ច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុងកំពុងធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិនានាពិចារណាឡើងវិញអំពីវត្តមានរបស់ពួកគេនៅក្នុងទីក្រុងនេះ។ ការណ៍នេះក៏ទំនងជាសញ្ញាបង្ហាញឲ្យឃើញអំពីការបញ្ចប់នូវឋានៈរបស់ទីក្រុងហុងកុងក្នុងនាមជាទីតាំងមូលដ្ឋានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានាក្នុងតំបន់ផងដែរ។
អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ បណ្តាស្ថាប័នផ្សព្វផ្សាយព័ត៌មានធំៗក្នុងពិភពលោកបានដាក់ទីស្នាក់ការកណ្តាលប្រចាំតំបន់អាស៊ីរបស់ពួកគេក្នុងទីក្រុងហុងកុង ដោយសារតែទីក្រុងនេះមានទីតាំងជិតចិនដីគោក មានការគោរពនីតិរដ្ឋ និងមានបរិយាកាសសេរីភាពសារព័ត៌មានល្អ។
ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ទីក្រុងហុងកុងក្នុងនាមជាទីក្រុងដែលមានសេរីភាពល្អបំផុតនេះ កំពុងតែធ្លាក់ចុះយ៉ាងលឿន បន្ទាប់ពីមានការដាក់ឱ្យប្រើប្រាស់នូវច្បាប់សន្តិសុខជាតិថ្មី ដែលមានលក្ខណៈទូលំទូលាយជ្រុល។ ច្បាប់សន្តិសុខជាតិថ្មីនេះគឺជាវិធានការឥតកោតខ្លាចរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងការលុបបំបាត់ភាពខុសគ្នារវាងប្រព័ន្ធច្បាប់ចិនដីគោក និងប្រព័ន្ធច្បាប់ទីក្រុងហុងកុង។
ច្បាប់ថ្មីនេះក៏អាចជាការឆ្លើយតបទៅនឹងបាតុកម្មតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីជាងមួយឆ្នាំកន្លងមកនេះផងដែរ។ ប៉ុន្តែប្រការដ៏ទូលំទូលាយជ្រុល និងមិនច្បាស់លាស់របស់ច្បាប់នេះ បានជះឥទ្ធិពលខ្លាំងក្លាលើសេរីភាពនៃការបញ្ចេញមតិ។
ស្ថាប័នព័ត៌មានសម្រេចចិត្តផ្លាស់ទីតាំងមុនគេចេញពីទីក្រុងហុងកុង
សារព័ត៌មាន The New York Times កាលពីពាក់កណ្តាលខែកក្កដាកន្លងទៅនេះ បានប្រកាសថា ខ្លួននឹងប្តូរទីតាំងការិយាល័យរបស់ខ្លួនប្រចាំនៅទីក្រុងហុងកុងចំនួនមួយភាគបីទៅកាន់ប្រទេសកូរ៉េខាងត្បូង។ កាសែតនេះគឺជាប្រព័ន្ធផ្សព្វផ្សាយបរទេសដ៏ធំមួយ ដែលប្រកាសដំបូងគេបង្អស់អំពីការសម្រេចបែបនេះ។
កំណត់ហេតុផ្ទៃក្នុងរបស់សារព័ត៌មាន The New York Timesបានបញ្ជាក់អំពីច្បាប់ថ្មីនេះថាមាន «ភាពមិនប្រាកដប្រជាទាក់ទិននឹងប្រតិបត្តិការរបស់កាសែតនេះ និងវិជ្ជាជីវៈខាងសារព័ត៌មានរបស់កាសែតនេះ»។ កាសែតនេះបន្តថា៖ «យើងយល់ថា យើងត្រូវប្រយ័ត្នប្រយែងលើការរៀបចំគម្រោងកិច្ចការនានា និងត្រូវចាប់ផ្តើមផ្លាស់ទីក្រុមនិពន្ធកាសែតក្នុងតំបន់នេះ»។
