វិភាគ៖ ហេតុ​អ្វី​វៀ​តណាម​​បង្កើត​​កង​ជីវពល​​សមុទ្រ​​ថ្មី​​ក្បែរ​​ដែន​​ទឹក​​កម្ពុជា?

កងជីវពល​សមុទ្រ​វៀតណាម ក្នុង​សកម្មភាព​ហ្វឹកហាត់ នា​ពេល​កន្លង​មក។ (រូបថត៖ គេហទំព័រ​រដ្ឋបាល​ខេត្ត Quang Nam ប្រទេស​វៀតណាម)

វៀតណាម​ត្រូវ​បាន​គេ​មើល​ឃើញ​ថាកំពុង​បង្កើន​ការ​ក្រសោប​ការពារ​ផលប្រយោជន៍​របស់​ខ្លួន​ក្នុង​ដែន​ឈូង​សមុទ្រ​ថៃ និង​ប៉ុនប៉ង​ទប់​ទល់​នឹង​កំណើន​ឥទ្ធិពល​និង​សកម្ម​ភាពអភិវឌ្ឍ​របស់​ចិន​តាម​បណ្ដោយ​ឆ្នេរ​ក្នុង​ប្រទេស​កម្ពុជា​ដែល​នៅ​ក្បែរ​ខាង តាម​រយៈ​ការ​បង្កើត​កង​ជីវពល​សមុទ្រ​ថ្មី​មួយ​នៅ​ខេត្ត​ភាគ​និរតី​បំផុត​របស់​ប្រទេស។ នេះ​បើ​តាម​អ្នក​វិភាគ។

កាសែត​កង​ទ័ព​វៀតណាម Quan Doi Nhan Dan បាន​រាយការណ៍​ថា កាល​ពី​ថ្ងៃ​ទី៩ ខែ​មិថុនា ឧត្ដម​សេនីយ៍​ទោ Truong Minh Khai មេបញ្ជាការរង​និង​ជា​នាយ​សេនាធិការ​នៃ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៩​របស់​វៀតណាម​បាន​ប្រគល់​តួនាទី​ដល់​អាជ្ញាធរ​នៅ​ខេត្ត​ក្រមួនស​ឬ Kien Giang ​ជាប់​ខេត្ត​កំពត​របស់​កម្ពុជា​និង​បែរ​ត្រង់​ទៅ​ឈូង​សមុទ្រ​ថៃ​ដើម្បីបង្កើត​កង​អង្គភាព​ជីវពល​សមុទ្រ​អចិន្ត្រៃយ៍។

ប្រភព​ដដែល​បន្ត​ថា​បើ​តាម​គម្រោង​ការណ៍​របស់​ក្រសួង​ការពារ​ប្រទេស​វៀតណាម អង្គភាពថ្មី​នេះ​មាន​ភារកិច្ច​«សម្រប​សម្រួល​ជាមួយ​កង​កម្លាំង​ដែល​កំពុង​បំពេញ​មុខងារ​ក្នុង​ការ​តស៊ូការពារ​អធិប​តេយ្យ​ភាព​លើ​ដែនសមុទ្រ​និង​ដែន​កោះ ល្បាត ​ប្រមូល និង​បញ្ជូន​ព័ត៌មាន​អំពី​ដែន​អាកាសនិង​ដែន​សមុទ្រ ឃោសនា​ធ្វើ​ចលនាប្រជាជនឱ្យ​អនុវត្ត​សេចក្ដី​ណែនាំ​និង​គោល​ជំហរ​របស់​បក្ស​[កុម្មុយ​និស្ដ​វៀតណាម] និង​គោលនយោបាយ​និង​ច្បាប់រដ្ឋ​លើ​បញ្ហា​ការពារ​ជាតិ​និង​សន្ដិសុខ​ជាតិ និង​ក៏​ដូច​ជា​ការ​សង្គ្រោះ ដឹក​ជញ្ជូន និង​ផ្គត់ផ្គង់នៅ​ដែន​សមុទ្រ​ផង​ដែរ»។

កាសែត Quan Doi Nhan Dan មិន​បាន​បញ្ជាក់​លម្អិត​នោះ​ទេ អំពី​ទំហំ​និង​គ្រឿង​សព្វាវុធ​នៃ​«កង​ជីវពល​សមុទ្រ​អចិន្ត្រៃយ៍» ដែល​ទើបត្រូវ​បាន​បង្កើត​ថ្មីនេះ។

