គេឃើញមានការបង្កើនការធ្វើសមយុទ្ធកងទ័ពជើងទឹកនេះ ក្នុងរយៈពេល ២ ឆ្នាំ ចុងក្រោយនេះ ស្របពេលដែលមានការកើនឡើងនូវក្ដីបារម្ភអំពីការវាតទីរបស់ប្រទេសចិនក្នុងការកាន់កាប់ដែនទឹក ដែលមិនត្រឹមតែនៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ប៉ុន្តែនៅក្នុងមហាសមុទ្រឥណ្ឌាផងដែរ។
សមយុទ្ធដែលមានឈ្មោះថា Malabar នេះ គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ក្រឡែតអំពីការពង្រឹងទំនាក់ទំនងសន្តិសុខរបស់រដ្ឋាភិបាលក្រុងញូវដេលីជាមួយនឹងសហរដ្ឋអាមេរិក ដែលត្រូវបានបញ្ជាក់សារជាថ្មីដោយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump។
ការពង្រីកសមយុទ្ធ
សមយុទ្ធនៅលើដែនសមុទ្រអន្តរជាតិរយៈពេលមួយសប្ដាហ៍ក្នុងឆ្នាំនេះ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី ១០ កក្កដា កន្លងទៅនេះ មានការចូលរួមពីនាវាចម្បាំងជាង ១៥ គ្រឿង ដែលក្នុងនោះមានដូចជានាវាដឹកយន្តហោះដំណើរការដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក USS Nimitz នាវាដឹកយន្តហោះចម្បាំងឥណ្ឌា INS Vikramaditya និងនាវាចម្បាំងដ៏ធំបំផុតរបស់ជប៉ុន JS Izumo។
សមយុទ្ធនៅក្នុងឆ្នាំនេះ មានគោលបំណងផ្ដោតលើសង្គ្រាមប្រឆាំងនឹងនាវាមុជទឹក។
បើយោងតាមសេចក្ដីប្រកាសមួយរបស់ស្ថានទូតសហរដ្ឋអាមេរិក «សមយុទ្ធនេះមានទំហំធំជាងមុន និងមានភាពស្មុគស្មាញជាងមុនដើម្បីដោះស្រាយការគំរាមកំហែងជាច្រើនចំពោះសន្តិសុខនៅតាមសមុទ្រនៅក្នុងតំបន់ឥណ្ឌូអាស៊ីប៉ាស៊ីហ្វិក ។
នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កងទ័ពជើងទឹកឥណ្ឌាបានកត់ត្រាពីការកើនឡើងខុសប្រក្រតីនៃចំនួននាវាចម្បាំងរបស់ចិននៅក្នុងមហាសមុទ្រឥណ្ឌា និងបានតាមដានឃើញនាវាមុជទឹករបស់ចិនយ៉ាងហោចណាស់ចំនួន ៧ គ្រឿង បានចូលមកក្នុងតំបន់នេះចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៣ មក។ នេះបើយោងតាមការបញ្ជាក់របស់អ្នកតាមដានស្ថានការណ៍យោធា។ ពួកគេជឿថា នេះជាការបង្អួតសាច់ដុំរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
លោក Vijay Sakhuja ដែលជានាយកអង្គការ National Maritime Foundation នៅក្នុងទីក្រុងញូដេលី ប្រទេសឥណ្ឌា បាននិយាយថា៖ «យើងដឹងថា នាពេលបច្ចុប្បន្ននេះ មាននាវាចំនួនប្រមាណជា ១៣ គ្រឿងផ្សេងៗគ្នា នៅក្នុងមហាសមុទ្រឥណ្ឌា មិនថានាវាទាំងនោះមានគោលបំណងប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រ ឬឈ្លបយកការណ៍នោះទេ។ ដូច្នេះប្រាកដណាស់ គឺវាដូចទៅនឹងស្ថានការណ៍ដែលមានកងទ័ពជើងទឹកចិនស្ថិតនៅក្នុងដែនដីរបស់អ្នកដូច្នេះដែរ ហើយចំណុចនេះហើយ គឺជាបញ្ហាព្រួយបារម្ភមួយនោះ»។
ការផ្ដល់ថវិកា និងការជួយជ្រោមជ្រែងរបស់ចិនសម្រាប់ការសាងសង់កំពង់ផែនានានៅក្នុងប្រទេសប៉ាគីស្ថាន និងស្រីលង្កា បានធ្វើឲ្យប្រទេសឥណ្ឌាកាន់តែព្រួយបារម្ភបន្ថែមទៀតអំពីការវាយប្រហារដែលអាចធ្វើឡើងដោយនាវាចិន។
ការប្រយ័ត្នប្រយែងរបស់ចិន