កាសែត The New York Timesបានបញ្ជាក់ថា ខ្លួននឹងបន្តទុកអ្នករាយការណ៍ព័ត៌មាននៅក្នុងទីក្រុងហុងកុងដើម្បីរាយការណ៍ព័ត៌មានអំពីទីក្រុងនេះ ប៉ុន្តែវាអាចនឹងពិបាកជាងមុនក្នុងការធ្វើដូច្នេះ។ កាសែតនេះបានបន្តថា កាលពីពេលថ្មីៗនេះ អាជ្ញាធរបានបដិសេធមិនផ្តល់ប័ណ្ណការងារជាថ្មីដល់លោក Chris Buckley ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានជើងចាស់ម្នាក់របស់ខ្លួនអំពីប្រទេសចិន។
កាលពីដើមឆ្នាំនេះ ប្រទេសចិនបានបណ្តេញអ្នកយកព័ត៌មានអាមេរិកកាំងមួយចំនួនដែលធ្វើការឱ្យកាសែត The New York Times កាសែត The Wall Street Journalនិងកាសែត The Washington Post ចេញពីប្រទេស។ រដ្ឋាភិបាលក្រុងប៉េកាំងបានបញ្ជាក់ថា អ្នករាយការណ៍ព័ត៌មានទាំងនោះក៏គ្មានសិទ្ធិរាយការណ៍ព័ត៌មានពីទីក្រុងហុងកុងផងដែរ។
ការបណ្តេញចេញពីប្រទេសនេះ អាចជាហេតុបង្ហាញឲ្យឃើញនូវវិធានការសងសឹកទៅវិញទៅមករវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីរឹតបន្តឹងការចូលមកយកព័ត៌មាននៅក្នុងប្រទេសរបស់ពួកគេ។
ស្ថាប័នព័ត៌មានផ្សេងទៀតកំពុងរិះរកជម្រើសថ្មីក្រៅពីនេះ
ចាប់តាំងពីមានការបណ្តេញចេញដូច្នេះមក សារព័ត៌មាន The Washington Post បានផ្លាស់អ្នករាយការណ៍ព័ត៌មានរបស់ខ្លួនយ៉ាងតិច ២ នាក់ទៅប្រចាំការនៅប្រទេសកូរ៉េខាងត្បូងវិញ។
សារព័ត៌មាន The Wall Street Journal និងទីភ្នាក់ងារព័ត៌មានបារាំង AFP ក៏កំពុងចាប់ផ្តើមគិតគូរអំពីអនាគតរបស់ពួកគេនៅក្នុងទីក្រុងហុងកុងផងដែរ។ នេះបើយោងតាមបណ្ដាញព័ត៌មាន CNN ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
កាលពីពេលថ្មីៗនេះ កាសែត Hong Kong Free Press ដែលជាសារព័ត៌មានភាសាអង់គ្លេសមិនរកប្រាក់កម្រៃ ដែលបានរាយការណ៍អំពីចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង បានបញ្ជាក់ថា ខ្លួនប្រហែលជាអាចប្តូរប្រតិបត្តិការរបស់ខ្លួនចេញពីទីក្រុងហុងកុងប្រសិនបើចាំបាច់ ដោយសារតែច្បាប់សន្តិសុខជាតិថ្មីនេះ។
លោក Tom Grundy ដែលជានិពន្ធនាយក និងជាស្ថាបនិកសារព័ត៌មាននេះ បានសរសេរនៅក្នុងកាសែត the Guardian ថា៖ «ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងត្រូវបង្ខំឱ្យធ្វើប្រតិបត្តិការពីខាងក្រៅដែនដីទីក្រុងហុងកុង បន្ទប់ផ្សាយរបស់យើងគឺនៅរក្សានៅទីនោះដដែល»។
ហេតុអ្វីបានជាច្បាប់ថ្មីនេះក្លាយជាបញ្ហា?