សមាជិកនៃកងជីវពលសមុទ្រអចិន្ត្រៃយ៍វៀតណាម ចូលរួមពិធីបើកសម្ពោធអង្គភាព នៅខេត្តក្រមួនស ឬ Kien Giang កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ។ (រូបថត៖ ទូរទស្សន៍រដ្ឋខេត្ត Kien Giang ប្រទេសវៀតណាម)

យ៉ាងណា​ក៏​ដោយ​កាសែត​ Nikkei Asia ​របស់​ជប៉ុន បាន​រាយការណ៍​ថា៖ «អង្គភាព​នេះ​នឹង​បំពាក់ទៅ​ដោយ​នាវា​ចំនួន​៩គ្រឿង កង​អនុសេនា​ធំ​ចំនួន​៩ ប្រដាប់​ដោយ​អាវុធ​ធុនស្រាល​ត្រូវ​បានបំពាក់​បំប៉ន​ហ្វឹកហ្វឺន​ឱ្យ​អនុវត្ត​ការងារ​សេនាជន​ប្រដាប់​អាវុធ ពី​សំណាក់​បណ្ឌិត្យសភា​នៃ​ទ័ព​ជើង​ទឹក​វៀតណាម​និង​ពីមហា​វិទ្យាល័យ​បច្ចេកទេស​ទ័ព​ជើង​ទឹក​វៀតណាម»។​

ការ​បង្កើត​និង​ដាក់​ពង្រាយ​ក្រុម​សេនាជន​សមុទ្រ​ថ្មី​នេះ កើត​មាន​ឡើង ខណៈ​វៀតណាម​កំពុង​បង្កើន​សមត្ថភាព​ទ័ព​សមុទ្រ​របស់​ខ្លួន តប​នឹង​កំណើន​ភាព​តានតឹង​បណ្ដាល​ពី​ជម្លោះ​ដណ្ដើម​ដែនបូរណ​ភាព​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​ចិន ហ្វីលីពីន ព្រុយណេ​និង​ម៉ាឡេស៊ី។

តែ​អ្នក​វិភាគ​ថា ការ​បង្កើត​ក្រុម​សេនាជន​ឬ​ជីវពល​សមុទ្រ​ថ្មី​នេះ មាន​ការ​ពាក់​ព័ន្ធ​នឹង​មហិច្ឆតា​និង​ប្រយោជន៍​របស់​វៀតណាម​ក្នុង​ឈូង​សមុទ្រ​ថៃ​ច្រើន​ជាង បើ​គេ​គិត​ទៅ​លើ​ភូមិសាស្ត្រ​ដែល​អង្គភាព​នេះ​ត្រូវ​បាន​បង្កើត​ឱ្យ​ឈរ​ជើង​ក្នុង​ខេត្ត​ក្រមួនស ឬ Kien Giang តាម​សំនៀង​វៀតណាម។

ឃ្លាំ​មើល​ចិន​នៅ​ឆ្នេរ​សមុទ្រកម្ពុជា

បណ្ឌិត​ផាត់ កុសល​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ក្រុង New York ​(CUNY) បាន​លើក​ឡើង​ថា​ការ​ដាក់​ពង្រាយ​កង​សេនាជន​ឬ​ជីវពល​សមុទ្រ​ថ្មី​នេះ​វៀតណាម​ហាក់​បង្ហាញ​ការ​តប​ទល់​នឹង​កំណើន​ឥទ្ធិពល​ចិន​នៅ​បណ្ដោយ​ឆ្នេរ​ប្រទេស​កម្ពុជា។

អ្នក​ជំនាញ​កិច្ចការ​នយោបាយ​វៀតណាម​រូប​នេះ​បាន​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា៖ ​«ការណ៍​ដែល​វៀតណាម​បង្កើត​កង​ជីវពល​សមុទ្រ ដែល​ត្រូវ​រំពឹង​ថា​នឹង​រីក​លូតលាស់​និង​ធ្វើ​ទំនើបកម្ម​បន្ថែមក្នុង​មួយ​ទសវត្សរ៍​ទៅ​មុខ​ទៀត​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់​មួយ​ទៅ​នឹង​ឥទ្ធិពលគ្រប់​ជ្រុង​ជ្រោយ​របស់​ចិន​ដែល​ចេះ​តែ​កើនឡើង​នៅ​ប្រទេស​កម្ពុជា»។

