ឥណ្ឌា​រឹតបន្តឹង​ច្បាប់​ពាណិជ្ជកម្ម​ដោយ​មាន​បំណង​សំដៅ​ទៅ​លើ​ប្រទេស​ចិន

  • Anjana ​Pasricha

រូបឯកសារ៖ សកម្មជន​មក​ពីអង្គការ Swadeshi Jagran Manch បាន​ស្រែក​ពាក្យស្លោក ក្នុង​អំឡុង​ពេល​តវ៉ា​ប្រឆាំង​នឹង​ប្រទេសចិន​នៅ​ទីក្រុង​ញូវ ដែលី នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ (REUTERS)

បន្ទាប់ពី​មាន​ភាពតានតឹង​នៅ​តាម​ព្រំដែន​របស់​ខ្លួន​ដែល​ជាប់​នឹង​ប្រទេស​ចិន នា​ពេល​ថ្មី​នេះ ប្រទេស​ឥណ្ឌា​បាន​ចាត់វិធានការ​រឹតបន្តឹង​ផ្នែក​ពាណិជ្ជកម្ម​ជា​បន្តបន្ទាប់ ដោយ​មាន​គោលបំណង​សំដៅ​ទៅ​លើ​អ្នកវិនិយោគ​ចិន។

ប្រទេស​ឥណ្ឌា បាន​រឹតបន្តឹង​ច្បាប់​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​ជិតខាង​ក្នុង​វិធានការ​មួយ​ដែល​ត្រូវបាន​គេ​មើលឃើញ​ថា មាន​គោលដៅ​ទៅលើ​ប្រទេស​ចិន ខណៈ​ដែល​ជម្លោះ​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ពួកគេ​ដែល​ជាប់នឹង​ភ្នំ​ហិមាល័យ បាន​ធ្វើ​ឲ្យ​ចំណង​ទាក់ទង​នៃ​មហា​ប្រទេសទាំងពីរ​នៅ​អាស៊ី​នេះ ធ្លាក់ចុះ​ដល់​ចំណុច​ទាប​បំផុត ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ។

នៅក្នុង​ច្បាប់​ថ្មី ដែល​បាន​ចេញ​នា​ពេល​ថ្មីៗ​នេះ ប្រទេស​ឥណ្ឌា​បាន​និយាយ​ថា ក្រុមហ៊ុន​មកពី​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់នឹង​ខ្លួន នឹង​តម្រូវ​ឲ្យ​មាន​ការឆែក​ពិនិត្យ​ផ្នែក​នយោបាយ និង​សន្តិសុខ​ពី​ក្រសួង​ការបរទេស និង​ក្រសួង​មហាផ្ទៃ ឥណ្ឌា ដើម្បីអាច​ចូលរួម​ដេញថ្លៃ​កិច្ចសន្យា​របស់​រដ្ឋាភិបាល។

រដ្ឋាភិបាល​ឥណ្ឌា​ថា វិធានការ​នេះ គឺ​ដើម្បី​ពង្រឹង​ការការពារ​ប្រទេស​ឥណ្ឌា និង​សន្តិសុខ​ជាតិ។

អ្នកជំនាញ​ពាណិជ្ជកម្ម​បាន​និយាយ​ថា ខណៈពេល​ដែល​ច្បាប់​ថ្មី​នេះ មិន​បាន​ចេញ​ឈ្មោះ​ប្រទេស​ចិន​មែន តែ​វិធានការ​ថ្មី​នេះ នឹង​ជះ​ឥទ្ធិពល​ដល់​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ស្វែងរក​វិធី​ដើម្បី​វិនិយោគ​នៅក្នុង​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​នៅក្នុង​ប្រទេស​ឥណ្ឌា។

លោក Biswajit Dhar ជា​អ្នកវិភាគ​ពាណិជ្ជកម្ម និង​ជា​សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ Jawaharlal Nehru University នៅ​ទីក្រុង​ញូវ ដែលី បាន​លើក​ឡើង​ថា គឺ​គម្រោង​ធំៗ ដែល​នឹង​រង​ផលប៉ះពាល់។ ទាំងនេះ គឺជា​ការវិនិយោគ​ធំៗ។ ឥណ្ឌា ពឹងផ្អែក​ទៅ​លើ​ប្រទេស​ចិន​យ៉ាងខ្លាំង ចំពោះ​គម្រោង​ធំៗ​ដូច​នេះ»។