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមិនមែនជាគោលដៅចម្បងនៃច្បាប់សន្តិសុខជាតិថ្មីនេះទេ។ ច្បាប់នេះមានគោលបំណងទប់ស្កាត់ការធ្វើអបគមន៍ វិទ្ធង្សនា ភេវរកម្ម និងការឃុបឃិតជាមួយបរទេស។
ប៉ុន្តែមាត្រា៥៤ នៃច្បាប់នេះ ចែងថា អាជ្ញាធរត្រូវតែ «ពង្រឹងការគ្រប់គ្រង»លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេស អង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា។
គេនៅមិនទាន់ច្បាស់ទេថាតើចំណុចនេះចង់មានន័យយ៉ាងណានោះ ប៉ុន្តែអ្នកសារព័ត៌មានបរទេសជាច្រើនគិតដោយផ្ទាល់ខ្លួនថា វាអាចនឹងមានការតាមដាន និងការដាក់កំហិតតឹងតែងជាងមុន។
ចំណុចលំបាកមួយទៀត គឺប្រភពផ្តល់ព័ត៌មាននឹងកាន់តែរីងស្ងួត។ បច្ចុប្បន្ននេះ ពលរដ្ឋក្នុងទីក្រុងហុងកុងជាច្រើនបដិសេធមិននិយាយជាមួយអ្នកសារព័ត៌មាន ជាពិសេសជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេស។
ចំណុចខាងលើនេះអាចជាការឆ្លើយតបទៅនឹងផ្នែកមួយចំនួននៃច្បាប់ថ្មីនេះ ដែលដាក់ទោសឧក្រិដ្ឋចំពោះការធ្វើការជាមួយអង្គការបរទេសណាមួយនៅក្នុងការបំផុសឲ្យមានការស្អប់គុំកួនចំពោះរដ្ឋាភិបាលចិន។
ភាពមិនច្បាស់លាស់នៃប្រការខាងលើនេះបានបង្កើតឱ្យមានការភ័យខ្លាច មិនត្រឹមតែក្នុងចំណោមអ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងចំណោមអង្គការសង្គមស៊ីវិលនានាផងដែរ។
អ្នកធ្វើការផ្នែកសិទ្ធិមនុស្សជើងចាស់មួយរូបបានប្រាប់វីអូអេថា៖ «ប្រជាពលរដ្ឋចាប់ផ្តើមមានអារម្មណ៍វិលវល់។ យើងមិនដឹងថាតើគេនឹងប្រើច្បាប់នេះតាមវិធីណានោះទេ។ ...វាមើលទៅហាក់ដូចជាមានដាវនៅពីលើក្បាលយើងអីចឹង»។
អ្នកធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយរូបទៀតបានប្រាប់វីអូអេថា អ្នកស្រី និងមិត្តរួមការងារទាំងអស់របស់អ្នកស្រី បានចាកចេញពីទីក្រុងហុងកុងរួចហើយ។
អ្នកស្រីនិយាយថា៖ «យើងមិនដឹងថាព្រំដែននៃច្បាប់នេះមានត្រឹមកម្រិតណានោះទេ។ យើងមិនចង់សម្របខ្លួនតាមស្ថានការណ៍បែបហ្នឹង ហើយដាក់កំហិតលើខ្លួនឯងឡើយ។ ...មានហានិភ័យជាច្រើន ដូច្នេះយើងមិនចង់ឱ្យបុគ្គលិករបស់យើងប្រឈមនឹងគ្រោះថ្នាក់ទាំងនេះនោះឡើយ»។
ការធ្លាក់ចុះនូវសិទ្ធិសេរីភាពនានា
សូម្បីតែមុនពេលមានច្បាប់ថ្មីនេះក៏ដោយ ក៏គេឃើញថា កម្រិតសេរីភាពសារព័ត៌មាននៅក្នុងទីក្រុងហុងកុងមានការធ្លាក់ចុះជាបណ្តើរៗរួចមកហើយ។
កន្លងមក គេឃើញមានករណីប៉ូលិសរុកគួន បំពារបំពាន និងចាប់ខ្លួនអ្នកកាសែតណាដែលយកព័ត៌មានអំពីបាតុកម្មតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង។
កាលពីចុងឆ្នាំ ២០១៥ បុគ្គលិក ៥ រូបនៃរោងពុម្ពមួយកន្លែងក្នុងទីក្រុងហុងកុងដែលបោះពុម្ពលក់សៀវភៅរិះគន់គណបក្សកុម្មុយនីស្តចិន ត្រូវបានប៉ូលិសចាប់បង្ខាំង និងរងការសួរចម្លើយសម្ងាត់នៅចិនដីគោក។