បណ្ឌិត ផាត់ កុសល ​បន្ថែម​ថា៖ «ជាក់​ស្ដែង ផែ​សមុទ្រ​និង​អាកាសយានដ្ឋាន​អន្តរជាតិ​ដែល​សង់​ដោយ​ហិរញ្ញប្បទាន​ពី​ចិន​នៅ​ខេត្ត​ព្រះ​សីហនុ និង​កោះ​កុង ផ្ដល់​ជា​តឹកតាង​ដែល​បង្ក​ជា​សញ្ញា​អាសន្ន​សម្រាប់​ក្រុម​អ្នក​យុទ្ធសាស្ត្រ​នយោបាយ​ការបរទេស​នៅ​ហាណូយ អំពី​លទ្ធភាព​ដែល​ថា​យោធា​ចិន​អាច​នឹង​ប្រើប្រាស់ហេដ្ឋា​រចនាសម្ព័ន្ធ​ជា​រូបវ័ន្ត​ទាំង​នេះ ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ចិន-វៀតណាម​នៅ​ថ្ងៃមុខ​ក្នុង​សមុទ្រចិន​ខាងត្បូង»។

បន្ទាប់​ពី​ប្រើ​ពេលជិត​២​ឆ្នាំ​ក្នុង​ការ​បដិសេធ​ជា​ច្រើន​លើក​ថា​កម្ពុជា​នឹង​មិន​ទទួល​វត្តមាន​យោធាចិន​លើ​ទឹកដី​ខ្លួន​នោះ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហើប​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ចិន​ជា​អ្នក​ជួយ​សាង​សង់​ផែ​ចត​នាវា រោង​ជួស​ជុល​ទូក និង​បូម​ខ្សាច់​បង្កើន​ជម្រៅ​សម្រាប់ទទួល​នាវា​ធំៗ នៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​សមុទ្រ​រាម ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះ​សីហនុ។ ប៉ុន្តែ​កម្ពុជា​បញ្ជាក់​ថា​ការ​សង់​ទាំង​នេះ​មិន​មែន​ជា​ការ​ត្រៀម​ទទួល​វត្តមានរបស់​យោធា​ចិន​នោះ​ទេ។

រូបភាពពីផ្កាយរណប បង្ហាញពីមូលដ្ឋានកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ មុន និងក្រោយការវាយកម្ទេចមូលដ្ឋានទ័ពចាស់ដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិក។ (រូបថតដកស្រង់ពីគេហទំព័រ CSIS)

ក្រៅ​ពី​ភាព​ចម្រូងចម្រាស​នៅ​មូលដ្ឋាន​សមុទ្រ​រាម ការ​វិនិ​យោគ​របស់​ចិន​នៅ​ខេត្ត​ព្រះ​សីហនុ និង​ក្នុង​តំបន់​វិនិយោគ​«តារាសាគរ» ក្នុង​ខេត្ត​កោះកុង ដែល​ក្រុម​ហ៊ុន Union Development Group របស់​ចិន ត្រូវ​បាន​រាយការណ៍​ថា​ទទួល​បាន​ការ​គ្រប់​គ្រង​ប្រមាណ​២០%​នៃ​បណ្ដោយ​ឆ្នេរ​សមុទ្រសរុប​របស់​កម្ពុជា ក៏​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ផងដែរ។

បណ្ឌិត ផាត់ កុសល អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ក្រុង New York បាន​បន្ថែម​ថា៖ «[មេដឹកនាំ​វៀតណាម]​មិន​ចង់​ឱ្យ​មាន​វត្តមាន​យោ​ធា​របស់​ចិន​នៅ​បណ្ដោយ​ព្រំដែន​ភាគ​និរតី​របស់​ខ្លួន​នោះ​ទេ។ បណ្ដា​មេដឹកនាំ​នយោបាយ​ដែល​មាន​ការ​អប់រំ​ប្រវត្តិសាស្ត្រ​ជ្រាល​ជ្រៅ​នៅ​ហាណូយតែ​ង​មាន​ក្ដី​បារម្ភ​អំពី​សមត្ថភាព​របស់​ចិន ក្នុង​ការ​ខ្ទាស់វៀតណាម​ចូល​ក្នុង​សង្គ្រាម​ទ្វេ​ទិស»។