នេះ គឺជា​វិធានការ​ចុងក្រោយ​នៅក្នុង​ចំណោម​វិធានការ​មួយចំនួន​ដែល​ផ្តោត​ទៅ​លើ​ការវិនិយោគ​របស់​ចិន​នៅក្នុង​ប្រទេស​ឥណ្ឌា គ្រា​ដែល​ទីក្រុង​ញូវដែលី វាយតម្លៃ​ឡើងវិញ​នូវ​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយនឹង​ទីក្រុង​ប៉េកាំង។

កាលពី​ខែមិថុនា​កន្លង​ទៅ​នេះ ប្រទេស​ឥណ្ឌា បាន​ហាមឃាត់​កម្មវិធី​ appដែល​ភាគច្រើន​ជា​របស់​ចិន​ចំនួន ៥៩ ក្នុង​នោះ​រួមទាំង​កម្មវិធី​ TikTok ដ៏​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ផងដែរ ដែល​នេះ គឺជា​អ្វី​ដែល​រដ្ឋមន្រ្តី​ថ្នាក់​សហព័ន្ធ​លោក Ravi Shankar Prasad បាន​ពណ៌នា​ថា ជា​«កូដកម្ម​ឌីជីថល» ដែល​ធ្វើ​ឡើង​ដើម្បី​ការពារ​ទិន្នន័យ​របស់​ប្រជាពលរដ្ឋ។

កាលពី​ខែមេសា រដ្ឋាភិបាល​ឥណ្ឌា​បាន​ប្រកាស​ថា ខ្លួន​នឹង​ត្រួតពិនិត្យ​ទៅលើ​ការវិនិយោគ​របស់​បរទេស ដែល​មក​ពី​ប្រទេស​ដែល​មាន​ព្រំដែន​គោក​ជាប់​នឹង​ខ្លួន។

ខណៈពេលដែល​វិធានការ​ទាំងនេះ នឹង​ជះឥទ្ធិពលតិចតួច​ដល់​សេដ្ឋកិច្ចចិន​ដែល​មាន​សេដ្ឋកិច្ច​ធំខ្លាំង​ជាង​ឥណ្ឌា​នោះ ឥណ្ឌា​នឹង​បង្អាក់​ទំនាក់ទំនងពាណិជ្ជកម្ម​មួយ ដែល​បាន​រីក​ដុះដាល​អស់រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​នឹង​ដែល​បាន​ធ្វើ​ឲ្យ​ចិន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី២ របស់​ខ្លួន​នោះ​ផងដែរ។

ក៏ប៉ុន្តែ គ្រាដែល​ទីក្រុង​ញូវ ដេលី ព្យាយាម​ផ្តាច់ខ្លួន​ពី​ការពឹងផ្អែក​ទៅលើ​ទីក្រុង​ប៉េកាំង ដែល​ធ្វើឲ្យ​ទំនាក់​ទំនង​សេដ្ឋកិច្ច​កាន់តែ​យ៉ាប់យ៉ឺន​នោះ ឥណ្ឌា​នឹង​ជួប​ប្រទះ​ការខាតបង់ ដោយ​ហេតុ​ថា ប្រទេស​ចិន មាន​វត្តមាន​នៅក្នុង​គម្រោង​ជាច្រើន ចាប់ពី​ហេដ្ឋារចនាសម្ព័ន្ធ រហូត​ដល់​បច្ចេកវិទ្យា។

លោក Biswajit Dhar បាន​លើក​ឡើង​ទៀត​ថា៖

«សំណួរ​សំខាន់​បំផុត គឺថា​តើ​លោកអ្នក នឹង​បដិសេធ​មិនឲ្យ​ប្រទេសចិន​ចូល​ក្នុង​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ឥណ្ឌា ឬ? តើ​នឹង​មាន​ប្រទេស​ណា ដែល​នឹង​ចូល​មក​ជំនួស​ចិន​ទេ? ប្រសិនបើ​លោកអ្នក​មើល​ឲ្យ​បាន​ទូលំ​ទូលាយ​ជាង​នេះ គឺ​ប្រទេស​ចិន​ដែល​មាន​ប្រាក់​ច្រើន​ជាងគេ ទាក់ទងនឹង​ការធ្វើវិនិយោគ និង​ការផ្គត់ផ្គង់​ឧបករណ៍​នោះ»។