កាលពីឆ្នាំ ២០១៨ លោក Victor Mallet អតីតនិពន្ធព័ត៌មានអំពីតំបន់អាស៊ីនៃកាសែត The Financial Times ត្រូវបានបណ្តេញចេញពីទីក្រុងហុងកុង បន្ទាប់ពីបានរៀបចំព្រឹត្តិការណ៍មួយជាមួយនឹងសកម្មជនម្នាក់ដែលគាំទ្រឲ្យមានឯករាជ្យភាពសម្រាប់ទីក្រុងហុងកុង។
ព្រឹត្តិការណ៍ទាំងអស់នេះហើយបានបង្កើតឱ្យមានស្ថានការណ៍កើតឡើងដូចសព្វថ្ងៃនេះ «ដែលនោះគឺជាការចាប់ផ្តើមនៃការពង្រីកប្រព័ន្ធផ្សព្វផ្សាយបែបចិនដីគោក និងការគ្រប់គ្រងនយោបាយលើទីក្រុងហុងកុង»។ នេះបើតាមការយល់ឃើញរបស់លោក Ben Bland អតីតអ្នកឆ្លើយឆ្លងព័ត៌មានអំពីប្រទេសចិនរបស់កាសែត The Financial Times។
លោក Bland ដែលបច្ចុប្បន្នគឺជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថាន Lowy ក្នុងប្រទេសអូស្ត្រាលី បានបញ្ជាក់ថា៖ «មនុស្សជាច្រើនបានប្រកែកនឹងច្បាប់ថ្មីនេះ។ ច្បាប់សន្តិសុខជាតិថ្មីនេះសបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងគ្រប់គ្រងស្ថានការណ៍នេះ ហើយប្រជាពលរដ្ឋនឹងដឹងថាអ្វីកំពុងតែកើតឡើងនោះ»។
បើទោះបីជាច្បាប់ថ្មីនេះបង្កផលប៉ះពាល់មួយចំនួនរួចមកហើយក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងទីក្រុងហុងកុងនឹងទំនងជាមើលឃើញនូវដំណាក់កាលសាកល្បងនៃច្បាប់នេះរយៈពេលយូរជាបន្តទៀត ស្របពេលដែលអ្នកកាសែតនានាកំពុងស្វែងយល់អំពីវិធីដែលអាជ្ញាធរនឹងបកស្រាយ ក៏ដូចជាអនុវត្តច្បាប់នេះ។
លោក Bland បានបន្តថា៖ «មិនមែនមានន័យថា រាល់អ្នកកាសែតបរទេសគ្រប់រូបសុទ្ធតែត្រូវបានគេឃ្លាំមើល និងចាប់ខ្លួននោះឡើយ។ យើងត្រូវចាំថា ច្បាប់ដ៏សំខាន់មួយនេះនៅមានភាពស្រពិចស្រពិលនៅឡើយ ហើយភាពភ័យខ្លាច និងការតាមចាប់កំហុសកំពុងតែកើនឡើង»។
ទីតាំងជំនួសថ្មីនៅមិនទាន់ច្បាស់នៅឡើយ
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគជាច្រើនបានព្យាករណ៍ថា ការចាកចេញរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេសពីទីក្រុងហុងកុងនឹងធ្វើឡើងដោយសន្សឹមៗ។ ហេតុផលមួយគឺថា ប្រព័ន្ធផ្សព្វផ្សាយទាំងនេះនៅមិនទាន់មានជម្រើសទីតាំងថ្មីនៅឡើយសម្រាប់ធ្វើជាមណ្ឌលព័ត៌មានប្រចាំតំបន់របស់ខ្លួន។
ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ អាចជាទីតាំងសមស្របសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងនេះដែលចង់បន្តយកព័ត៌មានអំពីប្រទេសចិន ដោយសារតែវាមានទីតាំងនៅជិតប្រទេសចិន។ ប៉ុន្តែការផ្លាស់ទីបុគ្គលិកទៅកោះតៃវ៉ាន់អាចធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងសម្បារ ដោយសារតែចិនមិនដែលទទួលស្គាល់រដ្ឋាភិបាលតៃវ៉ាន់ឡើយ។
ដូចគ្នានឹងទីក្រុងតៃប៉ិដែរ ទីក្រុងតូក្យូ ប្រទេសជប៉ុន គឺជាទីកន្លែងបណ្តុំសហគមន៍សារព័ត៌មានដ៏រស់រវើកផងដែរ ដែលមានលក្ខណៈប្រជាធិបតេយ្យ និងការគោរពនីតិរដ្ឋ។ ប៉ុន្តែការចំណាយសម្រាប់ការរស់នៅដ៏ថ្លៃហួសប្រមាណអាចជារឿងដែលធ្វើឱ្យរារែកវិញ ជាពិសេសសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតូចតាច។