សម្លឹង​ប្រយោជន៍​នៅ​ឈូង​សមុទ្រ​ថៃ

បណ្ឌិត Collin Koh អ្នក​ជំនាញ​សន្ដិសុខ​លម្ហ​សមុទ្រ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​Nanyang​(NTU) របស់​ប្រទេស​សិង្ហបុរី បាន​យល់​ស្រប​ថាកំណើន​សកម្មភាព​របស់ចិន​នៅ​កម្ពុជា ដាស់​ទីក្រុង​ហាណូយ​អំពី​«ភាព​បន្ទាន់​កាន់​តែ​ខ្លាំង​ឡើង»ក្នុង​ការ​ដាក់​ពង្រាយ​ក្រុម​សេនាជន​សមុទ្រ​ថ្មី​នេះ តែ​លោក​ថា​ចេតនា​របស់វៀតណាមអាច​មាន​ធំធេង​ជាង​នេះ។

អ្នក​ជំនាញ​រូប​នេះ​បាន​ប្រាប់​វីអូអេ​តាម​សារ​អេឡិច​ត្រូនិក​ថា៖ «ខ្ញុំ​សូម​លើក​ថា​ក្រុម​ជីវពល​សមុទ្រ​«អចិន្ត្រៃយ៍»​ដែល​ទើប​បង្កើត​ថ្មី​នេះ មាន​គោល​បំណង​ដូច​ខាង​ក្រោម៖ ដើម្បី​ធ្វើ​ឱ្យ​បាន​ប្រសើរ​ឡើងក្នុង​ការ​ធានា​អះ​អាងអធិបតេយ្យភាព​និង​សិទ្ធិ​របស់វៀតណាម​លើដែនសមុទ្រ​និង​ដែន​កោះ​ដែល​ត្រួត​ពិនិត្យ​ដោយ​ខេត្ត​សាមី ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​វិធី​ទ្វេ​បំណង​«សេដ្ឋកិច្ច-សន្ដិសុខ»ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​លម្ហ​សមុទ្រ»។

បណ្ឌិត Collin Koh បន្ថែម​ថា​តាម​រយៈ​ការ​បង្កើត​ជីវពល​សមុទ្រ​ថ្មី​នេះ ទីក្រុង​ហាណូយ​ក៏មាន​បំណង​មួយ​ទៀត​ផង​ដែរ​គឺ​ថា៖ «ដើម្បី​ការពារ​ឱ្យ​បាន​ប្រសើរ​ជាងមុន​នូវ​អ្នកនេសាទ​ក្នុង​ខេត្ត​សាមី ជា​ពិសេស​តទល់​នឹងការអនុវត្ត​ច្បាប់​របស់​បណ្ដា​ប្រទេស​ជិត​ខាង និង​ក៏​ដូច​ជា​ធ្វើ​ការ​ជាមួយ​នឹង​អាជ្ញាធរ​ខេត្ត​ដើម្បី​គ្រប់​គ្រង​អនុវត្ត​វិធានការ​ប្រឆាំង​ការ​នេសាទ​ខុស​ច្បាប់ មិន​ចុះ​ទិន្នន័យ និង​មិន​នៅ​ក្នុង​ការ​ធ្វើ​និយ័តកម្ម»។

លោក​បន្ថែម​ដែរ​ថា​អង្គភាព​ជីវពល​សមុទ្រ​ដែល​ថ្មីៗ​នេះ​ត្រូវ​បាន​ដាក់​ពង្រាយ​ដោយ​វៀតណាមតទល់​នឹ​ង​ចិន នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ​នោះ ត្រូវ​បាន​ប្រើប្រាស់​ជា​«ភ្នែក​ជា​ត្រចៀក»​«ដ៏​មាន​ប្រយោ​ជន៍»​ក្នុង​កិច្ច​ការពារ​សន្ដិសុខ​លម្ហសមុទ្រ​របស់​វៀតណាម។

លោក​បញ្ជាក់​ថា៖ «វៀតណាម​យ៉ាងណា​ក៏​ដោយ ប្រកាន់​យក​នូវ​យុទ្ធវិធី​ពហុ​ស្រទាប់​ក្នុង​ការ​ការពារ​និង​សន្ដិសុខលម្ហ​សមុទ្រ ជាមួយ​កង​ទ័ព​ជើង​ទឹក​ជាកម្លាំង​ស្នូល ទីភ្នាក់​ងារ​អនុវត្ត​ច្បាប់​នៅ​ស្រទាប់​បន្ទាប់ និង​កង​ជីវពល​សមុទ្រ​នៃ​ស្រទាប់​ខាង​ក្រៅ​បង្អស់​នៃ​ការ​ការពារ»។

