ពលរដ្ឋអាមេរិករាប់លាននាក់ដែលគ្មានលទ្ធភាពបង់ប្រាក់សម្រាប់ផ្ទះជួលដែលពួកគេកំពុងរស់នៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នោះបានបាត់បង់នូវការការពារពីរដ្ឋាភិបាលសហព័ន្ធនៅថ្ងៃច័ន្ទ ខណៈគោលការណ៍ចេញដោយទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺ CDC មិនឲ្យបណ្តេញបុគ្គលដែលគ្មានប្រាក់បង់ថ្លៃជួលផ្ទះបានផុតសុពលភាពនោះ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាការផុតសុពលភាពនៃគោលការណ៍នេះអាចបណ្តាលឲ្យមានការបណ្តេញចេញទ្រង់ទ្រាយធំចំពោះអ្នកគ្មានប្រាក់បង់ថ្លៃជួលផ្ទះឬយ៉ាងណានោះទេ។
ការប៉ាន់ប្រមាណមួយចំនួនបានឲ្យដឹងថាមានពលរដ្ឋអាមេរិកប្រមាណ១៥លាននាក់ដែលជួលផ្ទះនៅពុំមានលទ្ធភាពបង់ថ្លៃជួលផ្ទះតាមការកំណត់។ ហើយសកម្មជនការពារសិទ្ធិមានផ្ទះសម្បែងរស់នៅបានលើកឡើងថាពួកគេមានការព្រួយបារម្ភចំពោះមនុស្សភាគច្រើនដែលអាចក្លាយជាជនដែលគ្មានទីលំនៅនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះស្របពេលដែលរដ្ឋនិងអាជ្ញាធរក្រុងមួយចំនួនបានចាប់ផ្តើមអនុវត្តគោលការណ៍ឡើងវិញទៅលើអ្នកជួលបន្ទប់ដែលគ្មានប្រាក់បង់ថ្លៃជួលផ្ទះនោះ។
ទោះជាយ៉ាងណាក្តីក្រុមអ្នកគាំទ្រម្ចាស់អគារជួលបានលើកឡើងថាការបារម្ភពីការបណ្តេញចេញពីផ្ទះជួលក្នុងទ្រង់ទ្រាយធំដោយសារតែពួកគេគ្មានប្រាក់បង់នោះជាការបារម្ភជ្រុលហួសហេតុដោយពួកគេគូសបញ្ជាក់ថាពេលវេលានិងការចំណាយទៅលើរឿងក្តីតាមផ្លូវច្បាប់ក្នុងការបណ្តេញបុគ្គលណាមួយចេញពីផ្ទះជួលរបស់គេនោះមានលក្ខណៈពិបាកស្មុគស្មាញហើយម្ទាស់ផ្ទះនឹងជ្រើសរើសយកជម្រើសមួយនេះក្នុងករណីដែលចាំបាច់ដែលជាជម្រើសចុងក្រោយបំផុតតែប៉ុណ្ណោះ៕