ដោយ​ផ្តោត​លើ​ចិន លោក Biden សន្យា​ផ្តល់​ប្រាក់ ១៥០​លាន​ដុល្លារ​ដល់​មេដឹកនាំ​អាស៊ាន

  • Reuters

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden (ឆ្វេង) ដើរ​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​អាស៊ាន​​ដើម្បី​ទៅ​ថតរូប​ជុំគ្នា​​នៅក្នុង​​សេតវិមាន ក្នុង​រដ្ឋធានី​​វ៉ាស៊ីនតោន កាល​ពី​ ថ្ងៃទី១២ ខែ​ឧសភា ឆ្នាំ​២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បើក​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ដោយ​សន្យា​ថា​ នឹង​ចំណាយ​ទឹកប្រាក់ ១៥០ លាន​ដុល្លារ លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ សន្តិសុខ ការ​ត្រៀម​ទប់ទល់​នឹង​ជំងឺ​រាតត្បាត និង​កិច្ច​ប្រឹងប្រែង​ផ្សេងៗ​ទៀត ក្នុង​គោលបំណង​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ ដែល​ជា​ដៃ​គូ​ប្រជែង​របស់​អាមេរិក។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Biden បាន​បើក​កិច្ចប្រជុំ​កំពូល​រយៈពេល​ពីរថ្ងៃ​ជាមួយ​តំណាង​ប្រទេស​ទាំង ១០ របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​ថា អាស៊ាន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដោយ​បាន​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា នៅ​សេតវិមាន មុន​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ក្រសួង​ការបរទេស​នៅ​ថ្ងៃ​សុក្រនេះ។

លោក​ Biden ញញឹម​ប្រឹមប្រិយ នៅពេល​លោក​បាន​ថតរូប​ជាមួយ​ក្រុម​មេដឹកនាំ​អាស៊ាន​នៅ​សួនច្បារ​ខាង​ត្បូង​សេតវិមាន មុន​នឹង​ទទួល​ទាន​អាហារពេល​ល្ងាច​រួម​គ្នា​ជាមួយ​តំណាង​ប្រទេស​ព្រុយណេ ឥណ្ឌូណេស៊ី កម្ពុជា សិង្ហបុរី ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី និង​ហ្វីលីពីន។
ស្របពេល​ដែល​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែនក៏​ស្ថិត​នៅ​ក្នុងរបៀបវារៈ រដ្ឋបាល​លោក Biden សង្ឃឹម​ថា កិច្ចប្រឹងប្រែង​នានា នឹង​បង្ហាញ​បណ្តា​ប្រទេស​អាស៊ាន​ថា រដ្ឋាភិបាល​អាមេរិក​នៅតែ​បន្ត​យក​ចិត្ត​ទុកដាក់​លើ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក និង​កត្តា​ប្រឈម​រយៈពេល​វែង​ពី​ចិន ដែល​អាមេរិក​ចាត់ទុក​ថា​ជា​ដៃគូ​ប្រជែង​ចម្បង​របស់​ខ្លួន។

ឆ្លើយតប​នឹង​ការ​សន្យា​របស់​លោក​ Biden ជា​ទឹកប្រាក់​ចំពោះអាស៊ាន ក្រសួង​ការ​បរទេស​ចិន​ ថ្លែង​ថា ចិន​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ដែល​លើក​កម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​ភាព​រីកចម្រើន​ទៅ​មុខ​នៅ​ក្នុង​តំបន់។ ​

លោក Zhao Lijian អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​សុក្រ​ថា៖ «ចិន​និង​អាស៊ាន មិន​ទាក់ទង​គ្នា​បែប​ឈ្នះចាញ់​ទេ ហើយ​ក៏​មិន​ជំរុញ​ឱ្យ​មាន​ភាព​តតាំង​ដាក់​គ្នា​រវាងប្លុក​(តំបន់)​ដែរ»។

គ្រាន់​តែ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​មុន ចិន​បាន​សន្យា​ផ្តល់​ទឹកប្រាក់​ ១.៥០០​លាន​ដុល្លារ​ជា​ជំនួយ​អភិវឌ្ឍ​ដល់​បណ្តា​ប្រទេស​អាស៊ាន ក្នុង​រយៈពេល​បី​ឆ្នាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ១៩ ហើយ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ។