ភាព​តានតឹង​ទ្វេ​ភាគី

ការ​បង្កើត​កង​ជីវពល​សមុទ្រ​ថ្មី​នេះ​ក៏​ធ្វើ​ឡើង​ចំពេល​មាន​ភាព​តាន​តឹង​ជាក់​ស្ដែងរវាង​រដ្ឋាភិបាលភ្នំពេញ និង​ហាណូយ​ផង​ដែរ ដែល​ធ្លាប់​បាន​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ជា​«សម្ព័ន្ធ​មិត្ត​ជាប្រពៃណី»។ ប៉ុន្តែ​ក្រោយ​មក កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា​កាន់​តែ​ងាក​ទៅ​ចិន​ដែល​ផ្តល់​ជំនួយ​យ៉ាង​សន្ធឹក​សន្ធាប់ ខណៈ​ចិន​និង​វៀតណាម ក៏​មាន​ជម្លោះ​គ្នា​ក្នុង​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង។

ក្នុង​បទ​សម្ភាសន៍​មួយនាខែ​មិថុនា​នេះ​ជាមួយ​វីអូអេ ឧត្ដម​នាវីទោ ម៉ី ឌីណា នាយ​សេនាធិការ​មូលដ្ឋានសមុទ្រ​រាម បាន​រិះគន់​វៀតណាម​ថា​រួមគ្នា​ជា​មួយ​សហរដ្ឋ​អាមេរិក ដើម្បី​ទប់​ស្កាត់​ការ​ទទួល​ជំនួយ​របស់​ចិន​ដែល​ផ្តល់​ដល់​កម្ពុជា ដើម្បី​ធ្វើ​ទំនើប​កម្ម​មូល​ដ្ឋាន​សមុទ្រ​រាម និង​បង្កើន​សមត្ថភាព​ទ័ព​ជើង​ទឹក​របស់​ខ្លួន។

រូប​ឯកសារ៖ ទិដ្ឋភាពមូលដ្ឋានសមុទ្ររាម ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។ (អូន ឆេងប៉រ/VOA)

តែ​ការ​បារម្ភ​របស់​មន្ត្រី​ទ័ព​ជើង​ទឹក​កម្ពុជា​ទាក់ទិ​ន​នឹង​ការ​ប្រជែង​សមត្ថភាព​ដេញ​ពីក្រោយប្រទេស​ជិត​ខាងមិន​មែន​ជា​រឿងថ្មី​នោះ​ទេ។

កាល​ពី​ឆ្នាំ​២០១៦ នាយ​ឧត្ដមនាវី ទៀ វិញ មេ​បញ្ជា​ការ​កងទ័ព​ជើងទឹក​កម្ពុជា និង​ជា​ប្អូន​ប្រុស​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ប្រាប់​មន្ត្រី​ទ័ព​ជើង​ទឹក​ចិន​មួយ​រូប​ដែល​មក​បំពេញ​ទស្សន​កិច្ច​ថា​ខ្លួន​ចង់​ទិញ​នាវា​ប្រយុទ្ធ​របស់​ចិន២​គ្រឿង បំពាក់​ជូន​ទ័ព​ជើង​ទឹក​កម្ពុជា ក្នុង​អ្វី​ដែល​លោក​ថា​ដើម្បី​«កុំ​ឱ្យ​ប្រទេស​ជិត​ខាង​មើល​ងាយ»។

មិន​ទាន់​មាន​របាយការណ៍​ថា​តើការ​បញ្ជាទិញ​នោះ​បាន​សម្រេច​ឬ​នៅ ឬ​ក៏នា​វា​នោះ​ត្រូវ​បាន​ដឹកជញ្ជូន​មក​ឱ្យ​កម្ពុជា​ហើយ​ឬ​នៅ​នោះ​ទេ។

កាលពី​ឆ្នាំ​២០២០ ភាព​ចម្លែក​មួយ​បាន​កើត​ឡើង គឺ​ស្ថាប័ន​ស្រាវជ្រាវ​មួយ​របស់​ចិន​នៅ​សាកល​វិទ្យាល័យ​ប៉េកាំង (Peking University) បាន​ចេញ​ផ្សាយ​ទិន្នន័យ​ដ៏​ចម្រូងចម្រាស​មួយ​ថា​មាន​ទូក​នេសាទ​វៀតណាម​យ៉ាង​ហោច​២៥៧​គ្រឿង​បាន​ចូ​ល​នេសាទ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ក្នុង​ចន្លោះ​ខែ​មិថុនា និង​កក្កដា ឆ្នាំ​មុន ក្នុង​ទម្រង់​នៃ​ការ​នេសាទ​ខុស​ច្បាប់ មិន​ចុះទិន្នន័យ និង​មិន​នៅ​ក្នុង​ការ​ធ្វើនិយ័ត​កម្ម(IUU)។