ប្រទេសសិង្ហបុរីគឺជាទីតាំងនៃទីស្នាក់ការកណ្តាលប្រចាំតំបន់របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបស្ចិមប្រទេសមួយចំនួនរួចមកហើយ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអំពីហិរញ្ញវត្ថុ និងអាជីវកម្ម។ ប៉ុន្តែក្បួនច្បាប់ប្រព័ន្ធផ្សព្វផ្សាយដ៏តឹងតែងរបស់ប្រទេសនេះអាចជារឿងដែលធ្វើឱ្យមានការរារែកដកថយទៅវិញ។
កាសែត The New York Times បានបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងជាទីតាំងដែលទាក់ទាញ «ក្នុងហេតុផលជាច្រើនដូចជា បរិយាកាសស្វាគមន៍ចំពោះអាជីវកម្មបរទេស សារព័ត៌មានឯករាជ្យ និងជាចំណុចស្នូលនៃសាច់រឿងព័ត៌មានចម្បងៗជាច្រើននៅទ្វីបអាស៊ី»។
លោក Jeffrey Robertson សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Yonsei University ក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថា ចំណុចនេះមានហេតុផលត្រឹមត្រូវ។ លោកបានបន្ថែមថា ទីក្រុងសេអ៊ូលនឹងក្លាយជាចំណុចផ្ដោតនៃកិច្ចការសាកលលោកក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខ។
បើទោះបីជាទីក្រុងសេអ៊ូលមានភាពទាក់ទាញច្រើនក៏ពិតមែន ប្រទេសកូរ៉េខាងត្បូងមិនមែនជាប្រទេសចិននោះទេ ដោយសារប្រទេសចិនអាចនឹងទាក់ទាញចំណាប់អារម្មណ៍នៅទូទាំងសាកលលោកសម្រាប់ពេលអនាគតខាងមុខបាន។
ទីក្រុងហុងកុងលែងជាភ្លើងបំភ្លឺផ្លូវទៀតហើយ
ការចាកចេញរបស់អ្នកកាសែតពីទីក្រុងហុងកុងគឺជារឿងដែលធ្វើឲ្យមានការខកចិត្ត ដោយហេតុថា ទីក្រុងហុងកុងធ្លាប់ជាទីកន្លែងដ៏មានសុវត្ថិភាពសម្រាប់អ្នករាយការណ៍ព័ត៌មានដែលត្រូវបង្ខំខ្លួនចាកចេញពីប្រទេសចិន ឬពីបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Sharron Fast សាស្ត្រាចារ្យផ្នែកច្បាប់ប្រព័ន្ធផ្សព្វផ្សាយនៃសាកលវិទ្យាល័យហុងកុង។
អ្នកស្រី Fast បាននិយាយថា៖ «កន្លងមក ទីក្រុងហុងកុងតំណាងឲ្យភ្លើងបំភ្លឺផ្លូវនៅក្នុងតំបន់សម្រាប់ការរាយការណ៍ព័ត៌មានដែលមានមហិច្ឆតា មានភាពក្លៀវក្លា និងហ៊ាននិយាយ»។
អ្នកស្រីបានបន្តថា ទីក្រុងហុងកុងក៏ «ជាច្រកផ្លូវដ៏មានប្រយោជន៍ផងដែរសម្រាប់ការចូលទៅកាន់ប្រទេសចិន ដែលនៅទីនោះ ការគ្រប់គ្រងស្ទើរតែទាំងស្រុងលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរារាំងដល់វិជ្ជាជីវៈសារព័ត៌មានបែបស៊ើបអង្កេតនានាដែលបកអាក្រាតលើបញ្ហាជាច្រើនតាំងពីការរំលោភសិទ្ធិមនុស្ស រហូតដល់ការក្តោបក្តាប់របស់សមាជិកកំពូលៗនៃគណបក្សកុម្មុយនីស្តចិនលើធនធានហិរញ្ញវត្ថុនានា»។
អ្នកស្រីបានបន្ថែមថា៖ «ដើម្បីជាការលួងចិត្ត យើងអាចនិយាយបានថា យើងស៊ាំរួចទៅហើយជាមួយនឹងការរឹតបន្តឹងដែលមាននៅចិនដីគោក។ យើងមានអ្នកសារព័ត៌មានដែលមានទេពកោសល្យ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិជាច្រើន ដែលត្រៀមខ្លួនបានល្អរួចជាស្រេចដើម្បីសម្របខ្លួនតាមស្ថានការណ៍»៕
ប្រែសម្រួលដោយ កោះ សុគន្ធី