រដ្ឋាភិបាលក្រុងប៉េកាំងនៅតែមានមន្ទិលសង្ស័យអំពីកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកត្រីភាគីនេះ ជាពិសេសបន្ទាប់ពីកិច្ចសហប្រតិបត្តិការនេះរួមបញ្ចូលទាំងប្រទេសជប៉ុនផងដែរ ចាប់តាំងពីឆ្នាំ ២០១៥ មក ដោយរដ្ឋាភិបាលក្រុងប៉េកាំងជឿថា វាជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ខ្លួន។
មុនពេលសមយុទ្ធ Malabar នៅឆ្នាំនេះ បានចាប់ផ្ដើម លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ទោះបីជាប្រទេសចិនមិនមានការបដិសេធចំពោះកិច្ចសហប្រតិបត្តិការធម្មតារបស់ប្រទេសទាំងនេះក៏ដោយ ក៏ «ប្រទេសចិនសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបែបនេះនឹងមិនធ្វើឡើងដើម្បីប្រឆាំងនឹងប្រទេសទី ៣ នោះទេ ហើយកិច្ចសហប្រតិបត្តិការបែបនេះនឹងនាំមកនូវសន្តិភាព និងសន្តិសុខក្នុងតំបន់»។
លោក Vijay Sakhuja បាននិយាយថា ប្រទេសទាំង ៣ កំពុងប្រើប្រាស់ «វិធីសាស្ត្រសម្របសម្រួលមួយ មិនមែនដើម្បីទប់ទល់ ឬប្រឆាំងនឹងចិននោះទេ គឺគ្រាន់តែដើម្បីធ្វើនាវាចរណ៍ជុំវិញមហាសមុទ្រឥណ្ឌាដើម្បីតាមដានមើលថាតើកងទ័ពជើងទឹកចិនវិវឌ្ឍខ្លួនយ៉ាងណានៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះតែប៉ុណ្ណោះ»។
នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi មកកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីខែមិថុនាកន្លងទៅនេះ លោកប្រធានាធិបតី Donald Trump បានហៅភាពជាដៃគូផ្នែកសន្តិសុខរវាងប្រទេសទាំងពីរថា «មានសារៈសំខាន់ជាទីបំផុត» ហើយប្រទេសទាំងពីរសន្យាថានឹងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខតាមសមុទ្រ។ ប្រទេសឥណ្ឌាក៏កាន់តែមានភាពជិតស្និទ្ធជាមួយនឹងប្រទេសជប៉ុននៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ផងដែរ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក Narendra Moid ទៅកាន់ទីក្រុងតូក្យូ កាលពីខែឧសភា កន្លងទៅនេះ។ លោក Arun Jaitley រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសឥណ្ឌា បាននិយាយថា ឥណ្ឌាកំពុងស្វះស្វែងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងប្រទេសជប៉ុន។
ប៉ុន្តែ រដ្ឋាភិបាលក្រុងញូវដេលីបានបដិសេធសំណើរបស់ប្រទេសអូស្ត្រាលីក្នុងការចូលរួមនៅក្នុងសមយុទ្ធត្រីភាគីនេះ។
នាវារបស់ប្រទេសទាំង ៣ នឹងធ្វើដំណើរទៅក្នុងដែនសមុទ្រអន្តរជាតិ ស្របពេលដែលជម្លោះដ៏តានតឹងរវាងប្រទេសចិន និងប្រទេសឥណ្ឌា នៅតំបន់ជួរភ្នំហិមាល័យមិនមានសញ្ញាណាបង្ហាញឲ្យឃើញថា អាចមានភាពធូរស្រាលនោះទេ។
ទាហានរបស់ប្រទេសចិន និងឥណ្ឌា បានប្រឈមមុខដាក់គ្នាចាប់តាំងពីខែមុនមកម្ល៉េះ ដែលនៅពេលនោះ ទាហានឥណ្ឌាបានរារាំងគម្រោងសាងសង់ផ្លូវរបស់ចិននៅតំបន់វាលទំនាបមួយដែលមានជម្លោះរវាងប្រទេសចិន និងប៊ូតង់ ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់ឥណ្ឌា។ ប្រទេសចិនបានអំពាវនាវជាច្រើនលើកច្រើនសារឲ្យប្រទេសឥណ្ឌាដកកងទ័ពរបស់ខ្លួនចេញ ប៉ុន្តែមកដល់ពេលនេះ ភាគីទាំងសងខាងនៅតែបដិសេធមិនព្រមដកថយដដែល៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