វៀតណាម​ត្រូវ​បាន​វាយ​ប្រហារ​ថា​ឈ្លាន​ពាន​លុក​លុយ​ចូល​ប្រទេស​កម្ពុជានា​ឆ្នាំ​១៩៧៩ ដើម្បី​វាយ​រំលំ​របប​ខ្មែរ​ក្រហមដែល​រណប​ចិន និង​ផ្ចុង​ផ្ដើម​ជ្រោម​ជ្រែង​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វ​ថ្ងៃ​ឱ្យ​ចាប់​ផ្ដើម​របប​ដឹកនាំ​របស់​ខ្លួន​នា​គ្រា​នោះ។ ប៉ុន្តែ​សម្រាប់​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ នេះ​ជា​ការ​ជួយ​របស់​វៀតណាម ដើម្បី​ផ្តួល​រំលំ​កង​កម្លាំង​ខ្មែរ​ក្រហម ដែល​បាន​សម្លាប់​ប្រជាជន បង្អត់​អាហារ និងបង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង។

តែ​ស្រប​ពេល​នឹង​ឥទ្ធិពល​នយោបាយ​និង​សេដ្ឋកិច្ច​របស់​ចិន​ចេះ​តែ​កើនឡើង​នៅ​កម្ពុជា ជាមួយលំហូរ​វិនិ​យោគ ជំនួយ​យោធា និង​ថ្មីៗ​នេះ​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ បាន​នាំ​ឱ្យ​អ្នកវិភាគ​ព្យាករ​ថា​ទំនាក់​ទំនង​ភ្នំពេញ​និង​ហាណូយ​អាច​នឹង​រង្គោះរង្គើ​ដោយ​អន្លើ ដ្បិត​ហាណូយ​និង​ប៉េកាំង​មិន​ត្រូវរ៉ូវ​គ្នា​ផ្នែក​យុទ្ធសាស្ត្រ​និង​នយោបាយ។

លោក ប៉ូ​ សុវីនដា បេក្ខជន​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ Griffith ក្នុងប្រទេសអូស្ត្រាលី លើក​ឡើងថា​ ចាប់​តាំង​ពីឆ្នាំ២០១២​មក ចំ​ពេល​ដែលឥទ្ធិពល​និង​ជំនួយ​ចិន​កើន​ឡើង​នៅ​កម្ពុជា មន្ត្រី​កម្ពុជា​ហ៊ាន​និយាយ​ឬ​ធ្វើ​សកម្មភាព​ជំទាស់​នឹង​វៀតណាម​ជាង​មុន លើ​រឿង​ដែល​ខ្លួន​មិន​យល់​ស្រប។

អ្នក​សិក្សា​រូប​នេះ​បាន​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​គិត​ថា​នេះ​ជា​ទំនុកចិត្ត​មួយ​ដែល​ចិន​ផ្ដល់​ឱ្យ​កម្ពុជា។ យើង​គិត​មើល​ជំនួយ​ចិន ទាំង​សេដ្ឋកិច្ច​ ​ទាំង​យោធា គ្រប់​សព្វ​បែប​យ៉ាង​ដែល​ផ្ដល់​ឱ្យ​កម្ពុជា ហាក់​ដូច​ជា​ទំនុក​ចិត្ត​មួយ​ឱ្យ​កម្ពុជា​យល់បាន​ថា កម្ពុជា​មាន​ចិន​ជា​ខ្នង​បង្អែក ដល់​អ៊ីចឹង​ទៅ​បាន​មាន​ការ​ប្រើ​ពាក្យ ព្រលយ​ពាក្យ​មួយ​ចំនួនទៅ​វៀតណាម»។