នៅពេលដែល​ប្រទេស​ឥណ្ឌា ព្យាយាម​កាត់បន្ថយ​ការពឹងផ្អែក​របស់​ខ្លួន​ទៅ​លើ​ទីក្រុង​ប៉េកាំង ប្រទេស​ឥណ្ឌា កំពុង​អំពាវនាវ​ដល់​ក្រុមហ៊ុន​អាមេរិក​ឲ្យ​បង្កើន​ការវិនិយោគ​លើ​វិស័យ​ជាច្រើន ដូចជា​បច្ចេកវិទ្យា ថាមពល ការការពារ និង​អវកាស។

នៅក្នុង​«កិច្ចប្រជុំ​កំពូល​គំនិត​ឥណ្ឌា»​ដែល​រៀបចំ​ឡើង​តាម​អ៊ីនធឺរណិត​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​ឥណ្ឌា​អាមេរិក កាលពី​ពេល​ថ្មីៗ​នេះ នាយក​រដ្ឋមន្រ្តី​ឥណ្ឌា លោក Narendra Modi បាន​ថ្លែង​ថា៖ « ការ​រីក​ចម្រើនរបស់​ឥណ្ឌា​មាន​ន័យ​ថា ការកើនឡើង​នូវ​ឱកាស​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​មួយ​ដែល​លោកអ្នក​អាច​ទុកចិត្ត​បាន»។

នៅឯ​វេទិកា​ដដែល​នោះ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយ​ថា ប្រទេស​ឥណ្ឌា​មាន​ឱកាស​ដើម្បី​ផ្លាស់ប្តូរ​«ខ្សែសង្វាក់​ផ្គត់ផ្គង់ ឲ្យ​ចេញ​ឆ្ងាយ​ពី​ប្រទេស​ចិន និង​កាត់បន្ថយ​ការពឹងផ្អែក​របស់​ខ្លួន​ទៅ​លើ​ក្រុមហ៊ុន​ចិន នៅក្នុង​វិស័យ​ដូចជា ទូរគមនាគមន៍ សម្ភារៈ​ផ្គត់ផ្គង់​វេជ្ជសាស្រ្ត និង​វិស័យ​ផ្សេងៗ​ទៀត»។

លោក Pompeo បាន​ថ្លែង​ទៀត​ថា៖

« ឥណ្ឌា​ស្ថិត​នៅក្នុងតួនាទីនេះ ពីព្រោះ​ឥណ្ឌា​បាន​ទទួល​ការជឿ​ទុកចិត្ត​ពី​បណ្តា​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​រួមទាំង​សហរដ្ឋ​អាមេរិក​ផងដែរ»។

ការអំពាវនាវ​ឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក បាន​កើន​ឡើង ចាប់តាំងពី​មាន​ការប្រឈមមុខ​របស់​យោធា​ឥណ្ឌា​ជាមួយ​ចិន​មក។

ទីក្រុង​ញូវ ដែលី និង​ទីក្រុង​ប៉េកាំង បាន​ដាក់​ពង្រាយ​ទាហាន​រាប់ពាន់នាក់​នៅ​តាម​ព្រំដែន​ដែល​មិន​មានកំណត់​ជា​ផ្លូវការ​ជាក់លាក់ ស្ថិត​នៅ​ភាគខាងកើតតំបន់ Ladakh ដែល​ធ្លាប់​មាន​ការប៉ះទង្គិច​គ្នា​មួយ ដែល​បាន​សម្លាប់​ទាហាន​ឥណ្ឌា ២០ នាក់ កាលពី​ខែមិថុនា​កន្លង​ទៅ​នេះ។

កិច្ច​ចរចា​នានា កំពុង​បន្តដើម្បី​ដោះស្រាយ​ការប្រឈមមុខដាក់គ្នា​ខាង​យោធា ក៏ប៉ុន្តែ កិច្ចប្រឹងប្រែង​ក្នុង​ការ​ដក​ទ័ព​មក​វិញ​ បាន​ធ្វើ​ឲ្យ​លទ្ធផល​នៃ​កិច្ចពិភាក្សា​ទាំងនោះ មាន​កំណត់​រហូត​មក​ដល់​ពេល​នេះ៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់