សាយ​ទំនើប​បែប​នេះ​ជា​ច្រើន​ត្រូវ​បាន​លួច​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​ផង​ដែរ។​

លោក ​Martyn Williams ​ជា​អ្នក​ស្រាវ​ជ្រាវ​ដែល​តាម​ពិនិត្យ​មើល​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​របស់​កូរ៉េ​ខាងជើង។ ​លោក​បាន​និយាយ​ថា៖

«បើ​លោក​អ្នក​មើល​រឿង​ភាគ​តាម​ទូរទស្សន៍​កូរ៉េ​ខាងត្បូង​ ​ផលិតកម្ម​មាន​គុណភាព​ល្អ​ជាង​ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាងជើង។ ​ដូច្នេះ​ពួក​អ្នក​មើល​ទូរទស្សន៍​ចាប់​ផ្តើម​រំពឹង​ចង់​មើល​កម្មវិធី​ទូរទស្សន៍​ល្អ​ជាង​មុន។ ​នេះ​ជា​ការ​ប្រជែង។​ ហើយ​ពួក​កូរ៉េខាង​ជើង​ត្រូវ​ការ​ឱ្យ​មាន​អ្នក​មើល​ទូរទស្សន៍​ខ្លួន​ច្រើន​ជាង​មុន...»។​

លោក ​Martyn Williams ​និយាយ​ថា​ ​នៅពេល​ដែល​ការ​ផ្សាយ​ទូរទស្សន៍​នេះ​មាន​ការ​ចូលចិត្ត​ជាង​មុន​ក៏​ដោយ​ ​តែ​គេ​មិន​ដឹង​ទេ​ថា​ តើ​វា​មាន​ប្រសិទ្ធភាព​ជាង​មុន​ឬ​យ៉ាងណា​ទេ -- មួយ​ផ្នែក​ ពី​ព្រោះ​ការ​ផ្លាស់ប្តូរ​ទាំង​នេះ​គ្រាន់​តែ​ជា​ធ្វើ​ឱ្យ​ល្អ​មើល​ពីក្រៅ​ប៉ុណ្ណោះ។ លោក​ Williams ​ថ្លែង​ថា៖​

«អ្វី​ដែល​គ្មាន​ការ​ផ្លាស់​ប្តូរ​គឺ​កម្មវិធី​ផ្សាយ​នៃ​ទូរទស្សន៍​នេះ។​ វា​ជា​កម្មវិធី​នាំ​ឱ្យ​ធុញ​ទ្រាន់​ដដែលៗ។ ​វា​ជា​របាយ​ការណ៍​អំពី​អ្វីៗ​ដែល​លោក ​Kim Jong Un ​ធ្វើ។​ នៅ​ពេល​ណា​លោក​មិន​បាន​ធ្វើ​អ្វី​ទេ ​ទូរទស្សន៍​នេះ​ផ្សាយ​អំពី​កន្លែង​ដែល​លោក​បាន​ទៅ​មើល​កាល​ពីមួយ​ឆ្នាំ ​ពីរ​ឆ្នាំ ​ឬ​បី​ឆ្នាំ​មុន​នេះ»។​

វីដេអូ​ប្លក់​របស់​អ្នកស្រី​ Un-A ​ក៏​មាន​ការ​ទ្រគោះ​ដែរ។​

«សួស្តី»

នៅ​ក្នុង​វីដេអូ​នេះ​ Un-A​ ទៅ​រត់​យឺតៗ។​ នេះ​ជា​ឱកាស​មួយ​ដើម្បី​បង្ហាញ​ផ្នែក​ខ្លះ​នៃ​ក្រុង​នេះ​ដែល​មាន​ធនធាន​ច្រើន​ជាង​ប៉ែក​ឯទៀតៗ​របស់​ប្រទេស​នេះ។​

«ថ្ងៃ​នេះ​ខ្ញុំ​នឹង​បង្ហាញ​លោក​អ្នក​អំពី​អ្វី​ដែល​ប្រជាជន​កូរ៉េ​ធ្វើ​នៅ​ពេល​ទំនេរ»។​

ក៏​ប៉ុន្តែ​នៅ​ពេល​កាមេរ៉ា ថត​ទិដ្ឋភាព​ក្រុង​នេះ​ ​ផ្នែក​ដែល​បង្ហាញ​សង្កាត់​ជា​ច្រើន​ក្នុង​ក្រុង​នេះ​មិន​ច្បាស់​ទេ ​--​ ដែល​ហាក់​ដូច​ជា​ការ​ត្រួត​ពិនិត្យ​ដែល​ Un-A ​មិន​បាន​ពន្យល់​ទេ។​

នេះ​ជា​ការ​រំឭក​ថា​ ទោះ​ណា​ជា​កូរ៉េ​ខាង​ជើង​ខិតខំ​កែ​លម្អ​មុខមាត់​ខ្លួន​ក៏​ដោយ​ក៏​ការ​ផ្លាស់ប្តូរ​ពិតប្រាកដ​ហាក់ដូច​ជា​នៅ​ឆ្ងាយ​ឯជើង​មេឃ​ឯ​ណោះ៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