ក្នុង​ការ​ជម្នះ​ជាក់​ស្ដែង​នឹង​បំណង​របស់វៀតណាម រដ្ឋបាល​រាជធានី​ភ្នំពេញ កាល​ពី​ដើម​ខែ​មិថុនា បាន​ប្រកាស​ការ​បណ្ដេញ​ចេញ​ទ្រង់​ទ្រាយ​ធំ​នៃ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក​រាប់​ពាន់ ពី​ដង​ទន្លេនានា​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំ​ពេញដែល​ភាគ​ច្រើន​ជា​កម្មសិទ្ធិ​របស់​អន្តោប្រវេសន៍​វៀតណាម ឬ​សហគមន៍​ដើម​កំណើត​វៀតណាម។ ការ​ធ្វើ​អន្តរា​គមន៍​ដោយ​ផ្ទាល់​ពី​សំណាក់​លោក Vu Quang Minh ឯក​អគ្គរដ្ឋទូត​វៀតណាម​ដែល​បាន​បញ្ចេញ​ការ​ជំទាស់​ដោយ​ចំហ​ទៅ​នឹង​វិធាន​ការ​នេះ មិន​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ។

ផ្ទះបែត្រីរបស់ប្រជាពលរដ្ឋវៀតណាមនៅមុខវត្តគ្រួស ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

នៅ​ក្នុង​ជំនួប​មួយ​កាល​ពី​សប្តាហ៍​មុន លោក​នាយឧត្តមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ អគ្គ​នាយក​អន្តោ​ប្រវេសន៍​បាន​ស្នើ​ឲ្យ​វៀតណាម​បន្ត​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ធ្វើ​យ៉ាង​ណា​បំពេញ​បែប​បទ ដើម្បី​បញ្ជូន​បណ្ដាជន​ដែល​គ្មាន​ឯកសារ​រស់នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ទៅ​ប្រទេស​វៀតណាម​វិញ​ឲ្យ​បាន​ឆាប់។

ក្នុង​សៀវ​ភៅស​ការពារជាតិ​របស់​វៀតណាម ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ទីក្រុង​ហាណូយ​ព្រមាន​ថា​ខ្លួន​«ប្រឆាំងជំទាស់នឹងរាល់ទង្វើជ្រៀត​ជ្រែកនិងបំបែក​បំ​បាក់នូវទំនាក់ទំនងទ្វេ​ភាគី»​ជាមួយ​ទីក្រុង​ភ្នំពេញ ក្នុង​អ្វីដែ​លអ្នក​វិភាគ​លើក​ឡើង​នាគ្រា​នោះ​ថា​ហាក់​សំដៅ​ទៅលើប្រទេស​ចិន។

បណ្ឌិត ផាត់ កុសល អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ក្រុង New York (CUNY) បាន​លើក​ឡើង​ថា​មេដឹកនាំ​វៀតណាម​មាន​ភាព​ប្រុង​ប្រយ័ត្ន​និង​កំពុង​ប្រើ​ប្រាស់«សម្ពាធដែល​មាន​ការ​វាស់​វែង» ជាមួយ​កម្ពុជា​ដែល​ស្និទ្ធ​នឹង​ចិន​កាន់​តែ​ខ្លាំង​ឡើង។

អ្នកជំនាញ​រូបនេះ​សរសេរក្នុ​ងសារ​អេឡិច​ត្រូនិក​ថា៖ «ថ្នាក់​ដឹកនាំ​នៃ​គណបក្ស[ប្រជាជន​កម្ពុជា​កំពុង]​កាន់​អំណាច​ក្រោម​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​នូវ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ស្របៗ​គ្នា​ដើម្បី​ថែរក្សា​ទំ​នាក់ទំ​នង​ជា​ប្រពៃណី​ជាមួយ​បក្ស​កុម្មុយ​និស្ដ​វៀតណាម​ផង ព្រម​ពេល​ដែល​ខ្លួន​ក្រសោប​ការ​រីក​ត្រដែត​ឡើង​នៃ​ប្រទេស​ចិន​ផង។ នា​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ ហ៊ុន សែន បានរ​ក​ឃើញ​ជា​តឹក​តាង​ថា​ទំនាក់​ទំនង​នេះ​កំពុង​ស្ថិតក្នុង​មូលដ្ឋាន​មួយ​ដែល​រង្គោះរង្គើ»។

ឥទ្ធិពល​លើ​ការ​ចរចា​កំណត់​ខណ្ឌ​សីមា​ព្រំដែន​ទឹក​

កម្ពុជា​និង​វៀតណាម​បាន​សម្រេច​ការ​កំណត់​ខណ្ឌ​សីមា​និង​បោះបង្គោល​ព្រំដែនគោក​បាន​ប្រមាណ៨៤%​នៃ​ខ្សែ​បណ្ដោយ​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ប្រវែង​ជាង​១ពាន់​គីឡូម៉ែត្រ។ តែ​តំបន់​ព្រំដែន​ទឹក​ក្នុង​ឈូង​សមុទ្រ​ថៃ​មិន​ទាន់​ដំណើរ​ការ​ចរចា​នៅ​ឡើយ​ទេ។

