ភ្នំពេញ៖ ព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តម សីហមុនី មិនទាន់កោះប្រជុំសភាថ្មីជាផ្លូវការនៅឡើយទេមកទល់នឹងថ្ងៃអង្គារនេះ ស្របពេលដែលគណបក្សឈ្នះឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ កំពុងមានអរិភាពនឹងគ្នាជុំវិញលទ្ធផលបោះឆ្នោត។
កាលពីថ្ងៃច័ន្ទទី៩ខែកញ្ញា ព្រះមហាក្សត្របានកំណត់ថ្ងៃប្រជុំសភាថ្មីជាលើកដំបូងនៅថ្ងៃទី២៣ខែកញ្ញាដដែលនេះ ដើម្បីផ្តល់សុពលភាពដល់រដ្ឋសភានីតិកាលទី៥និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។
លោកជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជានិងជាសមាជិកសភាជាប់ឆ្នោតអណត្តិថ្មីមានប្រសាសន៍ថា ព្រះមហាក្សត្រមិនទាន់បានផ្ញើលិខិតអញ្ជើញសមាជិកសភានិងភ្ញៀវជាតិនិងអន្តរជាតិចូលប្រជុំសភាថ្ងៃដំបូងនោះនៅឡើយទេ។
«លិខិតអញ្ជើញប្រជុំនៅមិនទាន់បានទទួលនៅឡើយទេជូនទៅតំណាងរាស្ដ្រដែលបានជាប់ឆ្នោតប្រកាសដោយគជបសរុប១២៣រូប។ ភ្ញៀវចូលរួមដែលមានអង្គទូតទាំងអស់នៅកម្ពុជា។ អ្នកមុខអ្នកការដែលជាសមត្ថកិច្ចមួយចំនួនដូចជាក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកសមាជិកាព្រឹទ្ធសភាដែលត្រូវចូលរួម អង្គការផ្សេងៗដូចជាតុលាការកំពូលមិនទាន់មាននៅឡើយទេ»។
យោងតាមរដ្ឋធម្មនុញ្ញព្រះមហាក្សត្រនឹងត្រូវកោះអញ្ជើញសមាជិកសភាថ្មីឲ្យចូលប្រជុំយ៉ាងយូរបំផុត២៤ម៉ោងមុននឹងដល់ថ្ងៃប្រជុំបើកឆាកនោះ។
យ៉ាងណាក៏ដោយលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ជំហរសារជាថ្មីម្តងទៀតនៅព្រឹកថ្ងៃនេះ ក្នុងពេលដែលលោកចុះទៅជួបអាជីវករនៅផ្សារអូឬស្សី ក្រុងភ្នំពេញថា គណបក្សជំទាស់នឹងមិនចូលប្រជុំសភាទេ ដរាបណាភាពមិនប្រក្រតីនៃការបោះឆ្នោតនានាមិនត្រូវបានដោះស្រាយនោះ។
«ទាល់តែមានការផ្តល់យុត្តិធម៌ជូនប្រជារាស្ដ្រ រកដំណោះស្រាយសមស្របបានយើងចូលរួមប្រជុំ»។
យោងតាមការប្រកាសលទ្ធផលជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី៨ខែកញ្ញា បង្ហាញថាគណបក្សប្រជាជនកម្ពុជាឈ្នះបាន៦៨អាសនៈក្នុងរដ្ឋសភា ហើយគណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ។ ប៉ុន្តែគណបក្សជំទាស់មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះទេហើយបានទទូចឲ្យមានការដោះស្រាយភាពមិនប្រក្រតីដែលខ្លួនយល់ថានាំឲ្យបាត់បង់ចំនួនអាសនៈរបស់ខ្លួននោះ។
លោកជាម យៀប បញ្ជាក់ថាគណបក្សកាន់អំណាចនៅតែរក្សាជំហរប្រជុំសភាដោយឯកបក្សប្រសិនបើគណបក្សជំទាស់មិនចូលប្រជុំសភានោះហើយព្រះមហាក្សត្រនឹងយាងបើកសម័យប្រជុំសភាជាលើកដំបូងនោះ។
«មានតែគណបក្សប្រជាជនកម្ពុជាតែឯងក៏ព្រះអង្គយាងបើកព្រោះព្រះអង្គបានអញ្ជើញ១២៣នាក់ប៉ុន្តែបើមានតែ៦៨ក៏ព្រះអង្គនឹងប្រារព្ធនូវព្រះរាជពិធីនេះដែរ»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមិនអាចបញ្ជាក់បានទេថាគណបក្សជំទាស់នឹងស្នើសុំព្រះមហាក្សត្រពន្យាពេលកោះប្រជុំសភាដំបូងឬយ៉ាងណានោះទេ។ ប៉ុន្តែ លោកបញ្ជាក់ថាគណបក្សជំទាស់នឹងដឹកនាំការធ្វើមហាបាតុកម្មថ្ងៃទី១៥ ដល់១៧ខែកញ្ញានេះដើម្បីទាមទារដំណោះស្រាយលើបញ្ហាបោះឆ្នោត។
ទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជានេះអង្គការHuman Rights Watch ដែលមានមូលដ្ឋាននៅក្រុងញ៉ីវយ៉ក សហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃនេះដោយស្តីបន្ទោសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថាបានបរាជ័យក្នុងការដោះស្រាយការចោទប្រកាន់ដែលគួរឲ្យជឿជាក់បានពីការបន្លំឈ្មោះអ្នកបោះឆ្នោតនិងភាពមិនប្រក្រតីដទៃទៀតឬភាពមិនត្រឹមត្រូវជាប្រព័ន្ធក្នុងដំណើរការបោះឆ្នោត។ អង្គការអាមេរិកាំងដដែលបានលើកពីតម្រូវការចាំបាច់ឲ្យមានការស៊ើបអង្កេតលើការបោះឆ្នោតនេះដោយឯករាជ្យ៕