យន្តហោះមួយគ្រឿងដែលដឹកលោក Julian Assange បានចុះចតនៅក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារ ដើម្បីចាក់សាំងមុននឹងបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើកិច្ចព្រមព្រៀងទទួលកំហុសមួយជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលនឹងនាំឱ្យលោកមានសេរីភាពនិងបញ្ចប់ករណីផ្លូវច្បាប់ដែលបានអូសបន្លាយជាច្រើនឆ្នាំកន្លងមកនេះជាប់ពាក់ព័ន្ធនឹងការចុះផ្សាយឯកសារសម្ងាត់ជាច្រើន។
យន្តហោះជួលមួយគ្រឿងពីទីក្រុងឡុងដ៍ ដែលភរិយារបស់លោក Assange បានបញ្ជាក់ថា ដឹកស្វាមីរបស់អ្នកស្រីនោះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Don Mueang ។ ក្រុមមន្ត្រីនៅទីក្រុងបាងកក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា យន្តហោះនោះគ្រោងនឹងបន្តដំណើរទៅកាន់រដ្ឋធានី Saipan នៃប្រជុំកោះ Northern Mariana ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលនៅទីនោះលោក Assange ត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅមុខតុលាការនៅថ្ងៃពុធ។
លោកត្រូវគេរំពឹងថានឹងសារភាពទោសកំហុសនៅក្នុងបទចោទប្រកាន់មួយ ក្នុងច្បាប់លួចព័ត៌មានការពារជាតិដោយខុសច្បាប់ ហើយចែកចាយព័ត៌មានសម្ងាត់ពាក់ព័ន្ធជាមួយការការពារជាតិ។ នេះបើតាមក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបញ្ជាក់នៅក្នុងលិខិតមួយច្បាប់ដែលដាក់ក្នុងតុលាការ។
លោក Assange ត្រូវគេរំពឹងថានឹងត្រឡប់ទៅកាន់ប្រទេសកំណើតរបស់លោកនៅអូស្ត្រាលី បន្ទាប់ពីការទទួលកំហុសនិងការកាត់ទោស។ សវនាការរបស់លោកនឹងធ្វើនៅរដ្ឋធានី Saipan ដោយសារលោក Assange មិនព្រមធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងដោយសារតុលាការនេះនៅជិតប្រទេសអូស្ត្រាលីផង។ នេះបើតាមការបញ្ជាក់របស់ក្រុមរដ្ឋអាជ្ញា។
ក្រុមមន្ត្រីតុលាការចក្រភពអង់គ្លេស បានបញ្ជាក់ថា លោក Assange បានចាកចេញពីចក្រភពអង់គ្លេស កាលពីល្ងាចថ្ងៃចន្ទ ក្រោយពីបានទទួលការអនុញ្ញាតឱ្យនៅក្រៅឃុំ នៅក្នុងសវនាការសម្ងាត់មួយ កាលពីសប្តាហ៍មុន។
កិច្ចព្រមព្រៀងទទួលកំហុសនេះ នាំឱ្យមានការបញ្ចប់ករណីឧក្រិដ្ឋកម្មមួយដែលនាំឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងពិភពលោក ហើយបញ្ចប់កិច្ចប្រឹងប្រែងអស់ពេលរាប់ឆ្នាំរបស់សហរដ្ឋអាមេរិក ដើម្បីដាក់ទោសបណ្ណាធិការរូបនេះ ដែលមានគេហទំព័រចែកចាយព័ត៌មានសម្ងាត់ដ៏មានប្រជាប្រិយ ភាពដែលបានធ្វើឱ្យលោកក្លាយជាមនុស្សល្បីម្នាក់ ក្នុងចំណោមអ្នកគាំទ្រសេរីភាពសារព័ត៌មាន ដែលបាននិយាយថា លោកបានដើរតួរជាអ្នកសារព័ត៌មានម្នាក់ ដែលបង្ហាញឱ្យឃើញនូវអំពើខុសឆ្គងរបស់យោធាសហរដ្ឋអាមេរិក។
ផ្ទុយទៅវិញ ក្រុមរដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានអះអាងជាច្រើនលើកច្រើនសារថា សកម្មភាពរបស់លោកបានបំពានច្បាប់ ហើយបានធ្វើឱ្យមានគ្រោះថ្នាក់ដល់សន្តិសុខជាតិ៕