មន្ត្រី​អាមេរិក​ជាន់​ខ្ពស់​មួយ​រូប​របស់​រដ្ឋបាល​លោក Biden បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «យើង​ត្រូវតែ​បង្កើន​សកម្មភាព​របស់​យើង​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ យើង​មិន​គួរ​ធ្វើ​ឱ្យ​ប្រទេស​ទាំង​នេះ​ត្រូវ​ជ្រើសរើស​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​នោះ​ទេ។ យ៉ាង​ណា​ក្តី យើង​ចង់បញ្ជាក់​ឱ្យ​ច្បាស់​ថា​ សហរដ្ឋ​អាមេរិក​ចង់​បាន​ទំនាក់ទំនង​ដ៏​រឹងមាំ​ជាងមុន»។ ​

ការ​ប្តេជ្ញា​ចិត្ត​ដោយ​ផ្តល់​ជា​ទឹកប្រាក់​ថ្មី​មួយ​នេះ​របស់​សហរដ្ឋ​អាមេរិក រួមមាន​ការ​បណ្តាក់ទុន​ជា​ទឹកប្រាក់​ ៤០ លាន​ដុល្លារ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ផ្តោត​លើ​ការ​ជួយ​កាត់​បន្ថយ​ឧស្ម័ន​កាបូន​នៅ​ក្នុង​ប្រព័ន្ធ​ផ្គត់ផ្គង់​ថាមពល​របស់​តំបន់​អាស៊ីអាគ្នេយ៍ ទឹកប្រាក់ ៦០ លាន​ដុល្លារ​ ក្នុង​វិស័យ​សន្តិសុខ​ដែនសមុទ្រ​ និង​ជាង ១៥ លាន​ដុល្លារ​ទៀត ក្នុង​ការ​ឧបត្ថម្ភ​ដល់​វិស័យ​សុខាភិបាល​និង​ជំនួយសម្រាប់​ស្រាវជ្រាវរក​ឃើញឱ្យ​បាន​ឆាប់នូវ​ជំងឺកូវីដ១៩ និង​ជំងឺរាតត្បាត​ប្រព័ន្ធ​ដកដង្ហើម​ផ្សេងៗ​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អាមេរិក​មួយ​រូប។ ថវិកា​បន្ថែម​នឹង​ជួយ​ដល់​បណ្តា​ប្រទេស​ទាំង​នេះ បង្កើត​ច្បាប់​ស្តីពី​សេដ្ឋកិច្ច​ឌីជីថល និងច្បាប់​ស្តីពី​បញ្ញាសប្បនិម្មិត (AI)។ ​

ឆ្មាំ​សមុទ្រ​អាមេរិក​ក៏​នឹង​បញ្ជូន​នាវា​មួយ​គ្រឿង​ទៅ​កាន់​តំបន់​នេះ ដើម្បី​ជួយ​នាវា​នេសាទ​ក្នុង​តំបន់​ទប់ទល់​នឹង​អ្វីដែល​រដ្ឋាភិបាល​អាមេរិក​និង​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ បាន​ចាត់ទុក​ថា​ជា​សកម្មភាព​នេសាទ​ខុសច្បាប់​របស់​ចិន។

ក៏ប៉ុន្តែ ការ​ប្តេជ្ញា​របស់​អាមេរិក​ទាំង​នេះ​ ហាក់​មិន​អាច​ប្រៀប​នឹង​ចំណង​ដ៏​ជិត​ស្និទ្ធ​និង​ឥទ្ធិពល​របស់​ចិន​បាន​ឡើយ។

លោក Biden កំពុង​បង្កើត​គម្រោងផ្តួចផ្តើម​បន្ថែម​ទៀត រួមមាន​ ការ​បណ្តាក់ទុនហេដ្ឋារចនា​សម្ព័ន្ធ «កសាង​ពិភពលោក​ជា​ថ្មី​ឱ្យ​ប្រសើរ» (Build Back Better World) និង​ក្រមខណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូប៉ាស៊ីហ្វិក (IPEF)។ ប៉ុន្តែ​មក​ទល់​ពេល​នេះ គម្រោង​ទាំង​នេះ​មិន​ទាន់​រៀបរៀងឡើង​ឱ្យ​ស្រេចបាច់​នោះ​ទេ។

កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន​នេះ កត់​សម្គាល់​នូវការ​ជួបជុំ​គ្នា​ជា​ក្រុម​លើក​ដំបូង​របស់​មេដឹកនាំ​អាស៊ាន នៅ​សេតវិមាន និង​ជា​កិច្ចប្រជុំលើក​ដំបូង​ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បើ​គិតចាប់តាំង​ពី​ឆ្នាំ ២០១៦ មក៕ ​