កាល​ពី​ខែ​កក្កដា​ឆ្នាំ២០១៨ ក្រសួង​ការបរទេស​កម្ពុជា​បាន​ផ្ញើ​កំណត់ទូត​មួយ​ជំទាស់​តវ៉ា​នឹង​ការ​សាង​សង់សំណង់​សសរ​បេតុង​របស់​យោធា​វៀតណាម ក្នុង​តំបន់​ទឹក​ក្បែរ​កោះ​សេះ ក្នុង​តំបន់ព្រំដែន​សមុទ្រ​ដែល​មិន​ទាន់​កំណត់​ខណ្ឌ​សីមា​រវាង​ប្រទេស​ទាំង​ពីរ។​

សៀវភៅ​ស​ការពារ​ជាតិ​របស់​វៀតណាម​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ឲ្យ​ដឹង​ទៀត​ថា​ទីក្រុង​ហាណូយ​នឹង​«អង្កេត​ដោយ​ខ្ជាប់​ខ្ជួន»​នូវ​ការ​បន្ត​អនុវត្ត​កិច្ចព្រម​ព្រៀង​កម្ពុជា-វៀតណាមឆ្នាំ​១៩៨២​អំពី​តំបន់​ទឹក​ប្រវត្តិ​សាស្ត្រ នៅ​ចន្លោះខេត្ត​កំពត កោះ​ត្រល់​ ឬ Phu-Quoc កោះ​ក្រចក​សេះ​ឬ Tho-Chu និងកោះ​ពូលូវ៉ៃ។

កង​ទ័ព​ជើង​ទឹក​វៀតណាម​ខ្លួន​ឯង​បាន​តាំងទី​បញ្ជាការ​ធំ​នៃ​យោធ​ភូមិភាព​ទ័ព​ជើងទឹក​ទី៥​របស់​ខ្លួន ​នៅ​មូលដ្ឋាន​សមុទ្រ An Thoi នៅ​ចុង​ខាង​ត្បូង​បំផុត​នៃ​កោះ​ត្រល់​ឬ Phu Quoc។

លោក ប៉ូ​ សុវីនដា បេក្ខជន​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ Griffith និយាយ​ថាការ​ពង្រីក​កង​ទ័ព​ជើង​ទឹក​វៀតណាម និង​ការ​ដាក់​ពង្រាយ​កង​ជីវពល​សមុទ្រ​បង្ហាញ​ពី​ការ​ព្យាយាម​យក​ប្រៀប​របស់​វៀតណាម ក្នុង​ការ​ចរចា​កំណត់​ខណ្ឌ​សីមា​ព្រំដែន​ទឹក​ដែល​មិន​ទាន់​ចាប់​ផ្ដើ​ម។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​តើ​មាន​អ្វី​យក​ទៅ​ចរចា​ជាមួយ​វៀតណាម​ខ្លះ​ដែរ។ យើង​អាច​ប្រើ​ប្រាស់​ច្បាប់អន្តរជាតិ​ច្បាប់​សមុទ្រ​អន្តរជាតិ ឬ​ក៏​យើង​ប្រើ​អំណាច​[និង]​កត្តា​ចិន​អ៊ី​ចឹង​ទៅ តែ​នេះ​ខ្ញុំ​មិ​ន​ដឹង​ថាតើ​យុទ្ធ​សាស្ត្រ​អ្វី​មួយ មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចរចា​ជាមួយ​វៀតណាម​ទៅ​ថ្ងៃ​អនាគត បើ​សិនជា​វៀតណាម ​Push Forward អាហ្នឹង​មក​ខ្លាំង​ដែរ រុញ​វត្តមាន​យោធា​របស់​ខ្លួន​មក​កៀក​ជាមួយ​ដែន​សមុទ្រ​កម្ពុជា​ខ្លាំង នោះ​នាំ​ឱ្យ​ស្ថា​នភាព​រឹត​តែ​តាន​តឹ​ង​ក្នុង​តំបន់​នោះ»។

ស្ថានទូត​វៀតណាមប្រចាំ​នៅ​កម្ពុជា​មិន​ឆ្លើ​យ​តបនឹង​សំណួរ​ក្នុង​សារ​អ៊ីមែល​របស់​វីអូអេ ដើម្បីសុំ​ការ​បំភ្លឺនៅ​ឡើយ​ទេ៕